ករណីគ្រោះអគ្គិភ័យកើតឡើង ៥១លើក កើនឡើង១៧ករណី នៅរាជធានីភ្នំពេញ គិតត្រឹម​រយៈពេល៣ខែ ដើមឆ្នាំ២០២៣នេះ,បើធៀបនឹងឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖ គិតត្រឹម​រយៈពេល៣ខែ ដើមឆ្នាំ២០២៣ នៅទូទាំងរាជធានីភ្នំពេញ មានករណីគ្រោះអគ្គិភ័យកើតឡើងចំនួន ៥១លើក កើនឡើង ១៧ករណី ,នេះបើធៀបនឹងរយៈពេល ៣ខែដូចគ្នា នៅដើមឆ្នាំ២០២២ ដែលមានចំនួន ៣៤ករណីតែប៉ុណ្ណោះ។​ នេះបេី​យោង​តាមការបញ្ជាក់ពី​អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ថ្លែង​ឱ្យ​ដឹង​នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា​ បានថ្លែង​បញ្ជាក់ថា សម្រាប់ករណីគ្រោះអគ្គិភ័យនេះភាគច្រើនកើតឡើងដោយសារតែការប្រើប្រាស់ចរន្តអគ្គីសនី ខុសលក្ខណៈបច្ចេកទេស ព្រមទាំងករណីធ្វេសប្រហែស ភ្លើងទាន ភ្លើងធូប ជាដើម។

លោកអ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ករណីគ្រោះអគ្គិភ័យ រយៈពេល៣ខែ ដើមឆ្នាំ២០២៣នេះ បើយើងធៀបមើលទៅនឹង៣ខែ ដើមឆ្នាំ២០២២ យើងឃើញថាអត្រានៃការកើតគ្រោះអគ្គិភ័យ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុង៣ខែ ដើមឆ្នាំ២០២៣នេះ ករណីអគ្គិភ័យ គឺកើតឡើងរហូតដល់ ៥១លើក ស្របពេលដែលនៅ៣ខែ ដើមឆ្នាំ២០២២ មានតែ៣៤លើកទេ អ៊ឹចឹង ៣ខែ ឆ្នាំ២០២៣ បើយើងធៀបនឹង៣ខែ ឆ្នាំ២០២២ គឺមានការកើនឡើង១៧ករណី»។

ដោយឡែក​ទាក់ទងនឹងករណីគ្រោះអគ្គិភ័យនេះ លោកអ្នកនាំពាក្យ​ បានថ្លែងថា កម្លាំងនៃការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែចេញប្រតិបត្តិការសង្គ្រោះបានទាន់ពេលវេលា ប៉ុន្តែទោះជាយ៉ាងណាក្នុងករណីមានគ្រោះថ្នាក់អគ្គិភ័យកើតឡើងហើយ គឺតែងតែមានការខូចខាទ្រុងទ្រាយតូច និងធំ ដោយសារតែស្ថានភាពនៃការសង្គ្រោះជាក់ស្តែង។

ជាមួយគ្នានេះ​ លោក​អ្នកនាំពាក្យ​​ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅក្នុងខែក្តៅនេះសូមចូលរួមធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់ទាក់ទងនឹងបញ្ហាអគ្គិភ័យនេះ។ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រារព្ធឆាប់ៗនេះ នៅពេលដែលអុជធូប ទាន ឬក្រដាស់សែនផ្សេងៗ សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីទប់ស្កាត់ករណីកើតឡើងគ្រោះអគ្គិភ័យណាមួយជាយថាហេតុ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print