ភ្នំពេញ ៖នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន ព្រមទាំងក្រុមការងារមនុស្សធម៌ បានអញ្ជើញចុះមកសួរសុខទុក្ខសិស្សានុសិស្ស និងផ្ដល់អំណោយដល់អង្គការ «អង្គការលើកស្ទួយប្រជាពលរដ្ឋ» ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមការឲ្យដឹងពី លោកស្រី នួន ភីមាន នាយិកា«អង្គការលើកស្ទួយប្រជាពលរដ្ឋ» បានឲ្យដឹងថា អង្គការនេះ ជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយដោយមិនធ្វើនយោបាយ មិនប្រកាន់សាសនា គឺផ្ដោតសំខាន់លើការអប់រំប្រជាពលរដ្ឋក្រីក្របំផុត ជាពិសេសក្មេងអនាថា ក្មេងកំព្រា និងក្មេងរើសសំរាមដែលកំពុងរស់នៅកន្លែងចាក់សំរាម ក្នុងសហគមន៍តាមបណ្ដារាជធានីខេត្តក្រុងនៅកម្ពុជា។ អង្គការនេះធ្វើសកម្មភាពជួយកុមារក្រីក្រកម្ពុជា តាមរយៈការផ្ដល់ការសិក្សាពីថ្នាក់ទី១ដល់ថ្នាក់ទី១២ បណ្ដុះបណ្ដាលភាសាអង់គ្លេស ជំនាញកុំព្យូទ័រផ្ដល់ជាម្ហូបអាហារ និងទឹកស្អាតសម្រាប់ការរស់នៅ ដើម្បីឲ្យពួកគេរស់នៅក្នុងសង្គមប្រកបដោយចំណេះដឹង និងសេចក្តីថ្លៃថ្នូរក្នុងជីវិត។
ក្នុងឱកាសនោះ លោកស្រី ហ៊ុន ម៉ាណា ក៏បានសំណេះសំណាល និងសួរសុខទុក្ខដល់សិស្សានុសិស្សទាំងអស់ដែលកំពុងសិក្សានៅក្នុងអង្គការនេះ ជាពិសេសផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលលោកទាំង២តែងតែគិតគូរដល់ក្មួយៗ សិស្សានុសិស្សក្រីក្រទាំងអស់ទូទាំងប្រទេស។
នៅឱកាសនោះផងដែរ លោកស្រីក៏បានផ្តល់អំណោយដល់សិស្សានុសិស្ស និងសម្រាប់ទ្រទ្រង់អង្គការបន្តទៀតដែលក្នុងនោះ មានដូចជា៖
១-អង្ករ៤តោន
២- មី៥កេះធំ ស្មើនឹង៣០កេះតូច
៣-ត្រីខ៥០យួរ
៤- ទឹកក្រូចកូកា១០កេស
៥-ទឹកក្រូចវ៉ាន់តា១០កេស
៦-ទឹកត្រី១០យួរ
៧-ទឹកស៊ីអ៊ីវ១០យួរ
៨-នំដំឡូង១៥ កេស
៩-ឈុតសិស្សថ្នាក់ទី១ ដល់ទី ៥ ចំនួន ១០៦១ឈុត។
១០-សៀវសៀវភៅ១៦០ទំព័រ ចំនួន១០០០ក្បាល
១១-ប៊ិច១០០០ដើម
១២-ខ្មៅដៃ១០០០ដើម
១៣-ជ័រលុប១០០០ដុំ
១៤- ម៉ាស៊ីនចម្រោះទឹក១គ្រឿង
១៥-កុំព្យូទ័រ៥គ្រឿង
១៦-ប្រាក់ឧបត្ថម្ភបុគ្គលិកចំនួន ៦៥នាក់ ក្នុងម្នាក់នាក់១០០ដុល្លារ
១៧-ប្រាក់ឧបត្ថម្ភសម្រាប់ការសាងសង់អគារអង្គការចំនួន៣ម៉ឺនដុល្លារ។
នាឱកាសនោះ លោកស្រី ហ៊ុន ម៉ាណា និងក្រុមការងារក៏បានអញ្ជើញចែកជូននំប៉័ងជូនដល់សិស្សានុសិស្សទៅតាមថ្នាក់រៀននីមួយៗប្រកបដោយភាពស្និទ្ធស្នាល និងរីករាយផងដែរ៕
ដោយ : សហការី