ភ្នំពេញ : សូមបញ្ជាក់ថា, នេះប្រសាសន៍សំខាន់ៗរបស់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីបើកសមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន “នាគមាស-ឆ្នាំ២០២៣” នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិសាស្ត្រឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ព្រះរាជាណាចក្រកម្ពុជា នៅ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ មានចំនួន ៤ចំណុចសំខាន់ ដូចខាងក្រោម :
១. សូមអបអរសាទរចំពោះការរៀបចំ “សមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នាគមាស-ឆ្នាំ២០២៣” ដែលជាការរៀបចំលើកទី៥ ចាប់តាំងពីឆ្នាំ២០១៦ មក បន្ទាប់ពីអាក់ខានរយៈពេល ២ ឆ្នាំជាប់គ្នា ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ និងសូមថ្លែងនូវការកោតសរសើរចំពោះគណៈកម្មការដឹកនាំសមយុទ្ធនាគមាស-ឆ្នាំ២០២៣ ដែលបានសហការបំពេញការងារជាមួយគ្នាយ៉ាងស្អិតរមួតចាប់តាំងពីដំណាក់កាលរៀបចំផែនការដំបូង រហូតឈានមកដល់ដំណើរការពិធីបើកនាពេលនេះ ព្រមជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះការចូលរួមប្រកបដោយការប្តេជ្ញាចិត្តរបស់កម្មសិក្សាការីនៃកងទ័ពទាំងពីរកម្ពុជា-ចិន។
២. សមយុទ្ធនាគមាសលើកទី៥ នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពទាំងពីរកម្ពុជា-ចិន” ហើយគឺជាផ្នែកមួយនៃយន្តការអនុវត្តក្នុងក្របខ័ណ្ឌនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ដែលត្រូវបានឯកភាពគ្នារវាង សម្តេចតេជោ នាយករដ្ឋមន្ត្រី និង ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ក្នុងជំនួបនៅរដ្ឋធានីប៉េកាំងកាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ហើយក៏ស្របពេលដែលឆ្នាំ២០២៣នេះ ត្រូវបានកំណត់ជាឆ្នាំមិត្តភាពកម្ពុជា-ចិន ដោយក្នុងនេះប្រទេសទាំងពីរបានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវដំណើរការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន សំដៅថែរក្សាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។
៣. ការចាត់តាំងធ្វើសមយុទ្ធនាគមាសលើកទី៥ នេះ ពិតជាឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរភារកិច្ចចំពោះមុខរបស់កងទ័ពនៃប្រទេសទាំងពីរ រួមទាំងតម្រូវការនៃកិច្ចសហប្រតិបត្តិការដើម្បីថែរក្សាសន្តិសុខនៅក្នុងតំបន់ ដោយក្នុងនេះយើងរំពឹងនឹងទទួលបាននូវបទពិសោធន៍ជាក់ស្តែងលើការងារ និងទិសដៅមួយចំនួន ដូចជា៖ (i) ការផ្លាស់ប្តូរបទពិសោធន៍លើប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងប្រតិបត្តិការជួយសង្គ្រោះមនុស្សធម៌ក្នុងគ្រោះមហន្តរាយផ្សេងៗ និង (ii) ការលើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស, ប្រជាជន និងកងទ័ពទាំងពីរ តាមរយៈការបង្កើនទំនុកចិត្ត, ការប្រាស្រ័យទាក់ទងរាប់អានគ្នារវាងយោធិនជាលក្ខណៈបុគ្គល និងការស្វែងយល់អំពីវប្បធម៌គ្នាទៅវិញទៅមក ក៏ដូចជាការលេងកីឡាជាមួយគ្នា។
៤. បច្ចុប្បន្ន ព្រះជាណាចក្រកម្ពុជាបានខិតខំពុះពាររក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈយ៉ាងល្អប្រសើរ នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ ជាពិសេសជោគជ័យនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដោយមានការចូលយ៉ាងសកម្មពីសំណាក់កងយោធពលខេមរភូមិន្ទ។
៥. ប្រាកដណាស់ យើងមិនអាចប្រមើលមើលឃើញជាមុនអំពីការកើតឡើងនូវគ្រោះមហន្តរាយ ឬជំងឺឆ្លងរាតត្បាតថ្មីទៀតនៅពេលខាងមុខឡើយ ជាពិសេសក្នុងបរិការណ៍នៃការប្រែប្រួលប្រព័ន្ធអេកូឡូហ្ស៊ី និងការកើនកម្តៅនៃអាកាសធាតុពិភពលោក។ កត្តានេះបានតម្រូវឱ្យកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់ និងសាកលលោក ត្រូវត្រៀមខ្លួនជានិច្ចក្នុងការបង្ការទប់ស្កាត់ និងឆ្លើយតប។ អនុលោមតាមស្ថានភាពនេះ, សមត្ថភាពប្រុងប្រៀបត្រៀមលក្ខណៈរបស់កងកម្លាំងប្រដាប់អាវុធក្នុងការឆ្លើយតបចំពោះស្ថានភាពជាយថាហេតុនានាឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព គឺជាអាទិភាពដ៏សំខាន់មួយនៃផែនការយុទ្ធសាស្ត្ររបស់កម្ពុជា។ ក្នុងនោះផងដែរ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងសាកលលោក ក៏នឹងជួយដល់ការពង្រឹងភាពជាដៃគូ និងសមត្ថភាពជំនាញរបស់កងយោធពលខេមរភូមិន្ទក្នុងនាមជាកម្លាំងនាំមុខក្នុងប្រតិបត្តិការសង្គ្រោះឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕
ដោយ : សិលា