ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលទាំងកណ្ដាលយប់នៅកណ្ដាលក្រុងភ្នំពេញ ខណៈបុរសជនជាតិចិនម្នាក់ បានស្ទុះទៅវាយចំកណ្តាលមុខបុរសម្នាក់ ដែលជាបុគ្គលិកផ្សារទំនើប Soho Mall ព្រោះតែខឹងនឹងបុគ្គលិកផ្សារទំនើប ទៅហាមឃាត់មិនឱ្យបន្ទោរបង់លើបង្គោលភ្លើង ក្នុងបរិវេណផ្សារទំនើបនោះ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង២៥នាទីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅចំណុចមុខបរិវេណ អគារផ្សារទំនើបសូហូ (SOHO Mall) ស្ថិតនៅផ្លូវជាប់ស្ថានទូតរុស្សី កែងផ្លូវរដ្ឋសភាជាតិ ក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនជាតិចិនបុរសស្រី ២នាក់ រួមនិងជនជាតិវៀតណាម ៣នាក់ទៀត ទើបតែដើរចេញពីកន្លែងផឹកស៊ីមួយកន្លែង មកដល់ចំណុចកើតហេតុ រួចឈរបន្ទោរបង់នៅចំណុចបង្គោលភ្លើង លើចិញ្ចើមផ្លូវ មុខបរិវេណផ្សារទំនើប Soho Mall ឃើញដូច្នេះ ជនរងគ្រោះ បានដើរទៅនិយាយប្រាប់ បុរសជនជាតិចិន ខាងលើនោះថា No No! កឺកឺ! និងធ្វើកាយវិការហាមមិនឱ្យនោម ដាក់បង្គោលភ្លើងនោះឡើយ។
ស្រាប់តែភ្លាមនោះ បុរសជនជាតិចិន(ជនដៃដល់) ទំនងជាស្រវឹងផង ក៏បានដើរសំដៅមកវាយបុគ្គលិកផ្សារទំនើប Soho Mall នោះ រួចបានធ្វេីសកម្មភាពវាយជនរងគ្រោះចំកណ្ដាលមុខជាច្រើនដៃ និងវាយលើដងខ្លួន ឃើញដូច្នេះបុគ្គលិកម្នាក់ទៀត ក៏ចូលទៅជួយឃាត់ បង្កការភ្ញាក់ផ្អើលដល់ សន្តិសុខផ្សារទំនើបSoho MAll និងកម្លាំងល្បាតកងរាជអាវុធហត្ថ ខណ្ឌចំការមន ចុះមកជួយអន្តរាគមន៍ ឃាត់បុរសជនជាតិចិន ខាងលើនោះសិន ដើម្បីសួរនាំរកមូលហេតុផងដែរ តែបែរជាបុរសជនជាតិចិននោះ ប្រតាយប្រតប់ ជាមួយកម្លាំងអាវុធហត្ថ ទើបកម្លាំងអាវុធហត្ថ ធ្វើការចាប់ដាក់ខ្នោះ ឃាត់ខ្លួន បញ្ជូនទៅសាកសួរ នៅមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌចំការមនតែម្ដង ។
ក្រោយកើតហេតុ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានឃាត់ខ្លួនបុរសជនជាតិចិនយកទៅសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន និងនាំជនរងគ្រោះមកទៅដាក់ពាក្យបណ្ដឹង ដេីម្បីចាត់ការតាមច្បាប់៕ដោយ៖សហការី