ខេត្តមណ្ឌលគិរី÷សាកសពដំរីព្រៃញី១ក្បាលត្រូវបានប្រទះឃើញស្លាប់ នៅចម្រាំងភ្នំថ្មមួយកន្លែងត្រង់ចំណុចក្រុមចុងរ៉ាង ភូមិពូហ្យាម ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយសមត្ថកិច្ចនិងក្រុមការងារអង្គការ wcs បញ្ជាក់ថា សត្វដំរីនោះមិនមានកូននៅក្នុងពោះទេ។
សត្វដំរីព្រៃញីមួយក្បាលសង្ស័យ រអិលជើងធ្លាក់ចម្រាំងភ្នំងាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០២៣ ត្រង់ចំណុចក្រុមចុងរ៉ាង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋប្រទះសពសត្វដំរីហើយរាយការណ៍ដល់សមត្ថកិច្ចជំនាញ ក៏ចុះទៅដល់កន្លែងកើតហេតុ រួមមានកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង សការជាមួយកម្លាំងបរិស្ថានស្នាក់រងរកាថ្មី និងមន្ត្រីក្រុមការងារអង្គការ WCS រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្រុមការងារបានចុះដល់ទីតាំងជាក់ស្តែង បានឃើញសាកសពសត្វដំរីព្រៃញីងាប់នៅជាប់អូរ ដែលមានភិនភាគ ហើមស្អុយ ហើយស្ថានភាពសណ្ឋានដីច្រាំងថ្មចោតខ្លាំង។ ពេលដល់ទីតាំងកើតហេតុ ក្រុមការងារ បានធ្វើការវាស់វែងសត្វដំរី ដែលមានបណ្តោយ៤,២ ម៉ែត្រ, កម្ពស់២,៣ម៉ែត្រ, ទំហំជើងមុខ០.៧២ម៉ែត្រ និងជើងក្រោយ០.៥៨ម៉ែត្រ។
ក្រោយពីក្រុមការងារមន្ទីរបរិស្ថានបានពិនិត្យ និងធ្វើកោសល្យវិច្ឆ័យ ជាមួយក្រុមការងារមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងក្រុមពសុពេទ្យរបស់អង្គការ WCS ,WWF បានពិនិត្យឃើញថា ដំរីបានស្លាប់នោះ មិនមានកូននៅក្នុងពោះឡើយ៕