អាមេរិក​ត្រូវការវាយប្រហារដោយកម្លាំងយោធាទៅលើប្រទេសស៊ីរី

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់អាមេរិក​ ៥១រូប បានចុះហត្ថលេខាទៅលើលិខិតមួយច្បាប់អំពាវនាវឲ្យរដ្ឋាភិបាលអាមេរិកបើការវាយប្រហារទៅលើប្រទេសស៊ីរីដើម្បីបញ្ចប់សង្គ្រាមស៊ីវិលអូសបន្លាយជា​ច្រើនឆ្នាំកន្លងមក។

នៅថ្ងៃទី​១៧ ខែមិថុនា មន្ត្រីជាន់ខ្ពស់អាមេរិក ៥១រូប នៅក្នុងក្រសួងការបរទេសបានចុះហត្ថលេខាទៅលើ លិខិតមួយច្បាប់ថ្កោលទោសទៅលើគោលនយោយរបស់អាមេរិកនៅស៊ីរី​ ហើយបានអំពាវនាវដល់រដ្ឋាភិបាលត្រូវតែវាយប្រហារដោយកម្លាំងយោធាទៅលើរដ្ឋាភិបាលស៊ីរីផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតី អាល់អាសាដ ក្រោយពេលដែលរដ្ឋាភិបាលស៊ីរីបាន​បំពានកិច្ចព្រមព្រៀងឈប់បាញ់។

តាមសារព័ត៌មាន រ៉យទ័រ បានផ្សាយថា លិខិតខាងលើគឺជាការព្រឹក្សាជាន់ខ្ពស់សម្រាប់រដ្ឋាភិបាស្តីពីគោលនយោបាយនៅក្នុងប្រទេសស៊ីរី។ ខ្លឹមសារនៃលិខិតនោះបាននិយាយអំពីការវាយប្រហារតាមដែនអាកាសទៅលើទីតាំងរបស់រដ្ឋាភិបាល តែមិនបញ្ចាក់ពីការបញ្ចូនកម្លាំងទាហានបន្ថែមទៅកាន់ស៊ីរីនោះឡើយ។ នៅពេលនេះអាមេរិកមានកម្លាំងទាហានប្រមាណ​ ៣០០នាក់នៅក្នុងប្រទេសស៊ីរីដើម្បីវាយប្រហារទៅលើក្រុមរដ្ឋអ៊ិស្លាម​មិនមែនទៅលើរដ្ឋាភិបាល​នោះឡើយ។

មន្ត្រីអាមេរិកមួយរូបដែលបានអានលិខិតខាងលើ​ឲ្យដឹងថា គោលនយោបាយរបស់អាមេរិកនៅក្នុងប្រទេសស៊ីរីគឺគ្មានប្រសិទ្ធិភាពនោះឡើយ ដូច្នេះអាមេរិកចាំបាច់ត្រូវតែប្តូរយុទ្ធសាស្ត្រធ្វើឲ្យមានប្រសិទ្ធិភាពជាងនេះដើម្បីបង្ហាញពីអត្ថិពលរបស់អាមេរិកនិងការទទួលខុសត្រូវចំពោះសន្តិសុខក្នុងតំបន់និងនៅលើពិភពលោកទាំងមូល។

នៅក្នុងការថ្លែងទៅកាន់សភាអាមេរិក អគ្គនាយកក្រសួងចារកិច្ចអាមេរិកលោក​ John Brennan បញ្ចាក់ថា អត្ថិពលរបស់ប្រធានធិបតី អាល់អាសាដ នាពេលនេះគឺកើនឡើងជាងកាលពីមួយឆ្នាំមុន ដោយមានកាំគាំទ្រវាយប្រហារពីប្រទេសរុស្ស៊ីទៅលើក្រុមប្រឆាំង។

កន្លងមកប្រទេសអារ៉ាប៊ីសាអូឌីត ក៏បានស្នើរឲ្យប្រើប្រាស់ផែនការ​B ក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសស៊ីរី ហើយផែនការនោះគឺលោក អាល់អាសាដ ត្រូវតែចាកចេញពីតំណែងជាដាច់ខាត បើមិនចុះចេញនឹងត្រូវទទួលរងការវាយប្រហារ ។

ប្រទេសលោកខាងលិចបានលើកគម្រោងនោះរួចជាស្រេចតាំងពីពេលសង្គ្រាមស៊ីវិលចាប់ផ្តើមឡើងមកម៉្លេះ។ ប៉ុន្តែមិនទាន់ដល់ពេលដែលលោកខាងលិចអនុវត្តផែនការទាំងនោះ។ នៅពេលនេះប្រធានាធិបតីស៊ីរីនៅមានតែរុស្ស៊ីប៉ុណ្ណោះជាខ្នងបង្អែក។

