ភ្នំពេញ៖ កម្ពុជា និងអូស្ដ្រាលី ប្រកាសរួមដាក់ឱ្យប្រើប្រាស់ពូជស្រូវក្រអូបថ្មីគឺ ចំប៉ីស៧០ បន្ទាប់ពីប្រើពេលអស់៩ឆ្នាំ ក្នុងការស្រាវជ្រាវ និងឆ្លងកាត់ការធ្វើពិសោធន៍នៅលើស្រែកសិករចំនួន៨០កន្លែង ។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី០៥ ខែមេសា ឆ្នាំ២០២៣។
ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម បានបញ្ជាក់ថា ពូជស្រូវចំប៉ីស៧០ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជិតមួយទសវត្សរ៍ រងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា “វសអកក- និងរដ្ឋាភិបាលអូស្ត្រាលី។
ចំប៉ីស៧០ ត្រូវបានបង្កាត់ចេញពីពូជស្រូវផ្ការំដួល របស់កម្ពុជា ដែលជាស្រូវ ជាប់ពានរង្វាន់ល្អដាច់គេក្នុងពិភពលោកជាមួយ នឹងស្រឡាយស្រូវមិនប្រកាន់រដូវ CNi9024។ ពូជស្រូវនេះ បានឆ្លងកាត់ពិសោធន៍នៅលើស្រែកសិករចំនួន៨០កន្លែង ទាំងក្នុងរដូវប្រាំង និងរដូវវស្សា។ ទិវាស្រែចំនួនបីត្រូវបានរៀបចំដោយមានការចូលរួមពីកសិករប្រមាណជា៩០នាក់ ដែលមួយភាគបីនៃអ្នកចូលរួមគឺជាស្ត្រី ដើម្បីវាយតម្លៃទៅលើស្រឡាយដែលល្អបំផុតសម្រាប់ការបញ្ចេញពូជ។ ស្រឡាយមួយ ត្រូវបានជ្រើសរើសនិងដាក់ជូនគណៈកម្មការ បញ្ចេញពូជដំណាំ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្ងៃនេះ លោក Justin Wlyatt ឯកអគ្គរាជទូត អូស្ត្រាលីប្រចាំប្រទេសកម្ពុជា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមគ្នាច្រូតស្រូវ និងដាក់ឱ្យប្រើប្រាស់នូវពូជស្រូវចំប៉ីស៧០ ក្នុងទិវាច្រូតស្រូវ ចំប៉ីស៧០ នៅ វ.ស.អក.ក។
ចំប៉ីស៧០ គឺជាពូជស្រូវក្រអូបដែលប្រើពេលត្រឹម៣ខែ ក្នុងការដាំដុះ។ ស្រូវនេះ គឺជាប្រភេទពូជស្រូវ មិនប្រកាន់រដូវ ព្រមទាំងធន់ នឹងការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ កសិករអាចដាំដុះពូជចំប៉ីស៧០ បានពី២ ទៅ៣ដងក្នុង១ឆ្នាំ ដែលនាំ ឱ្យមានកំណើនផលិតកម្ម និងបរិមាណផល។ ពូជស្រូវប្រភេទថ្មីនេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយបន្ទុកដើមទុនសម្រាប់ ការដាំដុះ ការចំណាយលើការទុកដាក់ស្រូវ និងការបាត់បង់ក្រោយពេលប្រមូលផល។
លោក ឡោ ប៊ុណ្ណា នាយក វ.ស.អ.ក.ក បានលើកឡើងថា « ពូជស្រូវមួយនេះ ពិតជាមានគុណប្រយោជន៍ខ្លាំងណាស់សម្រាប់ កសិករ និងពាណិជ្ជករ។ វាអាចជួយកសិករក្នុងការកាត់បន្ថយការចំណាយ និងកម្លាំងក្នុងការថែទាំស្រែរបស់ពួកគេ។ ដោយសារតែវាជា ប្រភេទពូជស្រូវមិនប្រកាន់រដូវ ពាណិជ្ជករអាចទិញស្រូវចំប៉ីស៧០ បានពេញមួយឆ្នាំតែម្ដង» ។
វិស័យកសិកម្ម គឺជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចកម្ពុជា ដែលរួមចំណែកជិតមួយភាគបួននៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជាក្នុងឆ្នាំ២០២១។ វិស័យនេះ ផ្ដល់កាងារជាងមួយភាគបីនៃចំនួនការងារសរុបរបស់កម្ពុជា ដែលច្រើនជាងពាក់កណ្ដាលនៃអ្នក ធ្វើការសរុប គឺជាស្ត្រី។
