ភ្នំពេញ៖ មុននេះ ទស្សនិកជនជាច្រើនបានចាប់អារម្មណ៍ទៅនឹងសំណេររបស់ អ្នកនាង ប្រាសាទដាវីន ដែលបានបង្ហោះលើបណ្តាញសង្គម។ ការបង្ហោះសារនេះគឺក្រោយកម្មវិធីប្រគួត បានប្រកាសអំពីម្ចាស់មកុដ Miss Supranational Cambodia 2023 មិនបានប៉ុន្មានម៉ោងផង នៅលើគេហទំព័រហ្វេសប៊ុករបស់អនុប្រធានផលិតកម្មវិធីរូបនេះបែជាចេញសារដ៏ចម្លែក និងគេគេតិតថាជាសារដ៏រសើបកម្រនឹងបានឃើញនាងបញ្ចេញ។
ទស្សនិកជនពិតជាធ្លាប់បានស្គាល់ពីសមាសភាពអ្នកនាង ប្រាសាទ ដាវីន ដែលមុននេះនាងបានប្រកាសចូលប្រឡូកសិល្បៈជាថ្មីជាមួយនឹងសម្មទ្ធិផលធំៗក្នុងវិស័យកញ្ញាឯក និងការបង្ហាញម៉ូត។ អ្វីដែលជាការចាប់អារម្មណ៍ក្រោយពីទទួលបានតំណែងពីកម្មវិធីប្រគួតលំដាប់អន្តរជាតិមុននេះដែរ នាងក៏បានបង្ហាញមុខក្នុងការផលិតកម្មវិធីប្រគួតក្នុងស្រុកមួយដែលមានឈ្មោះថា Miss Supranational Cambodia 2023 ក្នុងនោះមានទស្សនិកជនអ្នកគាំទ្រជាច្រើនបានកោតសរសើរពីការផលិតកម្មវិធីដែលមានភាពទាក់ទាញខ្លាំងរហូតផ្ទុះការចាប់អារម្មណ៍ផងដែរ។សារដែលអ្នកនាងបានបញ្ចេញមុននេះមានខ្លឹមសារថា”ខ្ញុំរឹតតែដឹងច្បាស់ពីសង្គមមួយនេះ”។ គេដឹងថា នាងជាសិល្បករដែលកម្រនឹងបញ្ចេញទស្សនៈណាមួយណាស់ ហើយការបញ្ចេញនេះបានធ្វើឲ្យទស្សនិកជនមានចម្ងល់ជាច្រើនរហូតមានអ្នកខ្លះបានទាញភ្ជាប់ទៅនឹងករណីនៃកម្មវិធីប្រគួត ពោលគឺនាងអាចនឹងមិនសប្បាយចិត្តទៅនឹងលទ្ធផលនៃការប្រគួតមុននេះ ។ ក្នុងនោះក៏មានអ្នកបញ្ចេញយោបល់នៅលើសំណេររបស់នាងថា “លទ្ធផលគេគិតថាម្ចាស់មកុដអាចជាកញ្ញា ខេម៉ា បេក្ខភាពតំណាងខេត្តកែប នឹងក្លាយជាម្ចាស់មកុដ ហើយលទ្ធផលធ្វើឲ្យខកចិត្តទៅវិញ”។ នាងមិនបានតបអ្វីវែងឆ្ងាយទៅកាន់អ្នកបញ្ចេញយោល់បច្រើនឡើយបានត្រឹមតែអរគុណ និងរូបសញ្ញា បេះដូងត្រឡប់ទៅកាន់ពួកគេវិញប៉ុណ្ណោះ។ សារខ្លីតែមន័យជ្រៅនេះមិនទាន់ឃើញនាងបញ្ជាក់បន្ថែមទៅកាន់អ្នកលេងបណ្តាញសង្គមមួយចំនួនដែលចង់ដឹងនៅឡើយ។ ក្នុងជំនួបផ្ទាល់មុននេះ អ្នកផលិតកម្មវិធីល្បីឈ្មោះអ្នកនាង ប្រាសាទដាវីន បានបញ្ជាក់ហើយអំពីជំហររបស់នាងក្នុងវិស័យកញ្ញា ឯកថានាងនៅតែបន្ត ប៉ុន្តែការបន្តការងារក្នុងកម្មវិធី Miss Supranational Cambodia ដែរឬយ៉ាងណា ឬមួយត្រូវបង្កើតកម្មវិធីថ្មី ឬទិញសិទ្ធិកម្មវិធីថ្មីនាងនៅមិនទាន់ប្រាកដក្នុងចិត្តនៅឡើយដែរ។ នាងថាមិនមានអ្វីអាក់អន់ស្រពន់ចិត្តនឹងកម្មវិធីនោះដែរ ហើយអ្វីគ្រប់យ៉ាងក៏បញ្ចប់តាមគម្រោងផងដែរ៕
ដោយ វឌ្ឍនា