ភ្នំពេញ : នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ព្រមទាំងឯកឧត្តម លោកជំទាវ ជា បុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុមគ្រួសារ បាននិមន្តព្រះសង្ឃ ដើម្បីប្រារព្ធពិធីសូត្រមន្តបង្សុកូល ប្រគេនព្រះសង្ឃ នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។
ពិធីនេះ សម្តេចចក្រី និងសម្តេចធម្មវិសុទ្ធវង្សា បានរៀបចំប្រព្រឹត្តទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីនមសិកាព្រះរតនត្រ័យ សមាទានសីល បង្សុកូល និងប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់បុព្វការីជន មាតា បិតា ជីដូន ជីតា ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។ សូមដួងវិញ្ញាណក្ខន្ធទាំងឡាយបានសោយសុខក្នុងឋានបរមសុខកុំបីអាក់ខានឡើយ។
សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបីវត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងសូមទេវតាឆ្នាំថ្មី ឆ្នាំថោះ ព្រះនាម កិមិរាទេវី សូមតាមជួយអភិបាលប្រោសព្រំសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះបងប្អូនជនរួមជាតិ កូនប្រុស កូនស្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ : សហការី