កន្លងមកប្រធានាធិបតីបារាំងបានបញ្ជាក់ថា ការជ្រៀតជ្រែកដោយកម្លាំងយោធារបស់រុស្ស៊ីនៅក្នុងទឹកដីស៊ីរី អាចជួយដល់កម្លាំងទាហានស៊ីរី យកឈ្នះក្រុមអ៊ិស្លាមបង្កើតរដ្ឋ តែមិនអាចជួយស្រោចស្រង់ប្រធានាធិបតី អាល់អាសាដ បាន ទេ។ មានប្រសាសន៍ក្រោយកិច្ចប្រជុំសហគមន៍អឺរ៉ុបប្រធានាធិបតីបារាំងលោក ហ្វ្រង់ ស័រ ហូឡង់ បញ្ជាក់ថា ការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរីមិនអាចជួយដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក អាល់អាសាដ នោះឡើយ។

មកទល់ពេលនេះអាមេរិក រុស្ស៊ី អង់ គ្លេស បារាំង អុីរ៉ង់ អារ៉ាប់ កាតារ និងទួរគី បានចូលរួមក្នុងសង្គ្រាមនៅប្រទេសស៊ីរី។ ប៉ុន្ដែគោលដៅចូលរួមផ្សេងគ្នា ហើយការវាយប្រហារក៏ខុសគ្នាដែរ។ កន្លងមកបារាំងក៏បានសម្រេចដើរតួនាទីសំខាន់នៅក្នុងការបង្កើនសម្ព័ន្ធមិត្ដវាយប្រហារទៅលើក្រុមអ៊ិស្លាមបង្កើតរដ្ឋដែរ។

ពាក់ព័ន្ធទៅនឹងប្រតិកម្មរបស់សហគមន៍អឺរ៉ុបក្រោយពេលរុស្ស៊ីចាប់ផ្ដើមវាយប្រហារតាមដែនអាកាសទៅលើក្រុមអ៊ិស្លាមបង្កើតរដ្ឋជួយដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក អាល់អាសាដ តំណាងសហគមន៍អឺរ៉ុបមិនបានពិភាក្សាបន្ថែមក្នុងការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីទៀតឡើយ។

ប៉ុន្ដែអឺរ៉ុបអាចនឹងអនុម័តដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសរុស្ស៊ីប្រសិនបើការវាយប្រហារមិនសំដៅទៅលើក្រុមភេរវកម្មទេនោះ។ អឺរ៉ុបក៏ដូចជាអាមេរិកកំពុងតែតាមដានយ៉ាងយកចិត្ដទុកដាក់រាល់សកម្មភាពយោធារបស់រុស្ស៊ី ខ្លាចរុស្ស៊ីមិនវាយប្រហារទៅលើក្រុមអ៊ិស្លាមបង្កើតរដ្ឋ ដោយវាយប្រហារតែទៅលើកម្លាំងក្រុមប្រឆាំងរដ្ឋាភិបាលដែលអាមេរិកគាំទ្រនោះ។

ការព្រួយបារម្ភពីការប៉ះទង្គិចគ្នារវាងអាមេរិកនឹងរុស្ស៊ីនៅក្នុងប្រទេសស៊ីរីកាន់តែខ្លាំងឡើងក្រោពេលយន្ដហោះចម្បាំង ប្រទេសទាំងពីរបានហោះហើរកៀកគ្នានៅក្នុងដែនអាកាសតែមួយ ។

រដ្ឋមន្ដ្រីការពារជាតិអាមេរិកលោក Ash Carter បានថ្លែងថា លោកមានក្ដីសង្ឃឹមថានឹងអាចរកដំណោះស្រាយចំពោះបញ្ហានេះនាពេលឆាប់ៗ ។ ភាគីរុស្ស៊ីបានអះអាងដែរថា ខ្លួននឹងបញ្ជូនមនុស្សថ្មីដើម្បីឲ្យធ្វើកិច្ចការនេះ។ ទោះបីជាយ៉ាងណាក៏ដោយការលើកឡើងថា បើទោះបីមានការពិភាក្សារវាងអាមេរិកនឹងរុស្ស៊ីយ៉ាងណាក្ដីក៏ប្រតិបត្ដិការយោធារបស់ប្រទេសទាំងពីរនៅលើដែនអាកាសស៊ីរីសុទ្ធតែរឿងមិនត្រឹមត្រូវទាំងអស់។

ប្រទេសលោកខាងលិចនិងក្រុមសកម្មជនក្នុងប្រទេសស៊ីរីបាននិយាយថា យន្ដហោះចម្បាំងរុស្ស៊ីបានបាញ់ប្រហារទៅ លើគោលដៅដែលពុំមានក្រុមឧទ្ទាមគឺធ្លាក់ទៅលើគោលដៅជនស៊ីវិលរស់នៅ និងធ្លាក់ទៅលើក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី។

ក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរីបាននាំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងដាម៉ាកាសប្រឆាំងចំពោះប្រតិបត្ដិ ការតាមដែនអាកាសរបស់កម្លាំងទាហានរុស្ស៊ី ៕

1

2

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print