កុមារី២នាក់បានលង់ទឹកស្លាប់ខណ:ដែលពួកគេនាំគ្នាទៅរកបេះផ្លែឈូកនៅក្នុងបឹងចុងភូមិ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្មេងស្រីអាយុជាង១០ឆ្នាំចំនួន២នាក់ក្នុងចំណោមគ្នីគ្នាចំនួន៤នាក់ បានស្លាប់ ខណ:ដែលពួកគេនាំគ្នាទៅរកបេះផ្លែឈូកនៅក្នុងបឹងចុងភូមិ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងថ្ងៃ។

    មន្ត្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថា កម្លាំងជំនាញបានទទួលសេចក្តីរាយការណ៍គឺនៅវេលាម៉ោង​១រសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ថា មានមនុស្សស្លាប់នៅចំណុចអាងកំពង់គោ ស្ថិតក្នុងភូមិវត្តកណ្តាល ឃុំរាំងកេសី 

ស្រុកសង្កែ ខេត្តបាត់ដំបង ទើបចាត់កម្លាំងដើម្បីចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ។

    តាមការបំភ្លឺពីក្មេងប្រុសឈ្មោះ ម៉ៅ ដារ៉ា អាយុ១៣ឆ្នាំ រស់នៅភូមិឃុំកើតខាងលើបានរៀបរាប់ថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១១ថ្ងៃត្រង់  ខ្លួននិងប្អូនស្រីឈ្មោះ ម៉ៅ ដានី បាននាំគ្នាទៅលេងទឹក​នៅអាង​កំពង់គោជាមួយឈ្មោះ ណាក់ នីសា និងឈ្មោះលក្ខិណា។ ពេលទៅដល់ប្អូនស្រីខ្លួននិងឈ្មោះ ណាក់ នីសា បានលោតទឹកលេងទាំងពីរនាក់ ចំណែកខ្លួន និងឈ្មោះ លក្ខិណា ក៏លោតទឹកទៅតាមក្រោយដែរ។

     សាក្សីខាងលើនេះបានបន្តថា ក្រោយពេលលោតទឹករួច ទើបដឹងថា ទឹកជ្រៅ ធ្វើឱ្យប្អូនស្រីខ្លួននិងឈ្មោះនីសា លង់ទឹក ឯខ្លួននិងឈ្មោះ លក្ខិណា ក៏បានស្រវេស្រវាឡើងគោក រួចរត់ទៅផ្ទះប្រាប់ឪពុកម្ដាយនិងអ្នកជិតខាងឱ្យជួយ តែពេលអ្នកភូមិនិងឪពុកម្តាយមកដល់ ពួកគេស្លាប់បាត់ទៅហើយ។

    សមត្ថកិច្ចក៏បានអះអាងដែរថា នេះជាករណីលង់ទឹកស្លាប់ពិតប្រាកដមែន ដោយសារតែកន្លែងកើតហេតុជាអាងមានទឹក​ជម្រៅជាង ៣ ម៉ែត្រ ដែលធ្វើឱ្យក្មេងលង់ ព្រោះពួកគេមិនចេះហែលទឹក ។ បច្ចុប្បន្នក្រុមគ្រួសារបាននាំសពក្មេងស្រី​ទាំង២​នាក់យកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print