ខេត្តត្បូងឃ្មូំៈ កម្លាំងនគរបាលស្រុកត្បូងឃ្មុំបាន ចាប់ឃាត់ខ្លួនបុរសចំនួន២នាក់ដែលជាជនសង្ស័យពីបទ ទទួលផលចោរកម្ម នៅវេលាម៉ោង២ និង២០នាទីរសៀលថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិទឹកចេញ ឃុំជីរោ ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ប្រភពព័ត៌មានពីលោក ឡុង សារិន អធិការរង នគរបាលស្រុកត្បូងឃ្មុំ បានប្រាប់ឱ្យដឹងថា នៅក្នុងហេតុការណ៍នោះកំលាំងជំនាញ នគរបាលស្រុកត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទី១-ឈ្មោះ រ៉ូ ចាន់ណា អាយុ ២២ឆ្នាំ ភេទប្រុស នៅភូមិទឹកចេញ ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ពីបទទទួលផលចោរកម្ម) និងទី២-ឈ្មោះ ចែម ម៉ៅ ភេទប្រុសអាយុ ២៣ឆ្នាំ នៅភូមិទឹកចេញ ឃុំជីរោទី ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ពីបទទទួលផលចោរកម្ម) តាមពាក្យបណ្តឹង របស់ជនរងគ្រោះ ជាម្ចាស់ម៉ូតូ ឈ្មោះ សុះ ម៉ាត់ ភេទប្រុស អាយុ២៣ ឆ្នាំ នៅភូមិព្រែកតូច ឃុំជីរោទី1 ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានបាត់ម៉ូតូ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នៅក្នុងភូមិ ឃុំ របស់ជនរងគ្រោះខាងលើ។
លោកអធិការ រងស្រុកត្បូងឃ្មុំ បានប្រាប់បន្តថា កិច្ចប្រតិបត្តិការនេះ សមត្ថកិច្ច បានដកហូតវត្ថុតាង ម៉ូតូម៉ាកវ៉េវអេស ចំនួនមួយគ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបាន សមត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មុំ កំពុងសាកសួរ កសាងសំណុំរឿងបញ្ជូនទៅតុលាការ វិនិច្ឆ័យតាមច្បាប់៕
ដោយ៖ វណ្ណះ