ខេត្តមណ្ឌលគិរី : លោកវរសេនីយ៍ឯក យ៉ម ហ៊ុនអេង អធិការនគរបាលស្រុកកោះញែក បានឱ្យដឹងថា : នៅវេលាម៉ោង៨ និង ១៥នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ មានករណីដំរីព្រៃបុកជនជាតិបរទេសម្នាក់ នៅចំណុចត្រពាំងមេតយ ស្ថិតក្នុងទឹកដីឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
លោកវរសេនីយ៍ឯក យ៉ម ហ៊ុនអេង អធិការនគរបាលស្រុកកោះញែក បានបញ្ជាក់ថា, ជនរងគ្រោះមានឈ្មោះ រ៉ូ ផាន់ ភេទប្រុស អាយុ ប្រហែល ៣០ ឆ្នាំជាង ជនជាតិម៉ាឡេស៊ី បម្រើការងារ អោយ អង្កការWWF (សត្វដំរី) បានទៅបាញ់ថ្នាំសណ្ដំ ដើម្បីដាក់កាមេរ៉ានៅប្រឡៅក ប៉ុន្តែមិនទាន់បានបាញ់ផង ត្រូវបានដំរីបោលបុកពីក្រោយដោយប្រើភ្លុកធ្លុះពីខ្នងធ្លាយមកខាងមុខក្រោមដោះ។
លោកអធិការបានបន្តថា, បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមការងាររបស់អង្គការ WWF ដឹកទៅសង្គ្រោះមន្ទីពេទ្យបង្អែក ខេត្តមណ្ឌលគិរី និងបន្តដឹកតាមកន្ទុំរុយសង្គ្រោះនៅរាជធានីភ្នំពេញ៕
ដោយ : សហការី