អង្ករក្រអូប មានតម្រូវការខ្ពស់នៅទូទាំងពិភពលោក ដែលការនាំចេញមានចំនួនច្រើនជាង៦០ភាគរយ នៃអង្ករនាំចេញសរុបរបស់ កម្ពុជា។ សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់គោលដៅនាំចេញអង្ករឱ្យបាន១លានតោនក្នុងឆ្នាំ២០២៥ខាងមុខ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា៖ « ចំប៉ីស៧០ ត្រូវបានដាក់ឈ្មោះ ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងន័យអបអរសាទរខួប៧០ឆ្នាំនៃទំនាក់ ទំនងការទូតដ៏សំខាន់ ជាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី ។ ពូជស្រូវថ្មីមួយនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការពិពិធកម្ម ផលិកម្មអង្ករក្រអូប និងការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សាអន្តរជាតិ ដែលធ្វើឱ្យជីវភាពរបស់ប្រជាកសិករកម្ពុជាកាន់តែប្រសើរឡើង» ។
ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Justin Wlyatt បានលើកឡើងថា « ប្រទេសអូស្ត្រាលីមានមោទកភាព ដែលបាន គាំទ្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថានស្រាជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្នុងការបង្កើតពូជស្រូវចំប៉ីស៧០នេះ។ ខ្ញុំសង្ឃឹមថា កសិករទូទាំងប្រទេសកម្ពុជា នឹងដាំដុះពូជស្រូវចំប៉ីស៧០នេះ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងអន្តរជាតិ រួមទាំងទីផ្សារប្រទេស អូស្ត្រាលីផងដែរ» ។
ប្រទេសអូស្ត្រាលី គឺជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា ក្នុងកិច្ចគាំទ្រលើវិស័យកសិកម្មចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ គឺនៅពេល ដែលអូស្ត្រាលី បានបញ្ជូនអ្នកជំនាញកសិកម្ម មកជួយធ្វើអោយប្រសើរឡើងនូវការស្រាវជ្រាវដែលយកដំណាំស្រូវជាមូលដ្ឋាន។ អូស្ត្រាលី ក៏បានគាំទ្រលើការងារសំខាន់ៗផ្សេងៗទៀត រួមមានការបង្កើតឡើងនូវ វិទ្យាស្ថានស្រាជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្នុងឆ្នាំ១៩៩៩ ក្រោមភាពជាដៃគូដ៏រឹងមាំជាមួយមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ និងការដាក់ឱ្យដំណើរការកម្មវិធីខ្សែសង្វាក់ តម្លៃកសិកម្មកម្ពុជា (CAVAC) មានរយៈពេល ១២ឆ្នាំ ដែលទើបតែបញ្ចប់ក្នុងឆ្នាំ២០២២។
នៅខែកញ្ញា ឆ្នាំ២០២២ អូស្ត្រាលីបានប្រកាសដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយទៀត គឺកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ កម្មវិធីនេះមានគោលបំណងជួយប្រទេសកម្ពុជា ឱ្យសម្រេចបាននូវការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់។ សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម និងភាពធន់នៃបម្រែបម្រួល អាកាសធាតុ ត្រូវបានបញ្ជ្រាបទៅក្នុងគ្រប់សកម្មភាពរបស់កម្មវិធីCAPRED៕ដោយ៖សហការី