ជនបរទេស២នាក់វាយគ្នារហូតដល់ម្នាក់ដេកពេទ្យនិងម្នាក់ទៀតជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ ជនបរទេស២នាក់បានវាយតប់គ្នាបណ្ដាលឲ្យម្នាក់បានរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ហើយម្នាក់ទៀតត្រូវកម្លាំងនគរបាលប៉ុសិ៍វត្តុភ្នំ ឃាត់ខ្លួនបន្ទាប់ពីប្រើអំពើហិង្សាដាក់គ្នា ។

ករណីហិង្សារវាងជនបរទេសទាំង២នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំនុចមុខបារទន្លេសាប ផ្លូវលេខ១៣កែងផ្លូវលេខ១០៦ ក្នុងសង្កាត់វត្តុភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យម្នាក់ឈ្មោះ NICHOLAS O’NEILL ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិអាយឡែន មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ហ្គោលឌិនហោន ផ្លូវ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយបណ្តាលឲ្យរបួសធ្ងន់) ។ ចំណែកឯជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៣៥ ឆ្នាំ ជាជនជាតិបរទេសស្បែកស (កំពុងសម្រាកកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត)។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិស្បែកសរ២នាក់ប្រហែលទើបតែចេញពីផឹកស៊ីអស់ពេញមួយយប់ទល់ភ្លឺបានដើរឈ្លោះគ្នា លុះដើរមកដល់ចំណុចកើតហេតុស្រាប់តែមិនដឹងមានទំនាស់រឿងអ្វីនោះទេ ក៏ចេញក្បាច់គុណរៀងៗខ្លួន វាយគ្នាមួយប្រាវ បណ្តាលឲ្យភាគីម្ខាងរងរបួសធ្ងន់ផ្អើលប្រជាពលរដ្ឋជិតខាងចោមរោមមើលព្រមទាំងជួយឃាត់ហើយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកឃាត់ខ្លួនជនបង្កតែម្តង ។ ចំណែកឯភាគីម្ខាងទៀតត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែតផងដែរ ។ ចំណែកជនដៃដល់ដែលជាជនជាតិបរទេសត្រូវបាននគរបាលប៉ុស្តិ៍វត្តភ្នំនាំខ្លួនមកប៉ុស្តិ៍ដើម្បីសាកសួរទាំងសភាពហាក់បីដូចជាឆ្លើយមិនដឹងខុសត្រូវព្រោះនៅស្រវឹងស្រាមិនទាន់ស្វាងផង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីធ្វើការសាកសួរនិងកសាងសំនុំរឿង ចាត់ការតាមនីតីវិធីនៃច្បាប់៕

1 (1)

1 (3)

1 (4)

1 (5)

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print