ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅយប់ថ្ងៃសៅរ៍ទី០១ ខែមេសា ឆ្នាំ២០២៣នេះ បានថ្លែងតាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាមផ្លូវការយ៉ាងដូច្នេះថា៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.អ.ផ. កាលពីម្សិលមិញនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ អ.អ.ផ. បន្ទាប់ពីក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATF) បានសម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកនាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត និងលោក លោកស្រី ជាសមាជិក-សមាជិកានៃ អ.អ.ផ. និង លោក លោកស្រី ជាសមាជិក-សមាជិកា ក្រុមការងារដែលមានការពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
ក្នុងឱកាសនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ អ.អ.ផ. នេះ, លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.អ.ផ. បានសម្តែងនូវអំណរគុណ, ការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះវីរភាពរបស់ លោក លោកស្រី ជាសមាជិក-សមាជិកា អ.អ.ផ. និង លោក លោកស្រី ជាសមាជិក-សមាជិកាក្រុមការងាររបស់ក្រសួង-ស្ថាប័ន និងតួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយ កម្លាំងចិត្ត បញ្ញាញាណក្នុងការដឹកនាំ គាំទ្រ និងបានផ្តល់កិច្ចសហការយ៉ាងល្អដល់ អ.អ.ផ. និងដែលបានរួមចំណែកក្នុងភាពជោគជ័យក្នុងការដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ FATF ដើម្បីពង្រឹងបាននូវតម្លាភាព ជំនឿទុកចិត្ត និងភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា។
ទន្ទឹមនេះ, លោករដ្ឋមន្ត្រី ក៏សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារជាតិ នៃកម្ពុជា ដែលបានផ្តល់ការគាំទ្រពេញលេញទាំងផ្នែកហិរញ្ញវត្ថុ ទាំងផ្នែកធនធានផ្សេងៗ ដល់ អ.អ.ផ. ដែលអនុញ្ញាតឱ្យ អ.អ.ផ. អាចបំពេញបេសកកម្មរបស់ខ្លួនដោយរលូន និងទទួលបានជោគជ័យតាមការរំពឹងទុក។
បន្ថែមពីនេះ, បន្ទាប់ពីកិច្ចប្រជុំបូកសរុបការងារនេះ, អ.អ.ផ. ក៏បានរៀបចំពិធីអបអរសាទរ និងពិធីប្រគល់ប័ណ្ណសរសើរជូនដល់តួអង្គដែលមានការពាក់ព័ន្ធនៅក្នុងក្របខណ្ឌនៃ អ.អ.ផ. ដែលបានរួមចំណែកក្នុងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងជោគជ័យនៃការដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ FATF ផងដែរ៕ដោយ៖ស តារា