ភ្នំពេញ៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះថា៖ ខេត្តកណ្ដាល អាចស្រូបចំណូលពីវិស័យការងារ ក្នុងនោះមានរោងចក្រ សហគ្រាស បានប្រមាណជាង ៤៣៤លានដុល្លារ នៅក្នុងមួយឆ្នាំៗ។
លោក គង់ សោភ័ណ្ឌ បានថ្លែងបញ្ជាក់ថា បច្ចុប្បន្ននៅខេត្តកណ្ដាល មានរោងចក្រ សហគ្រាសចំនួន ៤៨៣ទីតាំង បានផ្ដល់ការងារ ដល់កម្មករនិយោជិត ប្រមាណជាង ១៥ម៉ឺននាក់ (ស្រីជាង ១២ម៉ឺននាក់) ដែលក្នុងនោះមានរោងចក្រកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ កាបូប មានចំនួន១៧១ទីតាំង ដែលផ្ដល់ការងារដល់កម្មករនិយោជិកត រហូតដល់ជាង ១៣ម៉ឺននាក់ (ស្រីជាង ១១ម៉ឺននាក់) ។
លោកអភិបាលខេត្តរូបនេះ បានថ្លែងបន្តថា ចំណូលបានពីវិស័យការងារ ក្នុងមួយខែ ទទួលបានជាង ៣៦លានដុល្លារ ដោយសរុបក្នុងមួយឆ្នាំបានប្រមាណជាង ៤៣៤លានដុល្លារអាមេរិក ជាមួយនេះក៏សូម អំពាវនាវដល់អ្នកវិនិយោគ បន្តធ្វើការវិនិយោគបន្ថែមទៀត ក្នុងខេត្តកណ្ដាល ដើម្បីបង្កើតជាឱកាសការងារបន្ថែមទៀតដល់ប្រជាពលរដ្ឋ ខណៈខេត្តកណ្ដាល នៅឆ្នាំ២០២៣នេះ ត្រូវបានប្រកាសជាខេត្តអស់មីនផងដែរ ។
លោកអភិបាលខេត្ត បន្តថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ សាខាបេឡាជាតិសន្តិសុខសង្គមខេត្តកណ្ដាល (ប.ស.ស) បានអនុវត្តការងារបង់វិភាគទាន ផ្នែកហានិភ័យការងារ សម្រាប់កម្មករនិយោជិតជាង១៤ម៉ឺននាក់, ផ្នែកថែទាំសុខភាព ចំនួនជាង១៤ម៉ឺននាក់, កម្មករនិយោជិតក្រៅប្រព័ន្ធមានចំនួនជាង ៦០០នាក់ ។
បន្ថែមពីនេះ លោក គង់ សោភ័ណ្ឌ ក៏បានលើកឡើងថា ពាក់ព័ន្ធនឹងវិស័យការងារ វិជ្ជាជីវៈនេះ ខេត្តមានមជ្ឈមណ្ឌលវិជ្ជាជីវៈក្នុងក្រុងតាខ្មៅ ក្នុងការជួយបំប៉នសមត្ថភាព តម្រង់ទិសដៅដល់ពលរដ្ឋ ដើម្បីឈានជើងចូលទីផ្សារការងារ ដោយបានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ចំនួន៧កន្លែង ក្នុងនោះមានជំនាញអគ្គិសនី បរិក្ខាម៉ានស៊ីត្រជាក់ សំណង់ស៊ីវិល ព័ត៌មានវិទ្យា ជំនាញជួសជុលរថយន្ត ជំនាញភាសាអង់គ្លេស ដែលគិតមកដល់ពេលនេះ សិស្សដែលបានបញ្ចប់ការសិក្សាមានចំនួន ២៣០នាក់ ហើយក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ កំពុងបណ្ដុះបណ្ដាលនិស្សិតថ្នាក់បរិញ្ញាបត្ររងចំនួនជាង ១៤០នាក់ រយៈពេល២ឆ្នាំ ៕ដោយ៖សហការី