ភ្នំពេញ :សេចក្ដីប្រកាសព័ត៌មាន ស្តីពី ការបំបែកឯតទគ្គកម្មបេះដូងច្រើនជាងគេលើពិភពលោកដោយជោគជ័យ
“នេះជាភាសាបេះដូងរបស់យើងទាំងអស់គ្នាសម្រាប់កម្ពុជា”សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា បេះដូងក្រដាសដែលបានបត់ដោយប្រជាជនកម្ពុជាទូទាំងប្រទេសសម្រាប់កម្មវិធី «បេះដូងច្រើនជាងគេនៅលើ ពិភពលោក» ត្រូវបានកត់ត្រាជាផ្លូវការចូលក្នុងកំណត់ត្រាពិភពលោក Guinness World Records នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅវេលាម៉ោង ៥៖១៧ នាទីរសៀល ដែលមានចំនួនបេះដូងសរុប ៣,៩១៧,៨០៥ បេះដូង។ ពិធីប្រកាសជាផ្លូវការនេះ ប្រព្រឹត្តទៅក្រោយពេលដែលភ្នាក់ងារ Guinness World Records និងអ្នកស្ម័គ្រចិត្ត ចូលរួមចំនួន ១៥០ រូប បានចំណាយពេល ២ថ្ងៃ ក្នុងការរាប់ និងវាយតម្លៃដោយផ្ទាល់នៅទីតាំងបង្ហាញនូវបេះដូង ព្រមទាំងមានការចូលរួមពីមហាជន យុវជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាសាក្សីនៃព្រឹត្តិការណ៍ដ៏ពិសេសនេះ។
កំណត់ត្រាថ្មីរបស់កម្ពុជានេះ ប្រព្រឹត្តទៅនៅក្នុងបរិវេណប្រាសាទអង្គរវត្តខេត្តសៀមរាប បន្ទាប់ពីបេះដូង ក្រដាសជាច្រើនបានដាក់រៀបចំតុបតែងតាំងបង្ហាញដោយការប្រើចង្កាក់ឬស្សី ហើយតម្រៀបចេញជាសួន បេះដូងដែលមានរូបរាងជា «បេះដូង» និងពាក្យថា «ខ្មែរ» និងការដាក់បន្តោងតគ្នាជាមួយគ្រោងដែកដើម្បីរំលេច ចេញជារូបភាពនានា ដែលជាអត្តសញ្ញាណខ្មែរ។ ការរៀបចំតម្រៀបបែបនេះ គឺម្យ៉ាងដើម្បីឲ្យភ្នាក់ងារកំណត់ត្រា ពិភពលោកមានភាពងាយស្រួលក្នុងការរាប់បេះដូងបានឆាប់រហ័សផង និងម្យ៉ាងក៏បានបង្ហាញពីភាពជាខ្មែរ ក្តីស្រឡាញ់ និងការលើកតម្កើងកេរមរតក វប្បធម៌ អរិយធម៌ខ្មែរផងដែរ។
ថ្លែងប្រសាសន៍បន្ទាប់ពីការប្រកាសជាផ្លូវការនូវកំណត់ត្រាពិភពលោកថ្មីមួយនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា គូសបញ្ជាក់ពីគោលបំណងចម្បងនៃការបត់ “បេះដូងច្រើនជាងគេលើ ពិភពលោក» នេះ ដោយបានលើកឡើងថា៖« ការបត់បេះដូចនេះមិនមែនផ្ដោតសំខាន់ទៅលើការបំបែកឯកទគ្គកម្ម នេះមួយមុខនោះទេ អ្វីដែលជាបំណងមួយបន្ថែមទៀត គឺជាការបង្កើតកម្មវិធី ដែលនាំមកនូវប្រជាពលរដ្ឋគ្រប់ ទិសទី គ្រប់កោសិកាសង្គម គ្រប់វ័យ ឬអាចនិយាយថា ការនាំមកនូវភាពខុសគ្នា មករួមគ្នា ក្នុងចំនុចដូចគ្នា លះបង់ជាមួយគ្នា ក្នុងគោលដៅតែមួយ »។ តាមរយៈចំនួននៃការចូលរួមហួសពីការរំពឹងទុក ពិតជាបានសបញ្ជាក់ពី ១. ភាសាបេះដូងសម្រាប់កម្ពុជា» ព្រោះថាការចូលរួមទាំងអស់ ជាកាយវិការបង្ហាញពីការខ្វល់ខ្វាយ ការយកចិត្តទុកដាក់ ការគាំទ្រសាទរ ការចែករំលែក ស្គាល់ពីទុក្ខធុរៈគ្នា ការលះបង់ពេលវេលា ឬធនធានផ្ទាល់ខ្លួន សម្រាប់អត្តពលិកកម្ពុជាផង និងការចូលរួមសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជាផង។ លោកបានបញ្ជាក់ថា លើសពីការចូលរួមជាលក្ខណៈបុគ្គល មានស្ថាប័នមួយចំនួនបានយកកម្មវិធីនេះទៅបង្កើតជាយុទ្ធនាការផ្ទាល់ ខ្លួន បង្កើតជាកម្មវិធីនៃការប្រកួតប្រជែង បង្កើតជាកម្មវិធីប្រូម៉ូសិនបត់បេះដូង បង្កើតជាChallenge និងការ ផ្សព្វផ្សាយភ្ជាប់ជាមួយផលិតផលនានា។ សកម្មភាពទាំងអស់ មានគោលបំណងរួមមួយ គឺបំផុសការបត់ និង ប្រមូលបេះដូងដើម្បីជាផ្នែកមួយចូលរួមក្នុងកម្មវិធី «បេះដូងច្រើនជាងគេនៅលើពិភពលោក» ។
