សម្ដេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗ​ក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ បានថ្លែង​ប្រសាសន៍សំខាន់ៗ​ នាឱកាស​អញ្ជើញសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នៅមជ្ឈ​មណ្ឌលកោះពេជ្រ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន​ មានដូចខាងក្រោម​៖

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា​ កន្លងមកសម្តេច​ធ្លាប់បាន​លើក​ឡើង​ពីស្ថានភាព​ខ្វះ​អាចារ្យ សម្រាប់សកម្មភាពពិធីនានា បម្រើឱ្យប្រពៃណី វប្បធម៌ខ្មែរ តាមទម្រង់មួយជាក់លាក់ តែ​ពេលនេះស្ថានភាពកង្វះអាចារ្យមានល្អប្រសើរ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា សាសនាបានស្លាប់ រួម​ទាំង​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​ផងដែរ ក្នុងសម័យប៉ុលពត ក្នុងនោះទីអារាមសាសនា ក៏ត្រូវបានកម្ទេចចោលគ្មានសល់ តែ​ស្ថានភាព​នេះ បាន​រួចរស់ឡើងវិញដោយស្មារតី នៃថ្ងៃជ័យជំនះ ៧មករា។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា ពេលដែលប្រជាពលរដ្ឋមានជីវភាពធូរធារ ប្រជា​កសិករ​បង្ក​បង្កើន​ផលបានល្អប្រសើរ ទីវត្តអារាមក៏រីកចម្រើន ហើយចង្ហាន់បិណ្ឌបាត្ររបស់ព្រះសង្ឃ ក៏​សំបូរ​ពោរពាសដែរ ដែលចំណុចនេះហើយ គឺជាអ្វី​ដែល​យើង​តែង​លើក​ឡើង​ថា​«ពុទ្ធសាសនា​ផ្សារ​ភ្ជាប់​នឹង​សង្គម ឬសាសនា និងរដ្ឋ»។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា គ្រប់សាសនាទាំងអស់ សុទ្ធតែ​បង្រៀន​ឱ្យ​ប្រជាពលរដ្ឋ​ប្រព្រឹត្តិ​អំពើ​ល្អ។ សាសនា​ គឺផ្នែកមួយដ៏សំខាន់ មិនអាចខ្វះបាននៅក្នុងសង្គម។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា វាជារឿងពិតមួយមិនអាចប្រកែកបាន នៅពេល​អាណាចក្រ​ជួប​ប្រទះ​គ្រោះ​មហន្តរាយ ផ្នែកពុទ្ធចក្រក៏រងគ្រោះផងដែរ ដូចជា​ករណី​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០-១៩៧៥ និងពីឆ្នាំ១៩៧៥ នៃរបបកម្ពុជាប្រជាធិបតេយ្យប៉ុលពត។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា អាចារ្យ អាចារិនី មានសារៈសំខាន់ណាស់ ក្នុងវិស័យ​ព្រះ​ពុទ្ធសាសនា។ អាចារ្យ អាចារិនី គឺជាចាស់ទុំ សម្រាប់រៀបចំក្នុងពិធីជាប្រពៃណីរបស់ខ្មែរ តាមទម្រង់មួយដែលបានកំណត់ និងបន្តទៅជំនាន់ក្រោយៗទៀត។

– សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់ អាចារ្យ អាចារិនី ក្នុងពិធីមង្គលការ ត្រូវសម្របសម្រួលជាមួយម្ចាស់ដើមការ ជៀសវាងការខ្វែងគំនិតគ្នាក្នុងពិធីមង្គលការ។ ក្នុងករណីម្ចាស់ដើមការ តម្រូវឱ្យអាចារ្យធ្វើតាមប្រពៃណីភូមិឋានគាត់ ត្រូវតែសម្របសម្រួលតាមនោះ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា ក្នុងជីវិតនយោបាយរបស់សម្តេចតែងតែជោគជ័យជារៀងរហូតមក តែសម្តេចមិនទាន់ប្រកាសថា «ខ្លួនជាគ្រូជោគជ័យទេ» ហើយក៏មិនទាន់អាចទៅបង្រៀនអ្នកដទៃពីភាពជោគជ័យនោះដែរ។

– សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យ«គ្រូជោគជ័យ»ប្រឹងប្រែងរៀនសូត្រពីរបៀបនិយាយឡើងវិញ និងសិក្សាអក្សរសាស្ត្រខ្មែរឱ្យបានច្បាស់លាស់ មុននឹងនិយាយ ឬធ្វើបទបង្ហាញផ្សេងៗ។

