ភ្នំពេញ : លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានបកស្រាយអំពី «មូលដ្ឋានគន្លឹះខ្លះៗ សម្រាប់ការវិភាគ វាយតម្លៃ» ដោយបញ្ជាក់ដូចខាងក្រោមថា :
១- ការវិភាគតួអង្គក្នុងអក្សរសិល្ប៍ ត្រូវប្រើរូបមន្ត (5+3) = ប្រភពរឿង, ប្រភេទ, អ្នកនិពន្ធនិងកាលបរិច្ឆេទ, ប្រធានរឿង, បញ្ហារឿង + គុណវិបត្តិ, គុណសម្បត្តិ, សន្និដ្ឋាន។
២-ការវិភាគនយោបាយ ត្រូវប្រើរូបមន្ត (3×2+2) = សភាពការណ៍ អតីតកាល, បច្ចុប្បន្ន, អនាគត x កត្តាខាងក្នុង និង ខាងក្រៅ + វិចារវិទ្យា, កត្តវិទ្យា។
៣- ការវាយតម្លៃតម្រូវការបណ្តុះបណ្តាល ត្រូវប្រើរូបមន្ត (5 ជំហាន) = កំណត់បញ្ហានិងតម្រូវការ, កំណត់ការរៀបចំការវាយតម្លៃ, ប្រមូលទិន្នន័យ, វិភាគទិន្នន័យ, វាយតម្លៃ។
៤- ការវិភាគការងារនិងអាជីវកម្ម ប្រើរូបមន្ត (SWOT 4) = សក្តានុពល, ភាពទន់ខ្សោយ, ឱកាស, និងការគំរាមកំហែង។
៥- ការវាយតម្លៃបរិស្ថាន ប្រើរូបមន្ត (3+1) = សន្ទស្សន៍, ជម្រើស, វិធានការកែលម្អ + ព្យាករណ៍
៦- ការស្វែងយល់ព័ត៌មានទូទៅ ប្រើរូបមន្ត (5+1) គឺ 5W+1H
៧- ការស្វែងយល់ព័ត៌មានសេដ្ឋកិច្ច ប្រើរូបមន្ត (3+3) គឺ CCE+CCF
វាគ្មិន និងសាធារណជន ដែលមានចំណេះដឹងទូលំទូលាយ អាចជួយពង្រីកបន្ថែមទៅតាមសមត្ថភាព និងទេពកោសល្យ។ ចូរចងចាំថា រាល់ការវិភាគ ការឧទ្ទេសនាម ឬការធ្វើបទបង្ហាញ រួមទាំងការបរិយាយលើបញ្ហានយោបាយផង គឺមិនអាចទាត់ចោល «កត្តាប្រវត្តិសាស្ត្រ» បានទេ។ មិនមែនការសំឡឹងមើលក្រោយ គឺជាកំហុស ឬជាភាពទន់ខ្សោយនោះទេ ប៉ុន្តែការពិត ប្រវត្តិសាស្ត្រ គឺសំខាន់ណាស់ សម្រាប់ជាមូលដ្ឋានគោលនៃការសំឡឹងទៅមុខ។ រាល់ពេលធ្វើបទបង្ហាញ គប្បីក្តាប់ឱ្យជុំ មើលច្បាស់ថាតើអ្នកស្តាប់របស់អ្នកជានរណា ដែល វាគ្មិន ចូរប្រុងប្រយ័ត្នសម្តី ខ្លឹមសារ សូម្បីតែមួយពាក្យ មួយឃ្លា ឬមួយប្រយោគ។ ចែករំលែកឱ្យគេចេះ កុំនិយាយឱ្យគេជេរ។ ចំណុចខ្លះវាអាចឡងវិញដោយការវាយតម្លៃកម្រិតសមត្ថភាពរបស់វាគ្មិន ចំណុចខ្លះជះប្រតិកម្មតបលើវាគ្មិន ហើយមួយកម្រិតទៀត ក៏មានឈានទៅវាគ្មិនរត់ចោលស្រុកនិងជាប់គុក៕
ដោយ : សិលា