ខេត្តបាត់ដំបង៖ បុរសម្នាក់មានមុខរបរដឹកនំប៉័ងយកទៅដាក់ឲ្យម៉ូយ បែបប្រញាប់បើកម៉ូតូលឿនដូចហោះ ក៏បានរេចង្កូតជ្រុលទៅបុកព្រះសង្ឃ កំពុងនិមន្តបិណ្ឌបាត តាមដងផ្លូវ បណ្ដាលឲ្យដួលបោកទៅលើផ្លូវ អូសដាច់មុខមាត់ ជើង ដងខ្លួនយ៉ាងធ្ងន់ធ្ងរ។
ករណីគ្រោះថ្នាក់ចរាចរដោយការធ្វេសប្រហែសនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្រុមទី៨ ភូមិព្រែកកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
តាមសាក្សីដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុគឺមានព្រះសង្ឃជាច្រើនអង្គ បាននិមន្តបិណ្ឌបាតតាមដងផ្លូវ ស្រាប់តែគេឃើញម៉ូតូរបស់បុរសម្នាក់កំពុងជិះម៉ូតូដឹកនំប័ុង១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ស៊េរី២០០៧ ពាក់ស្លាកលេខ បាត់ដំបង 1C-5106 បានបើកយ៉ាងលឿនដ៏ប្រញាប់ប្រញាល់ បង្កឲ្យរេចង្កូតទៅបុកនិងព្រះសង្ឃ រួចក៏ដួលខ្លួនឯងប្រកាច់ប្រកិនពេញផ្លូវ។ ដោយឡែកព្រះសង្ឃមិនមានរងរបួសអ្វីនោះឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចក៏បានជួយអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះរូបនេះទៅកាន់មន្ទីរពេទ្យអ៊ីមេចិនស៊ី ដើម្បីសង្គ្រោះ ដោយស្ថានភាពមុខរបួសធ្ងន់ធ្ងរ ហើយក៏មិនទាន់ដឹងនៅឡើយថា ជនរងគ្រោះមានអាសយដ្ឋាន អត្តសញ្ញាណ ខណៈមិនទាន់ដឹងខ្លួននិយាយបានច្បាស់លាស់នៅទេ។ ប៉ុន្តែគេសន្និដ្ឋានថា ជនរងគ្រោះអាចជាបុគ្គលិកហាងនំប័ុងនៅក្រុងបាត់ដំបង ធ្លាប់ដឹកនំឲ្យម៉ូយជាប្រចាំ តែបណ្ដាលមកពីហួសម៉ោងទើបប្រឹងបន្ថែមល្បឿនដូចម៉ូតូប្រណាំង កើតទៅជារឿងគ្រោះថ្នាក់តែមួយពព្រិចភ្នែក៕



ដោយ៖ សុខ ខេមរា
...