– សម្តេចតេជោ​ ហ៊ុន​ សែន​ បានផ្តល់ទស្សនៈថា «ចង់និយាយឱ្យគេស្តាប់ ត្រូវមើលឱ្យច្បាស់ថានរណាកំពុងនៅពីមុខ ឬកំពុងស្តាប់យើង»។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា នៅលើលោកនេះ​គ្មាន​នរណា​ ចេះអស់នោះទេ ឬដឹងសព្វគ្រប់ទេ ដោយសម្តេចចាត់ទុកមនុស្សទាំងអស់ជាគ្រូរបស់សម្តេច ឱ្យតែពួកគេចេះជាង ឬមានគំនិតថ្មីជាងសម្តេច ដែលអាចឱ្យសម្តេចរៀនសូត្របាន។ 

– សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកទឹកឱ្យបន្តមានការបង្ហាត់បង្រៀន បណ្តុះផ្នត់គំនិតវិជ្ជមាន និងជោគជ័យ ដល់ស្រទាប់មហាជនខ្មែរ តែក៏ត្រូវជៀសវាងនូវពាក្យពេចន៍ខ្លះៗដែលមានភាពរសើប និងបង្កបញ្ហាដល់សង្គម។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសទៅបុគ្គលពាល ជ្រកក្រោមព្រះពុទ្ធសាសនា ហៅ«អាខ្មៅ» រកឱ្យឃើញជុំរិញការចោទប្រកាន់ទៅលោក ជេម សុក ហៅសុខសុគន្ធ ថាបានទទួលលុយចំនួន ១០ម៉ឺនដុល្លារអាមេរិកពីសម្តេចតេជោ ហ៊ុន សែន ។ …[]បើសុំទោស រួចខ្លួន បើមិនសុំទោសទេ សម្តេចនៅហៅ«អាខ្មៅ»ជារៀងរហូត។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះឧបាយកលទុច្ចរិតរបស់បុគ្គលប្រឆាំងមួយចំនួនតូច ដែលចញ្ចឹមចិត្ត និងមានបំណងបង្កមហន្តរាយដល់សង្គម និងបំផ្លាញសុខសន្តិភាព។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា នាពេលបច្ចុប្បន្ននេះ ទោះកម្ពុជាជួបនឹងវិបត្តិសេដ្ឋកិច្ច ប្រជាពលរដ្ឋជួបការលំបាកបន្តិចមែន តែគ្មានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ និងគ្មានការគិតគូរពីរដ្ឋអំណាចគ្រប់ជាន់ថ្នាក់នោះទេ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលនៅតែទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

– សម្តេចតេជោ ហ៊ុន សែន សង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋ នៅតែជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោតទាំងអស់។

– សម្តេចតេជោ ហ៊ុន សែន អំពាវនាវ​ឱ្យរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ដើម្បីកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពលើគ្រប់វិស័យបន្ថែមទៀត។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅសល់តែរយៈពេលជាង ២០ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជា នឹងឈានទៅដល់ភាពជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្រោមមូលបទ«កីឡាក្រោមម្លប់ នៃសុខសន្តិភាព»…[] បើគ្មានសន្តិភាពទៀត យើងមិនអាចរៀបចំព្រឹត្តិការណ៍កីឡាធំៗទាំងនេះបានឡើយ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា សន្តិភាពអាចរក្សាបាន តាមតែរយៈតួនាទីរបស់គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

-សម្តេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​ថា «គណបក្សផ្សេងៗ គ្មានបក្សណាអាចរក្សា ការពារសុខសន្តិភាពបានឡើយ…[]បក្សខ្លះនៅផ្ទះស្លឹកសោះ តែសន្យាធ្វើផ្ទះឱ្យគេ..»។

– សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យគ្រប់ផ្នែកពាក់ព័ន្ធរួមគ្នាផ្សព្វផ្សាយ បញ្ជ្រាប ខ្លឹមសារ អប់រំ គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរួមមាន៖ គ្រឿងញៀន ល្បែងស៊ីសង … និងសុវត្ថិភាពចរាចរណ៍ឱ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយអត្រាស្លាប់ និងរបួសឱ្យស្ថិតនៅក្នុងកម្រិតតិចតួចបំផុត។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​បញ្ជាក់បន្ថែមដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុ ឱ្យមានការយោគយល់ខ្ពស់ដល់ប្រជាពល ដែលមិនមានលទ្ធភាពពិតប្រាកដ ដើម្បីសងបំណុលត្រលប់ទៅវិញ ក្នុងកាលៈទេសៈលំបាកក្រោយវិបត្តិ នៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។

...

– សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ឱ្យអនុវត្តចំណាត់ការតាមផ្លូវច្បាប់ដោយគ្មានការលើកលែង ចំពោះបក្សនយោបាយ ឬបុគ្គលណាក៏ដោយ ដែលញុះញង់ និងឃោសនាប្រជាពលរដ្ឋ មិនឱ្យសងត្រឡប់ ឬចេញមកនិយាយបំផុសចលនាមិនឱ្យសងបំណុល៕ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print