ក្រសួងបរិស្ថានសោកស្ដាយការបាត់បង់សត្វដំរីព្រៃញី មួយក្បាលនៅស្រុកអូររាំង នៅខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី÷ក្រសួងបរិស្ថានបានបង្ហាញពីការ សោកស្ដាយដែលសត្វដំរីព្រៃញី១ក្បាលនៅខេត្តមណ្ឌល គិរីត្រូវបានស្លាប់ដោយសង្ស័យថា រអិលជើងធ្លាក់ចម្រាកភ្នំស្លាប់កាលពីថ្ងៃទី ២៤ខែមីនា ឆ្នាំ ២០២៣ ដោយសារ កត្តាធម្មជាតិ ។

យោងតាមរបាយការណ៍មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៥ ខែមីនាបានឱ្យដឹងថា សាកសពដំរីព្រៃញីមួយក្បាលនេះ ត្រូវបានប្រជាពលរដ្ឋមូលដ្ឋាន ប្រទះ ឃើញស្លាប់នៅចម្រាំងភ្នំថ្មមួយកន្លែងត្រង់ចំណុចចុងរ៉ាងភូមិពូហ្យាមឃុំសែនមនោរម្យស្រុកអូររាំង។ បន្ទាប់ពី ប្រជាពលរដ្ឋរាយការណ៍ពីករណីដំរីស្លាប់នេះ កម្លាំង អធិការដ្ឋាននគរបាលស្រុកអូររាំង សការជាមួយកម្លាំង បរិស្ថានស្នាក់រងរកាថ្មី និងក្រុមការងារអង្គការ WCS រួមទាំងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានចុះទៅដល់ទីតាំង។

សត្វដំរីព្រៃញីមួយក្បាលនេះ ត្រូវបានក្រុមការងារជំនាញសង្ស័យថា រអិលជើងធ្លាក់ចម្រាំងភ្នំស្លាប់ដែលទីតាំងជាក់ស្តែងបានឃើញសាកសពសត្វដំរីព្រៃញីងាប់ជាប់អូរ ដែលមានភិនភាគហើមស្អុយស្ថានភាពសណ្ឋានដីច្រាំងថ្មចោតខ្លាំង។ ពេលដល់ទីតាំងកើតហេតុ ក្រុមការងារ ជំនាញបានធ្វើការវាស់វែងសត្វដំរីដែលស្លាប់នោះគឺមានបណ្តោយ៤.២ម៉ែត្រ,កម្ពស់២.៣ម៉ែត្រ,ទំហំជើងមុខ ០.៧២ម៉ែត្រ និងជើងក្រោយ០.៥៨ម៉ែត្រ។

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបន្ថែមឱ្យទៀតដឹងថា ៖ «ក្រោយពីក្រុមការងារមន្ទីរបរិស្ថានបានពិនិត្យនិងធ្វើកោសល្យវិច្ឆ័យ ជាមួយក្រុមការងារ មន្ទីរកសិកម្មខេត្ត មណ្ឌលគិរី និងក្រុមពសុពេទ្យរបស់អង្គការ WCS រួមជាមួយអង្គការ WWF បានពិនិត្យឃើញថាដំរីបានស្លាប់ នោះ មិនមានកូននៅក្នុងពោះឡើយ»។

ទាក់ទិនរឿងនេះលោកនេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួង បរិស្ថានបានប្រាប់ឱ្យដឹងថា ក្រសួងបរិស្ថានមានការសោកស្ដាយជាខ្លាំង ដែលត្រូវបាត់បង់សត្វដំរីព្រៃ១ ក្បាល ដោយសន្និដ្ឋានថាបានស្លាប់ដោយសារកត្តាធម្មជាតិនេះ ។ លោកបន្តថា អ្វីដែលមន្ត្រីជំនាញនិងស្ថាប័នពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងបន្ត គឺការអនុវត្តនូវផែនការអភិរ ក្សសត្វដំរី រយៈពេល១០ឆ្នាំទៅមុខទៀត ដែលកម្ពុជាបានដាក់ផែនការទាំងការ ការពារនិងអភិរក្សទីជម្រក ការដោះស្រាយជម្លោះរវាងមនុស្ស និងដំរី ហើយនិងការជម្រុញទៅ លើការងារ ការពារ អភិរក្សនៅលើតំបន់ដែលជាទីជម្រកសំខាន់ៗ។ ជាពិសេស គឺការដោះអន្ទាក់ពីតំបន់ការពារធនធម្មជាតិ ដើម្បីកាត់បន្ថយសម្ពាធទៅលើការរស់នៅរបស់សត្វព្រៃ។

លោកនេត្រ ភក្ត្រា មានប្រសាសន៍ថា ៖ « យើងមានតែសោកស្ដាយ ចំពោះការបាត់បង់សត្វដំរីនេះហើយបច្ចុប្បន្ននេះ មន្ត្រីជំនាញបាននឹងកំពុងតែយកសំណាករបស់សត្វដំរីស្លាប់ហ្នឹងទៅពិនិត្យមើលឲ្យបានដឹងច្បាស់ថា តើវាបានស្លាប់ដោយសារអី?»។ អ្នកនាំពាក្យរូបនេះបានបន្តថា ប៉ុន្តែជាបឋមការពិនិត្យមើល ទៅលើជុំវិញសាកសពសត្វដំរីហ្នឹង គឺវាអត់មានរបួសស្នាមនោះទេ ហើយក៏អត់មានការបាញ់ និងក៏អត់មានការជាប់អន្ទាក់ ឬក៏បញ្ហាអីទេ។ អ៊ីចឹងបានជាយើងយក សំណាកហ្នឹងដើម្បីយកទៅពិនិត្យមើល ដើម្បីឲ្យដឹងថា តើការស្លាប់ហ្នឹងឲ្យដឹងថាជាមូលហេតុ អ្វីឲ្យពិតប្រាកដ។

បើតាមការបញ្ជាក់លោកនេត្រ ភក្ត្រា ថា នៅប្រទេសកម្ពុជា មានសត្វដំរីចន្លោះជាង៤០០ ទៅ៦០០ ក្បាល ដែលកំពុងរស់នៅ ក្នុងតំបន់អភិរក្សធនធានធម្មជាតិ និងតំបន់ដែនជម្រកព្រៃកែវសីមា ដែលជាកន្លែងដំរីបានស្លាប់នោះ វាគឺជាតំបន់មួយដែលសម្បូរសត្វដំរី នៅភូមិភាគឦសានក្នុងនោះមានខេត្តរតនគិរី មណ្ឌលគិរី ហើយនិងខាងតំបន់ជួរភ្នំក្រវាញ ព្រមទាំងតំបន់ព្រៃឡង់ផងដែរ សុទ្ធតែជា កន្លែងដែលមានដំរីរស់នៅច្រើន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print