ភ្នំពេញ : បន្ទាប់ពីបានផ្ទុះការចែករំលែកនូវព័ត៌មាននាយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ស្តីពីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលសារព័ត៌មាន បានលើកឡើងថា “ត្រូវគេឲ្យខុស ហើយដេញឲ្យទៅសុំទោសម្ចាស់រថយន្តថែមទៀត បានត្រឹមទៅដេកយំ ទាំងមិនអស់ចិត្ត” និងបញ្ជាក់បន្ថែមថា “មិត្តភ័ក្តិខាងម្ចាស់រថយន្ត និយាយថា បើខាងម៉ូតូមិនព្រមទទួលខុសទេ ឲ្យយកទៅស្នងការ ហើយតេហៅ លោក រ័ត្ន ស្រ៊ាង ទៅដោះស្រាយ” ស្រាប់តែឯកឧត្តម រ័ត្ន ស្រ៊ាង ឯណោះវិញ បានបញ្ជាក់តបថា រូបគាត់ពុំបានស្គាល់ អ្នកនិយាយឈ្មោះគាត់ខាងលើនេះទេ ហើយ លោក ក៏បានឲ្យកម្លាំងជំនាញចុះស្រាវជ្រាវស្វែងរកបុគ្គល ដែលយកឈ្មោះគាត់ ទៅនិយាយនោះទាំងយប់ ដើម្បីឲ្យធ្វើការបំភ្លឺ រហូតដល់ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ បុគ្គលខាងលើ ត្រូវបាន កម្លាំងការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហៅចូលបំភ្លឺបានសម្រេច។ នេះបើយោងតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ពេលយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា, តាមការបំភ្លឺរបស់បុគ្គលខាងលើ ដែលមានឈ្មោះថា ពន្លក ហៅបារាំង ជាម្ចាស់ភោជនីយដ្ឋាន ឋានសួគ៌ក្រោមមេឃ បានលើកឡើងថា រូបខ្លួនមិនធ្លាប់ស្គាល់និងមិនធ្លាប់ជួប លោក រ័ត្ន ស្រ៊ាង ទេ គ្រាន់តែដឹងថា លោក រ័ត្ន ស្រ៊ាង ជាបុគ្គលមួយដែលល្បី ដែលជួយប្រជាជនច្រើន បង្ក្រាបឧក្រិដ្ឋជនធំៗ ទើបខ្លួននឹកឃើញលើកឈ្មោះ លោក រ័ត្ន ស្រ៊ាង មកនិយាយ ដើម្បីឲ្យរឿងគ្រោះថ្នាក់ចរាចរណ៍នេះ ឆាប់បានបញ្ចប់ កុំឲ្យវែងឆ្ងាយ ក្លាយជាការជ្រុលជ្រោះនិយាយប៉ះពាល់ដល់ កិត្តិយស លោក រ័ត្ន ស្រ៊ាង ដែលមានអាយុអាចស្មើនឹងឪពុកខ្លួន ហើយខ្លួន ក៏បានធ្វើការសុំអភ័យទោស ពី លោក ផងដែរ។
បុគ្គលរូបនេះ បានបញ្ជាក់បន្ថែមថា ជាក់ស្តែងរឿងរបស់មិត្តភ័ក្តិគាត់ គឺបានបញ្ចប់នៅយប់ថ្ងៃទី០៥រួចទៅហើយ ដោយមនោសញ្ចេតនាយោគយល់គ្នា ក្នុងនោះក្រុមខ្លួន បានផ្តល់ទឹក ប្រាក់២០ដុល្លារ ឲ្យទៅភាគីខាងម៉ូតូ ដើម្បីទុកទិញថ្នាំលេប និងបានឲ្យលេខទូរស័ព្ទ ទុកសម្រាប់ទាក់ទងគ្នាផងដែរ ហើយព្រឹកឡើង ភាគីខាងម៉ូតូ បានយកម៉ូតូទៅធ្វើ អស់១៤០ដុល្លារ ក្រុមខ្លួនក៏បានផ្តល់ជូនប្រាក់បន្ថែមមួយចំនួនទៀត ពេលនោះភាគីខាងម៉ូតូក៏បានធ្វើការអរគុណក្រុមខ្លួន ទាំងសប្បាយចិត្ត ស្រាប់តែរំលងបានមួយថ្ងៃ បែរជារឿងនេះក៏បានផ្ទុះខ្លាំងឡើងវិញ។ ហើយខ្លួនក៏បានសារភាពទទួលកំហុស ធ្វើការសុំទោស លោក រ័ត្ន ស្រ៊ាង និងបានសំណូមពរ ដល់បងៗសារព័ត៌មាន បើសិនមានរឿងតូចល្មមៗ សូមបងៗគួរតែគិតដល់កិត្តិយស និងកេរ្ត៍ឈ្មោះ គេផង។
សូមបញ្ជាក់ថា, អំពើដែលជនបង្កបានប្រើភាសាអសីលធម៌ មកលើជនរងគ្រោះជាអនីតិជន ពិតណាស់ថាសង្គមស្អប់ខ្ពើបំផុត ! ហើយក៏មិនគួរប្រើភាសាយោគយល់ សម្រាប់ក្រុមជនបង្កជាក្រុមទំនើង ធ្វើឱ្យប្រជាពលរដ្ឋស្ទើរតែក្នុងក្របខ័ណ្ឌទូទាំងប្រទេស មិនពេញចិត្ត ចំពោះកាយវិកាមិនសមរម្យ ចរិតអសីលធម៌ អាងខ្លួនអញ ស្គាល់អ្នកនេះ ស្គាល់អ្នកនោះ ។ ប្រជាពលរដ្ឋនិងមជ្ឈដ្ឋានទូទៅ សូមឱ្យមន្ត្រីអនុវត្តច្បាប់ បំពេញកាតព្វកិច្ច តួនាទី ឲ្យបានច្បាស់លាស់ ខណៈប្រទេសកម្ពុជា ជាប្រទេសគ្រប់គ្រងដោយច្បាប់ ! មិនមែនការសុំទោស ជាវប្បធម៌ រួចខ្លួន ហើយចាត់ទុកថា, រឿងនេះកុំបន្ត ឬផ្សព្វផ្សាយ , ចុះបើគ្មានការផ្សព្វផ្សាយ តើសមត្ថកិច្ចមានវិធានការឬទេ ? គេនៅចាំបានថា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា, លោកបានបញ្ជាក់ថា លោកអត់ស្គាល់បុគ្គលនេះទេ ខ្ញុំបានឲ្យសមត្ថកិច្ចជំនាញ ស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ , ចុងក្រោយប្រើភាសាប្រយោគយល់ ហើយមិនផ្សព្វផ្សាយ ខណៈជនបង្ករសុំទោស មានន័យថា, ក្រុម ជនទំនើងទាំងនេះ អាចនឹងស្គាល់អ្នកធំណា បានព្រហើនយ៉ាងដូច្នេះ ? គេប្រើភាសានិយាយថាយកទៅស្នងការ បើជនរងគ្រោះ គ្មានកំហុសនោះ មិនសារភាពកំហុស និងសុំទោសពួកគេ , រួចប្រើពាក្យថា, រួចប្រើពាក្យថា, អោយ រ័ត្ន ស្រ៊ាង ធ្វើការរឿងនេះ ។ ចំណុចទាំងអស់នេះហើយ តើមន្ត្រីនគរបាលយុត្តិធម៌ ជាអ្នកអនុវត្តច្បាប់ យោគយល់ជនបង្ក ឬជាន់បន្លិចជនរងគ្រោះ ? ៕
ដោយ : សិលា