ខេត្តព្រះសីហនុ៖ ប្រភពព័ត៌មានពីមន្ត្រីនគរបាលក្រុងព្រះសីហនុបានឱ្យដឹងថា បុរសម្នាក់បានរលាកភ្លើងរងរបួសធ្ងន់ក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះពលរដ្ឋលក់ដូរអីវ៉ាន់និងលក់សាំងដបមួយកន្លែង នៅម្តុំជិតស្ថានីយរថភ្លើងក្រុងព្រះសីហនុ វេលាម៉ោងជិត១០ព្រឹកថ្ងៃទី២៩ខែមីនា ឆ្នាំ ២០២៣ ហើយករណីនេះសមត្ថកិច្ចបានធ្វើអន្តរាគមន៍ជួយពន្លត់ទាន់ពេលមិនឆេះរាលដាលបន្ត។
សមត្ថកិច្ចប្រាប់ថា ម្ចាស់ផ្ទះឈ្មោះ ម៉ៅ ម៉ាឡៃ ភេទស្រី អាយុ៧០ឆ្នាំ ជនជាតិខ្មែរ។ ចំណែកបុរសម្នាក់ដែលរងរបួសធ្ងន់ ឈ្មោះ គង់ សុីថា ភេទប្រុស អាយុ៥៧ឆ្នាំជនជាតិខ្មែរ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយសារស្ថានភាពរបួសធ្ងន់។
ករណីនេះបណ្តាលឱ្យខូចខាតម៉ូតូ១គ្រឿងពណ៌ខ្មៅម៉ាក HONDA Dream។ បើតាមសមត្ថកិច្ចបញ្ជាក់ថាមូលហេតុបណ្តាលមកពីមានអ្នកដំណើរម្នាក់ចូលមកទិញបារីជក់ហើយកេះដែកកេះក្បែរដបសាំងដែលដាក់លក់មុខផ្ទះ បណ្ដាលឱ្យឆាបឆេះជាអគ្គិភ័យ ហើយករណីនេះសមត្ថកិច្ចកំពុងដោះស្រាយបន្តតាមនីតិវិធី៕