ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ចំនួនគោលដៅសរុប ៨៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៣៩គ្រឿង ម៉ូតូ ១០០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៩គ្រឿង មានម៉ូតូចំនួន ១៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
សូមរម្លឹកដែរថា កាលពីថ្ងៃទី៨ ខែមេសាម្សិលមិញ កម្លាំងសមត្ថកិច្ចជំនាញ បានដាក់គោលដៅចំនួនសរុប ១៣០គោលដៅ មានយានយន្តចូលគោលដៅចំនួន ១,១៩១គ្រឿង ម៉ូតូ ៩៣៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១០៦គ្រឿង មានម៉ូតូចំនួន ៧៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេសផងដែរ។
ជាមួយគ្នានេះ របាយការណ៍ដដែល ក៏បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
គួរជម្រាបថា ជារៀងរាល់ថ្ងៃកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេដ នៅតែបន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរលើដងផ្លូវ ឱ្យបើកបរគោរពទៅតាមផ្លាកសញ្ញា គំនូសសញ្ញា ភ្លើងសញ្ញាចរាចរណ៍ ពាក់មួកសុវត្ថិភាព និងធ្វើកិច្ចសន្យាផងដែរ៕ដោយ៖សហការី