ការចូលរួមបត់បេះដូងពីសំណាក់មហាជន គឺមិនត្រឹមតែជួយឱ្យកម្ពុជាទទួលបានកំណត់ត្រាពិភពលោក នោះទេ តែការចូលរួមនេះប្រៀបបានដូចជាការចូលរួមរៃអង្គាសថវិកាដើម្បីគាំទ្រអត្តពលិកដែលមានពិការភាព ផងដែរ។ ស្ថាប័នធំៗ ចំនួន ០៥ ដែលជាដៃគូបរិច្ចាគរបស់យុទ្ធនាការ#BeyondTheGames រួមមាន៖ ភេសជ្ជៈV-Active ក្រុមហ៊ុនស្មាត មូលនិធិម៉ានីធនាគារABA និងក្រុមហ៊ុនសាប៊ូClear និងបរិច្ចាគថវិកាសរុប ដែលសមាមាត្រទៅនឹងបេះដូងចំនួន ១លានបេះដូង ( ដោយតម្លៃ៥០០ រៀលក្នុងមួយបេះដូង) ជូនទៅកាន់ អត្តពលិកដែលមានពិការភាព តាមរយៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
សូមជម្រាបជូនថា កន្លងមកកម្មវិធីបត់បេះដូងទទួលបានការគាំទ្រពីសំណាក់មហាជនគ្រប់វ័យ និង ស្រទាប់វណ្ណៈ គ្រប់កោសិកានៃសង្គម ដែលនេះជាសក្ខីភាពនៃការបង្ហាញភាសាបេះដូងសម្រាប់កម្ពុជា ក៏ដូចជា ជ្រួតជ្រាបពីស្មារតី និងគោលដៅរបស់យុទ្ធនាការ #BeyondTheGames: ក្នុងការសាទរភាពជាម្ចាស់ផ្ទះរបស់ កម្ពុជា និងគាំទ្រដល់កីឡាករ កីឡាការិនីទាំងអស់ដែលត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ។ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននៃសង្គមមកពីទូទាំង២៥ រាជធានីខេត្ត ព្រះសង្ឃ សិស្ស និស្សិតពីកម្រិតបឋមសិក្សា រហូតដល់កម្រិតសាកលវិទ្យាល័យ មន្ត្រីនៃស្ថាប័នរដ្ឋ បុគ្គលិកក្រុមហ៊ុនឯកជន សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស មន្ត្រីអង្គការសមាគម អតិថិជននៅ ភោជនីយដ្ឋាន ហាងកាហ្វេ ឬ ផ្សារទំនើប សរុបចំនួន១៧៧ ស្ថាប័នបានចូលរួមក្នុងកម្មវិធី« បត់បេះដូងច្រើនជាង គេលើពិភពលោក» ។
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ជាពិសេសក្រុមការងារយុទ្ធនាការ #BeyondTheGames សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី លោកតា លោកយាយ អ៊ំ ពូ មា មីង ពុកម៉ែ បងប្អូន ក្មួយៗ ដែលបានចូលរួមចែករំលែក «ភាសា បេះដូងសម្រាប់កម្ពុជា តាមរយៈការបត់បេះដូងនេះ ជាពិសេសបានជួយរអង្គាសថវិកាដែលជាការឧបត្ថម្ភ គាំទ្រទៅដល់អត្តពលិកដែលមានពិការភាពរបស់យើង។ ជាមួយគ្នានេះ គោរពអញ្ជើញសាធារណជនទាំងអស់ ចូលរួមទស្សនាសួនបេះដូងខ្មែរ ដែលជាទំហំទឹកចិត្តដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាពលរដ្ឋខ្មែរ ដែលខិតខំ ប្រឹងប្រែងចូលរួមបត់បេះដូង សម្រាប់ប្រទេសកម្ពុជា និងអត្តពលិកកម្ពុជា។
សូមបញ្ជាក់ផងដែរថា បន្ទាប់ការបំបែកឯតទគ្គកម្ម “បេះដូងច្រើនជាងគេលើពិភពលោក- សួនបេះដូង ដែលបានរៀបចំ នឹងត្រូវបានដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលជាការចូលរួម អបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរផង ក៏ដូចជាការផ្សារភ្ជាប់ទឹកចិត្ត ក្តីស្រឡាញ់ និងភាសាបេះដូង របស់យើងចំពោះវប្បធម៌ អរិយធម៌ ប្រពៃណីខ្មែររបស់យើងផងដែរ ៕
ដោយ : សិលា