ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញស្រុកក្រគរប៉ុស្តិ៍រដ្ឋបាលឈើតុំ សហការគ្នាបង្រ្កាបមុខសញ្ញាចោរកម្មប្រើប្រាស់ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងដកហូតបាននៅវត្ថុតាងមួយចំនួនផងដែរ។
ប្រតិបត្តិការបង្រ្កាបមុខសញ្ញារួមទាំងវត្ថុតាងខាងលើអនុវត្តឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិចាមចាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រី ឯម រុន អធិកានគរបាលស្រុកក្រគរ បានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនទី១-ឈ្មោះ ម៉ាត់ ភ្លឺ ភេទប្រុស អាយុ៣៧ឆ្នាំ ខ្មែរអ៊ិស្លាម និងទី២-ឈ្មោះ យ៉ា ក្រី ភេទប្រុស អាយុ១៨ឆ្នាំ ខ្មែរអ៊ិស្លាម ជនសង្ស័យទាំងពីរនាក់រស់នៅភូមិចាមថ្មី ឃុំឈើតុំ ស្រុក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រីបន្តថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបខាងលើនេះកម្លាំងធ្វើការចាប់យកវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់ កាបូបដាក់លុយ១ ដែលទម្លាក់នៅលើផ្លូវ ម៉ូទ័របូមទឹក១គ្រឿង និងអាគុយ៧០អំពែរ១គ្រឿង ហើយវត្ថុតាងទាំងអស់នេះត្រូវបានប្រជាជនអះអាងថា នូវពេលថ្ងៃពួកគេទាំងពីរនាក់នេះអ្នកខ្លះប្រើប្រាស់ អ្នកខ្លះចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀនដល់យប់គឺពួកនេះចេញប្រតិប្រត្តិការនាំគ្នាដើរលួចទ្រព្យសម្បត្តិរបស់អ្នកភូមិ។
លោកអធិកាបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះរួមទាំងដកហូតវត្ថុតាងខាងលើធ្វើឡើងបន្ទាប់ពីកិច្ចសហការបានល្អរវាងប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន ចំណែកជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងបំពេញសំណុំឯកសារពាក់ព័ន្ធបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាល ដើម្បីចាត់ការបន្តនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ៕
ដោយ៖ ប៉ឹម ពិន