ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ សេចក្តីព្រាងប្រតិទិន និងផែនការមេសម្រាប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងពិនិត្យសម្រេចលើរបាយការណ៍សង្ខេប ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ គ.ជ.ប ប្រចាំឆ្នាំ២០២២។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំដឹកនាំដោយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។
នាព្រឹកថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ សេចក្តីព្រាងប្រតិទិន និងផែនការ មេសម្រាប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងពិនិត្យសម្រេចលើ របាយការណ៍សង្ខេប ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ គ.ជ.ប ប្រចាំឆ្នាំ២០២២។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួន និងបានឯកភាពជាគោលការណ៍លើ ឯកសារទាំងនោះរួមមាន៖
១. សេចក្តីអំពាវនាវ ចំនួន ៥ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួមមាន ៖
សេចក្តីអំពាវនាវ ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងបំពេញបេសកកម្ម ឬរស់នៅនិងធ្វើការនៅក្រៅប្រទេស សេចក្តីអំពាវនាវ ស្ដីពីការត្រៀមខ្លួន និងត្រៀមឯកសារ ដើម្បីចូលរួមបោះឆ្នោតនៅ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា សេចក្តីអំពាវនាវ ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សេចក្តីអំពាវនាវ ចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ ជួយសម្រួលដល់និយោជិត កម្មករ បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២៨២៣ សេចក្តីអំពាវនាវ ស្តីពីការរក្សាភាពស្ងប់ស្ងាត់នៅថៃ្ងស និងថ្ងៃបោះ ឆ្នោត២. ឯកភាពជាគោលការណ៍បញ្ចូលតួលេខចំនួនអ្នកបោះឆ្នោតដែលបានបោះឆ្នោត
និងបន្ថែមកូឡោន (Column) ចំនួនលេខរៀងគណបក្ស ក្នុងទម្រង់តារាងកត់ត្រាសំឡេងឆ្នោតតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (ទម្រង់ ១១០៨) សម្រាប់ ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ៣. ឯកភាពលើការកំណត់ចំនួនបញ្ហាផលិត និងបោះពុម្ពសន្លឹកឆ្នោត និងសន្លឹកឆ្នោតគំរូ បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ៤. ឯកភាពលើរបាយការណ៍សង្ខេបស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រចាំឆ្នាំ២០២២។
៥. ឯកភាពលើសេចក្តីព្រាងសេចក្តីសម្រេចស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២៣ ប្រតិទិន និងផែនការមេ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
ក្នុងសេចក្តីព្រាងសេចក្តីសម្រេចនោះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និង ការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ត្រូវបានកំណត់រយៈពេល ៣ខែ ដោយចាប់ផ្តើម ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ តាមសេចក្តីសម្រេចនោះ អ្នកដែលមានអាយុ ១៨ឆ្នាំឡើង គឺត្រូវគិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦)។
ចំពោះបញ្ហាផ្សេងៗ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍អំពីសកម្មភាព ឃោសនាបោះឆ្នោតអសកល ដែលកំពុងប្រព្រឹត្តទៅនៅក្រុង ស្រុក ចំនួន ៥ ដែលទើបបំបែក និង បង្កើតថ្មីថា មិនមានបញ្ហាអ្វីកើតឡើងស្មុគស្មាញទេ។ សម្រាប់សកម្មភាពឃោសនាបោះឆ្នោតសកល នាពេលខាងមុខ ឯកឧត្តមប្រធាន គ.ជ.ប បានណែនាំឯកឧត្តមអគ្គលេខាធិការ គ.ជ.ប ឱ្យពិនិត្យ និង សិក្សាស្រាវជ្រាវ ដើម្បីកំណត់អំពីនិយមន័យ ទម្រង់ ទំហំ និងរូបភាពឃោសនាបោះឆ្នោតឱ្យ បានច្បាស់លាស់ ពិសេសសកម្មភាពហែក្បួនឃោសនា និងក្បួនព្យុហយាត្រារបស់គណបក្ស នយោបាយ៕
ដោយ ; សិលា