ខេត្តកោះកុង៖ មុននេះបន្តិចសម្ដេចតេជោមានប្រសាសន៍លើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេចថា ៖ ក្នុងពេលធ្វើដំណើរតាមផ្លូវជាតិលេខ៤ពីភ្នំពេញមកកាន់ខេត្តកោះកុងព្រឹកនេះតាមរថយន្ត ខ្ញុំមានឱកាសបានមើលឃើញ ជាបន្តបន្ទាប់នូវស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅតាម ដងផ្លូវព្រមជាមួយរថយន្តដឹកទំនិញតូចធំធ្វើចរាចរណ៌តាមផ្លូវដែលបង្ហាញឲ្យឃើញពីការរីកចម្រើននៃប្រទេសជាតិ។ ចំពោះផ្លូវថ្នល់ និងស្ពានក៏មានលក្ខណៈកាន់តែធំទូលាយងាយស្រួលក្នុងការធ្វើដំណើរបានឆាប់ផងដែរ។
សម្ដេចមានប្រសាសន៍បន្តថា ៖ នៅតាមដងផ្លូវចូលមកកាន់ខេត្តកោះកុង ខ្ញុំបានចុះសួរសុខទុក្ខប្អូនប្រុសអ្នករត់ម៉ូតូឌុប និងក្មួយស្រីអ្នកលក់ចាប់ហួយ ព្រមទាំងក្រុមគ្រួសារកសិករប្រកបរបរស្រែចំការដែលមានដាំដំណាំនៅជុំវិញផ្ទះ។ ខ្ញុំសប្បាយចិត្តដែលបានស្វែងយល់ និងបានឃើញជនរួមជាតិរស់នៅសុខសាន្ត មានរបបរទទួលទាន និងមានម៉ូតូជាយាន្តជំនិះផ្ទាល់ស្ទើរគ្រប់ផ្ទះ។
សម្ដេចមានប្រសាសន៍បន្តទៀតថា ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព យើងទាំងអស់គ្នាបន្តខិតខំចូលរួម កសាង និងអភិវឌ្ឍន៌ប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនខ្លាំងឡើង៕
ដោយ៖ សីលា