ថ្នាក់ដឹកនាំក្រុមយក្សនៅលីកកំពូលអាល្លឺម៉ង់ Bundesliga បានប្រកាសកាលពីថ្ងៃចន្ទថា ខ្សែប្រយុទ្ធក្រុម Bayern Munich កីឡាករ Eric Maxim Choupo-Moting នឹងខកខានការប្រកួតជើងទី១វគ្គ១/៤ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅលើទឹកដីក្រុម Manchester City នៅយប់ថ្ងៃអង្គារ ដោយសាររបួសជង្គង់។
Choupo-Moting ដែលស្ថិតក្នុងរដូវកាលទី៣របស់គាត់ជាមួយ Bayern Munich បន្ទាប់ពីចាកចេញពីក្រុម Paris St Germain និង Stoke City គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងរដូវកាលនេះជាមួយនឹង១៧គ្រាប់នៅក្នុងការប្រកួតទាំងអស់។
កីឡាករវ័យ៣៤ឆ្នាំរូបនេះក៏បានខកខានការទទួលជ័យជម្នះក្នុងលីក ១–០ របស់ Bayern Munich លើក្រុម Freiburg កាលពីថ្ងៃសៅរ៍ផងដែរ។
ក្លិប Bayern Munich បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Eric Maxim Choupo-Moting នឹងមិនធ្វើដំណើរទៅManchester ទេ។ ខ្សែប្រយុទ្ធរូបនេះមិនអាចលេងបានទេ ដោយសារបញ្ហាជង្គង់“។
Bayern Munich ក៏បានប្រកាសផងដែរថា ខ្សែការពារ Lucas Hernandez ដែលមិនបានលេងតាំងពីរបួសជង្គង់នៅ World Cup កាលពីឆ្នាំមុននៅប្រទេសកាតា បានត្រលប់មកហ្វឹកហាត់ជាមួយបាល់វិញហើយ។
គួរបញ្ជាក់ថា ក្រុម Bayern Munich នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Manchester City នៅរាត្រីថ្ងៃអង្គារ វេលាម៉ោង២រំលងអធ្រាត្រម៉ោងនៅកម្ពុជា។ ក្រុមយក្សអាល្លឺម៉ង់មួយនេះបានយកឈ្នះក្រុមយក្សបារាំង Paris St Germain ក្នុងវគ្គ១៦ក្រុម ខណៈដែលក្រុមManchester City បានយកឈ្នះក្រុម RB Leipzig ៕ (រូបភាព ៖ Reuters/CNA)