ខេត្តសៀមរាប : ពាក់ព័ន្ធករណី បាញ់ប្រហារ លើគ្រួសារ អតីតប្រពន្ធ កាលពីព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២៣ នៅចំណុច ផ្សារលើ ក្រុងសៀមរាប បណ្តាលឲ្យ បាត់បង់ជីវិត ២នាក់ គឺផ្តើមចេញ ពីរឿងគំនុំ កាលពីអំឡុងឆ្នាំ២០២២ ដោយហេតុចាញ់ក្តី ព្រោះតុលាការ បានកាត់ចែកទ្រព្យសម្បត្តិ ឱ្យទៅខាងប្រពន្ធ និងកូន បន្ទាប់ពី ការលែងលះ គ្នា ក៏ក្លាយជាចងគំនុំ ។
សមត្ថកិច្ចជំនាញ បានប្រាប់ឱ្យដឹងថា ជនដៃដល់ មានឈ្មោះ លៀងហៃ អាយុ ៤៣ឆ្នាំ ជាអ្នករកស៊ីលក់បន្លែ មានស្រុកកំណើត នៅខេត្តកំពង់ចាម បច្ចុប្បន្ន រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប របួសធ្ងន់ កំពុងសង្គ្រោះ នៅមន្ទីរពេទ្យ ។
ដោយឡែក អតីតប្រពន្ធ ដែលបានស្លាប់ មានឈ្មោះ យ៉ង់ ផល្លី អាយុ ៤២ឆ្នាំ បន្សល់ទុកកូន ចំនួន ២នាក់ ។ ចំណែកបងស្រីបង្កើត បានរងរបួសធ្ងន់ មានឈ្មោះ យ៉ង់ មុំ អាយុ ៤៧ឆ្នាំ មុខរបរលក់បន្លែ និងប្អូនប្រុស ឈ្មោះ ហាក់ ណារ៉ុង ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរលក់បន្លែបោះដុំ បានស្លាប់ នៅផ្ទះក្នុងបន្ទប់ជាន់ទី១ ។
ជនរងគ្រោះទាំង ៣នាក់ មានស្រុកកំណើត នៅស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្ន រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
លោកអធិការនគរបាលក្រុងសៀមរាប បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ថា, មកដល់ម៉ោង១០និង៣០យប់ថ្ងៃនេះ ! ស្លាប់ ២នាក់ គឺអតីតប្រពន្ធ និងប្អូនថ្លៃប្រុស រីឯ បងថ្លៃស្រី របួសធ្ងន់ កំពុងសង្គ្រោះ ឃាតកដៃឆៅ មិនទាន់ស្លាប់ទេ ។
លោកបានបន្តថា, ឃាតក ក៏មានសភាពធ្ងន់ធ្ងរដោយសារគ្រាប់កាំភ្លើងបាញ់ខ្លួនឯង ហើយសមត្ថកិច្ចកំពុងតែជួយអន្តរាគមន៍ដើម្បីជួយសង្គ្រោះអ្នកដែលបានរងរបួស។
ចំពោះព័ត៌មានលម្អិត បញ្ហាផ្ទៃក្នុងនៅក្នុងគ្រួសារ ទាំងលោកអធិការនគរបាលក្រុងសៀមរាប និងលោកស្នងការនគរបាលខេត្តសៀមរាប មិនទាន់បញ្ជាក់ឲ្យបានលម្អិតនៅឡើយទេ ៕
ដោយ ; សិលា