ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាក់ថា កាលពីមុនកម្ពុជាហ្វឹកហាត់យុវជនឱ្យចេះច្បាំងដោយបានបញ្ជូនទៅហ្វឹកហាត់នៅតាមបណ្ដាប្រទេសមួយចំនួន ប៉ុន្ដែពេលនេះប្រទេសកម្ពុជាមានសុខសន្ដិភាព រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ហ្វឹកហាត់ និងបណ្ដុះបណ្ដាលយុវជនលើចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដើម្បីឱ្យយុវជនចូលរួមក្នុងការកសាងជាតិមាតុភូមិ។
សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា សម្ដេចធ្លាប់បានទៅបង្រៀននៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រចំនួន ២ដង តាំងពីសាលានេះបានបង្កើតឡើងដំបូង ក្នុងឆ្នាំ១៩៧៩ មានឈ្មោះថា «សាលាបច្ចេកទេសពាណិជ្ជកម្មមជ្ឈិម» ស្ថិតក្រោមឱវាទក្រសួងពាណិជ្ជកម្ម។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នាពេលខាងមុខ រាជរដ្ឋាភិបាល នឹងផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន សិស្ស និស្សិតក្រីក្រចំនួន ១,៥ លាននាក់ ហើយការបណ្ដុះបណ្ដាលនេះ រាជរដ្ឋាភិបាលជាអ្នកឧបត្ថម្ភថវិកា។
សម្តេចតេជោ បានប្រកាសជំរុញការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈឱ្យបានច្រើន និងសំបូរបែប ដើម្បីបំពេញតម្រូវការវិនិយោគិននៅកម្ពុជា ដែលកំពុងមានតម្រូវការធនធានមនុស្សដែលមានជំនាញវិជ្ជាជីវៈជាច្រើន។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឆ្នាំ២០២៣ ត្រឹមថ្ងៃ៣០ ខែមីនានេះ សម្ដេចបានធ្វើជាអធិបតីចែកសញ្ញាបត្រដល់និស្សិតមិនក្រោម ៣ ម៉ឺននាក់នោះទេ ខណៈសម្ដេចនឹងត្រូវទទួលជាអធិបតីពិធីចែកសញ្ញាបត្រដល់និស្សិតនៅតាមបណ្ដាសាលាមួយចំនួនទៀតនាពេលខាងមុខ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្វីៗដែលកើតឡើងតាំងពីជាង៤០ឆ្នាំមុនរហូតមកដល់ពេលនេះ គឺមិនត្រូវឱ្យបាត់បង់ទេ ជាពិសេសសាលារៀន គឺមិនត្រូវឱ្យបាត់បង់ជាដាច់ខាត ដែលសាលារៀនជាមូលដ្ឋានក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ដូច្នេះត្រូវរួមគ្នារក្សាឱ្យបាននូវសុខសន្ដិភាពរបស់កម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ខណៈ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ(NIB)ជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីនេះនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ៕
ដោយ : សហការី