ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា កម្ពុជា ធ្លាប់បានទទួលទេសចរណ៍ពីចិន នៅមុនវិបត្តិជំងឺកូវីដ មានចំនួនជាង ២លាននាក់ ហើយទស្សនៈកិច្ចចុងក្រោយរបស់សម្តេច អញ្ជើញទៅកាន់ប្រទេសចិន កាលពីខែកុម្ភៈ កន្លងទៅនេះ ពេលនោះ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង បាននិយាយជាមួយសម្តេចយ៉ាងច្បាស់ណាស់ គឺកម្ពុជា ជាប្រទេសទី១ បានបើកដំណើរការប្រទេសឡើងវិញ ជាមួយនឹងវិស័យទេសចរណ៍។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថាន វ៉ាន់ដាចំនួន ៤.៧០៥ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ក្រោយពីប្រទេសបើកដំណើរវិញភ្លាម គឺភ្ញៀវទេសចរណ៍បានចូលមកទស្សនាកំសាន្តនៅកម្ពុជា តាមរយៈជើងហោះហើរ ក្នុងមួយសប្តាហ៍ មានចំនួន ៣០០ជើងហោះហើរ ដូច្នេះ បើបានភ្ញៀវចរណ៍ចិនចូលមកកម្ពុជា បានចំនួនចាប់ពី ៣ ទៅ ៥លាននាក់ក្នុងមួយឆ្នាំ គឺជាការល្អ ពីព្រោះប្រទេសថៃ គេប្រឹងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យបានច្រើនប្រមាណ ១០លាននាក់ នេះដោយសារប្រទេសគេធំ រីឯប្រទេសសឹងហ្គាពួរ និងប្រទេសផ្សេងៗ ក៏ខំប្រឹងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។
សូមបញ្ជាក់ថា, នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីការតស៊ូក្នុងការធ្វើកំណែទម្រង់ក្នុងបក្សអំឡុងពេលដែលកម្ពុជាផ្ដួលរំលំរបបខ្មែរក្រហម។ សម្ដេចបានរម្លឹកពីការលំបាកក្នុងការតស៊ូក្នុងគណបក្សដើម្បីកែទម្រង់នយោបាយ និងសេដ្ឋកិច្ចកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អំឡុងទស្សវត្ស៨០ ក្រោយពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យកម្ពុជាមានបញ្ហា២ដែលត្រូវប្រឈមគឺការស្វែងរកសន្ដិភាព និងស្ដារសេដ្ឋកិច្ច។ សម្ដេចបន្ថែមថាដោយសារកម្ពុជាជាប្រទេសសង្គមនិយមនៅពេលនោះដែលពឹងផ្អែកលើសេដ្ឋកិច្ចផែនការនិងកម្មសិទ្ធសមូហភាពបានធ្វើឱ្យប្រជាជនគ្មានមហិច្ចតាក្នុងការធ្វើការងារនោះទេ ខណៈដំណោះស្រាយនយោបាយនៅពេលនោះគឺមិនចរចារជាមួយខ្មែរក្រហមនោះទេ។
សម្ដេចតេជោ បន្ថែមថា៖ «ផ្ទៃក្នុងខ្លួនឯងអត់យល់ថាអ្វីដែលជាដំណោះស្រាយដើម្បីបញ្ចប់សង្គ្រាម និងមិនយល់ទេអ្វីដែលជាសេដ្ឋកិច្ចទីផ្សារសេរី»។
សម្ដេចនាយករដ្ឋមន្ត្រីបន្ថែមទៀតថាដើម្បីកែទម្រង់នេះសម្ដេចត្រូវប្រឈមជាច្រើនជាពិសេសផ្ទៃក្នុងបក្សខ្លួនឯងតែម្ដង និងប្រឈមនឹងការផ្ដាច់ជំនួយពីសហភាពសូវៀតថែមទៀត តែដោយសារសូវៀតមិនចាំថ្នាក់រឿងកំណែទម្រង់នេះទើបជំនួយចេះតែបន្តដែលអនុញ្ញាតឱ្យសម្ដេចអនុវត្តន៍កំណែទម្រង់បានសម្រេចជោគជ័យដល់បច្ចុប្បន្ន៕
ដោយ : សិលា