ខេត្តបន្ទាយមានជ័យ៖ ដើមពង្រដែលមានទំហំ៣ឱបមានអាយុកាលជាង១០០ឆ្នាំបានរងគ្រោះដោយខ្យល់កន្ត្រាក់ធ្វើឱ្យដួលរលំត្រូវបានូលើកបញ្ឈរនិងដាំឡើងវិញនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នៅបរិវេណវិទ្យាល័យថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ។
លោក លីវ គុណ មេឃុំថ្មពួកបានប្រាប់ថា៖ កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នៅស្រុកថ្មពួកមានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលប៉ះពាល់២ឃុំនិងខូចខាតផ្ទៈសម្បែងប្រជាពលរដ្ឋចំនួន១៩០ខ្នង មានអគារសាលារៀន៥ខ្នងត្រូវបានប៉ើងដំបូលនិងដើមឈើជាច្រើនដើមត្រូវបានរលំដួលក្នុងនោះមានដើមពង្រ១ដើមមានអាយុកាលជាង១០០ឆ្នាំត្រូវបានដួលដល់ដីនៅក្នុងបរិវេណវិទ្យាល័យថ្មពួកផងដែរ។
លោកបានបញ្ជាក់ថា៖ ក្រោយដើមពង្រ១ដើមក្នុងបរិវេណវិទ្យាល័យថ្មពួកបានដួលដល់ដីដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងនាមអាជ្ញាធរឃុំនិងលោកគ្រូ.អ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្សបានសម្រេចកាត់មែកចេញដាំឡើងវិញដើម្បីអភិរក្សទុកអោយកូនចៅបានឃើញ។
លោក លីវ គុណ បានបញ្ជាក់ថា៖ ដើមពង្រដែលមានអាយុកាលជាង១០០ឆ្នាំត្រូវបានកាត់មែកចេញហើយដាំឡើងវិញនេះនឹងត្រូវចំណាយថវិកាជាង១លានរៀលដោយជួលកម្មករកាត់មែកចេញនិងឱ្យអេស្កាវ៉ាទ័រលើកបញ្ឈរឡើងវិញហើយដាក់ទុយោទឹកសម្រាប់ស្រោចនិងធ្វើខឿនជុំវិញសម្រាប់ទប់ដើមជាកន្លែងសម្រាប់សិស្សអង្គុយលេង៕ ដោយវណ្ណា