មូលដ្ឋានទ័ពចំនួន៤ដែលហ្វីលីពីន អនុញ្ញាតឱ្យយោធាអាមេរិកចូលប្រើប្រាស់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣នេះបានផ្សាយថា ហ្វីលីពីន នៅថ្ងៃចន្ទសប្តាហ៍នេះបានប្រកាសនូវមូលដ្ឋានយោធាចំនួន ៤ទៀតរបស់ខ្លួនដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលប្រើប្រាស់បន្ថែមនៅក្រោមកិច្ចព្រមព្រៀងការពារជាតិដែលមានស្រាប់ ក្នុងន័យជំរុញសម្ព័ន្ធភាពដែលមានរយៈពេលជាច្រើនទសវត្សរ៍របស់ពួកគេ។

ទីតាំងទាំងនោះមានមូលដ្ឋានទ័ពជើងទឹកកាមីឡូ អូសាស់ (Camilo Osias) នៃអាកាសយានដ្ឋានស្តា អាណា និងអាកាសយានដ្ឋានឡាល់ ឡូ ដែលស្ថិតនៅក្នុងខេត្តកាហ្កាយ៉ាន (Cagayan) ក៏ដូចជាជំរំយោធាម៉េឆូ ដេឡា គ្រូស (Camp Melchor Dela Cruz) ដែលស្ថិតក្នុងតំបន់ហ្កាមូ (Gamu) នៃខេត្តអ៉ីសាបែលឡា (Isabela) រួមទាំងនៅកោះបាឡាបាក់ (Balabac) ចេញពីកោះប៉ាឡាវ៉ាន (Palawan)។ វាជាទីតាំងដ៏មានសារៈសំខាន់ ដោយសារតែខេត្តអ៉ីសាបែលឡា (Isabela) និងខេត្តកាហ្កាយ៉ាន (Cagayan) បែរមុខទៅទិសខាងជើងឆ្ពោះទៅកោះតៃវ៉ាន់ ខណៈដែលកោះប៉ាឡាវ៉ាន ស្ថិតនៅជិតប្រជុំកោះស្រ្ពេតលី (Spratly) ដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។
ប្រមុខការពារជាតិហ្វលីពីន លោក ខាលីតូ ហ្គាលវ៉េស (Carlito Galvez) បានហៅទីតាំងទាំងនេះថា «ជាយុទ្ធសាស្ត្រ» ហើយសង្កត់ធ្ងន់ថា ហ្វីលីពីនមានទំនួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ នៅសមុទ្រចិនខាងត្បូង។
លោក ហ្គាលវ៉េស បានគូសបញ្ជាក់ថា «នោះជាផ្លូវពាណិជ្ជកម្ម ដែលពាណិជ្ជកម្មច្រើន ឬតិចជាង៣ពាន់ពាន់លានដុល្លារឆ្លងកាត់ជាប្រចាំឆ្នាំ។ វាជាទំនួលខុសត្រូវរបស់យើងក្នុងការធានាជាសមូហភាពយ៉ាងទូលំទូលាយ»។
ការពង្រីកកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិ (EDCA) ឆ្នាំ២០១៤ បានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ហ្វីលីពីន ចំពោះសហរដ្ឋអាមេរិក និងកើតឡើងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង និងបញ្ហាតៃវ៉ាន់៕ ដោយធីរីណា

រូប​ថត​ : vnexpress.vn

រូប​ថត​ :  Reuters

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print