ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសមិនទទួលយកការសុំទោសណាមួយពីអ្នកដែលប្រមាថដល់ព្រះមហាក្សត្រ និងបំផ្លាញនូវកេរ្តិ៍ឈ្មោះនាយករដ្ឋមន្ត្រី។
ការប្រកាសរបស់សម្ដេចតេជោ នាពេលនេះគឺបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនសកម្មជនប្រឆាំង២នាក់ គឺលោក ហ៊ុន កុសល និងលោក យឹម ស៊ីណន កាលពីយប់មិញទាក់ទងនឹងការបង្ហោះសារប្រមាថលើចេស្ដាព្រះមហាក្សត្រ។ សម្ដេចតេជោថាសម្ដេចមិនលើកលែងនោះទេចំពោះអ្នកដែលមូលបង្កាច់ខុសពីការពិត។
សម្ដេចថា៖ «លើកនេះសំពងហើយកុំថាសំពងលើសិទ្ធិបញ្ជេញមតិ តែសំពងលើអ្នកដែលមួលបង្កាច់»។
ជាមួយគ្នានេះសម្ដេចក៏ស្នើដល់គ្រប់ទូរទស្សន៍ទាំងអស់ចាក់ផ្សាយឡើងវិញនូវព្រឹត្តិការណ៍ប្រទានភ្លើងព្រះអគ្គីដោយព្រះមហាក្សត្រ កាលពីថ្ងៃទី២១ ខែមីនា ម្សិលមិញដើម្បីឱ្យពលរដ្ឋបានឃើញពីការគោរពរបស់សម្ដេចចំពោះព្រះមហាក្សត្រផងដែរ។
សូមបញ្ជាក់ថា, ជនសង្ស័យ យឹម ស៊ីណន និង ហ៊ុន កុសល ដែលអតីតសកម្មជនក្រុមប្រឆាំង ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីបង្ហោះសារបែបញុះញង់តាមបណ្តាញសង្គមពាក់ព័ន្ធនឹងរូបភាព ព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។
ព្រះឆាយាល័ក្ខណ៍ (រូបភាព) ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ត្រូវបានសមាជិកក្រុមប្រឆាំងមួយចំនួន យកទៅបង្ហោះបន្តបន្ទាប់វាយប្រហារតាមទស្សនៈផ្សេងៗ ដោយគ្រាន់តែយករូបភាពជ្រុងណាមួយ ហើយធ្វើការប្រៀបធៀបវាយប្រហារលើសម្តេចតេជោ ហ៊ុន សែន បណ្តាលឱ្យសាធារណជនមានការភាន់ច្រឡំ។
ស្របជាមួយនឹងយុទ្ធនាការវាយប្រហារនេះ យឹម ស៊ីណន បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកដូច្នេះថា៖ «បើតាមសំលេងពលរដ្ឋតាមហាង កាហ្វេ៖ ថ្ងៃនេះយើងអាច ឃើញច្បាស់ថានរណាជាស្តេច ផែនដីពិតប្រាកដ»។
ចំណែក ហ៊ុន កុសល ក៏បានបង្ហោះដែរថា៖ «ឃើញពួកគេធ្វើបាបព្រះទ័យ នឹងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយប្តេជ្ញានឹងប្រើសមត្ថភាពដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្កដែលប្រជារាស្ត្រខ្មែរមិនអាចខ្វះបាន»។
តាមរយៈបណ្តាញសង្គម និង Comment នៅលើការបង្ហោះក្នុងហ្វេសប៊ុកមួយរបស់ យឹម ស៊ីណន, សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការបង្ហោះពាក់ព័ន្ធលើបញ្ហានេះ ជារឿងបំភ្លៃ។ សម្តេចបានបញ្ជាក់ថា៖ «មានតែព្រះមហាក្សត្រទេដែលព្រះអង្គដឹងច្បាស់»។ សម្តេចក៏បានឆ្លើយឆ្លងបន្ថែមទៀតថា៖ «បើគ្មានទោសទើបចម្លែកព្រោះ នេះមិនមែនជា របៀបបញ្ចេញមតិទេតែជាការបំភ្លៃការពិតមួយដោយចេតនា។ ទោះយ៉ាងណាយើងទុកជូនតុលាការជាអ្នកកាត់ក្តី»។
សូមបញ្ជាក់ថា, ប្រជានុរាស្ត្រ សូមប្រកាសជាឱឡារិក គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជានិច្ចនិរន្តរ៍ ៕
ដោយ : សិលា