ភ្នំពេញ : ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ។
– សូមក្រាបថ្វាយបង្គំ សម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់
– សូមក្រាបថ្វាយបង្គំ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា ជាទីរាប់អានដ៏ខ្ពង់ខ្ពស់
– ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ នៃរដ្ឋសភា ជាទីរាប់អានដ៏ជ្រាលជ
– លោកជំទាវកិត្តិសង្គហបណ្ឌិត អនុប្រធានទី២ នៃរដ្ឋសភា ជាទីរាប់អានដ៏ជ្រាលជ្រៅ
– សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរដ្ឋសភាដ៏ឧត្តុង្គឧត្តម
– បងប្អូនជនរួមជាតិទាំងអស់ ជាទីស្នេហាដ៏ជ្រាលជ្រៅបំផុត
នាឱកាសដ៏ប្រពៃថ្លៃថ្លា ក្នុងពិធីបើកបវេសនកាលរដ្ឋសភា ដែលប្រារព្ធឡើងក្នុងសម័យប្រជុំ រដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ មានហឫទ័យសោមនស្សរីករាយ និងសេចក្ដីនឹករលឹកក្រៃលែង ថ្វាយ-ប្រគេន សម្តេចព្រះមហា សង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជូន សម្តេច ឯកឧត្តម លោកជំទាវ និងបងប្អូន ជនរួមជាតិទាំងអស់ទូទាំងប្រទេស។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក៏មានហឫទ័យសោមនស្សរីករាយផងដែរ ដោយបានឃើញថា ជិតសាមសិបឆ្នាំកន្លងមកនេះ គិតចាប់ពីការបោះឆ្នោតទូទៅឆ្នាំ១៩៩៣មក ប្រជាជាតិកម្ពុជាយើង សម្រេចបានការថែរក្សា ការពង្រឹង ការគោរពរបបរាជានិយមប្រជាធិបតេយ្យ សេរីពហុបក្ស ព្រមទាំងបានអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមឆ្លៀតឱកាសនេះ សូមកោតសរសើរថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងជនរួមជាតិគ្រប់រូប ដែលបានខិតខំយ៉ាងស្វាហាប់ក្នុងការបំពេញរាល់ភារកិច្ចរៀងៗខ្លួន
ជាហេតុនាំឱ្យកើតមាននូវសមិទ្ធផលដ៏ធំធេងហួសពីការស្មានក្នុងពេលបច្ចុប្បន្ន នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជាទីស្នេហានៃយើង។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមកោតសរសើរដល់រដ្ឋសភា ដែលបានអនុម័តច្បាប់ សំខាន់ៗចំនួន១០៩ ក្នុងនីតិកាលទី៦នេះ ជាឧបករណ៍បំពេញបន្ថែមទៅលើច្បាប់ ដែលបាន អនុម័តរួច នៅនីតិកាលមុនៗ និងជាការបំពេញបន្ថែមដ៏មានសារសំខាន់បំផុត សម្រាប់ធានា នូវនិរន្តរភាពនៃដំណើរឈានឡើង និងកែលម្អលទ្ធិប្រជាធិបតេយ្យអាស្រ័យធម្មនុញ្ញរបស់យើង។
ក្រៅពីការតាក់តែងច្បាប់ខាងលើ ថ្នាក់ដឹកនាំរដ្ឋសភា ដែលមាន សម្តេចអគ្គមហាពញាចកី ប្រធានរដ្ឋសភា, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១, លោកជំទាវកិតិ្តសង្គហបណ្ឌិត អនុប្រធានទី២ ព្រមទាំង សម្តេច ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភាទាំងអស់ បានខិតខំយកអស់កម្លាំងកាយចិត្ត ចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមមណ្ឌលដែលខ្លួនទទួល ខុសត្រូវយ៉ាងសស្រោកសស និងបាននាំយកនូវសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋរួមគ្នា ដោះស្រាយទៅតាមនីតិវិធីបានយ៉ាងល្អប្រសើរ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមកោតសរសើររដ្ឋសភា និងរាជរដ្ឋាភិបាល ដែលបាន បំពេញតួនាទីយ៉ាងធំធេង ក្នុងនាមព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ធំៗនានាកន្លងទៅនេះ ជាអាទិ៍កិច្ចប្រជុំកំពូលអាស៊ាន មហាសន្និបាតអន្តរសភាអាស៊ាននិងកិច្ច ប្រជុំពាក់ព័ន្ធជាច្រើនទៀត។ ភាពជោគជ័យដ៏មហោឡារិកនេះ គឺបាននាំមកនូវកិត្យានុភាពជូន ជាតិមាតុភូមិនៅលើឆាកអន្តរជាតិ ជាពិសេសការពង្រឹងពង្រីកវិស័យការទូត កិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជាមិត្ត ឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមកោតសរសើរចំពោះទេពកោសល្យនៃការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ ដោះស្រាយដោយជោគជ័យនូវភាពលំបាកផ្ទួនៗឥតឈប់ឈរជាច្រើន ជាក់ស្ដែងការស្ដារសេដ្ឋកិច្ច ជាតិ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងបេសកកម្មសំខាន់ៗលើការងារថែរក្សា សន្តិភាព ឯករាជ្យ ជូនប្រទេសជាតិ និងជូនប្រជាពលរដ្ឋ បានរស់នៅដោយស្មើភាព ស្មើសិទ្ធិ និងសុខដុមរមនា។
ឆ្លៀតឱកាសដ៏មហោឡារិកនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមថ្វាយ-ប្រគេន ជូនពរ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិទាំងអស់ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ សូមបានប្រកបដោយសុខភាពល្អ សុភមង្គល សិរីសួស្តី គ្រប់ក្រុមគ្រួសារ និងត្រៀមលក្ខណៈចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យបានគ្រប់ៗគ្នា ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បី ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដែលមានចក្ខុវិស័យបន្តការអភិវឌ្ឍ ដើម្បីភាពរីកចម្រើនរុងរឿង លើគ្រប់វិស័យ ទាំងក្នុងពេលបច្ចុប្បន្ន និងទាំងតទៅអនាគត ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតឆ្អត្រ និងព្រះទសបារមី ព្រមទាំងវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមតាមបីបាច់ថែរក្សា សម្តេច ឯកឧត្តម លោកជំទាវ និងជនរួមជាតិទាំងអស់ សូមបានបកប តែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
នៅទីបញ្ចប់នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមប្រសិទ្ធពរបវរសួស្តី ជ័យមង្គលមហាប្រសើរ ជូនសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ មានសក្តានុពលខ្លាំងក្លា និងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន បានប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់បន្តទៀត៕
ដោយ : សុខ ខេមរា