ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតខណៈកំពុងអង្គុយក្រោមផ្ទះ នៅពេល មេឃកំពុងធ្លាក់ភ្លៀងលាយឡំទៅដោយផ្គររន្ទះ ។
ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់បណ្ដាលឲ្យបុរសម្នាក់បានស្លាប់នេះ បានកើតឡើងនាល្ងាចថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចក្រោមផ្ទះជនរងគ្រោះ ស្ថិតនៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
សេចក្តីរាយការណ៍នានាក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កាន់ គឹម ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិ.ឃុំកើតហេតុ ។
ប្រភពឲ្យដឹងទៀតថា នៅវេលាកើតហេតុផ្ទៃមេឃពណ៏ខ្មៅ ធ្លាក់ខ្យល់ ធ្លាក់ភ្លៀង លាយឡាំទៅដោយផ្គរ និងរន្ទះ ពេលនោះមានភ្នែកបន្ទោលព្រាក ស្រាប់តែលាន់លឺសម្លេងរន្ទះបាញ់គ្រាំងតែម្ដង ហើយជនរងគ្រោះ(កាន់ គឹម)ដួលដល់ដីទៅហើយ ភ្លាមៗនោះក្រុមគ្រួសារសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញដែរ ប៉ុន្តែគាត់បានស្លាប់បាត់បង់ជីវិតទៅហើយ ។ ក្នុងនោះមានការខូចខាតដូចជា បែកជើងសសរផ្ទះ ពាងទឹក និងផ្ទាំងសូឡាផងដែរ ៕ ដោយៈ ប៉ឹម ពិន