ភ្នំពេញ៖ គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃគណៈកម្មាធិការជាតិ CAMSOC ព្រមទាំងក្រសួងព័ត៌មាន និងតំណាងស្ថានីយទូរទស្សន៍ទាំងអស់ក្នុងស្រុក បានចូលរួមកិច្ចប្រជុំជជែកលម្អិត ស្តីពីការបែងចែកតួនាទីភារកិច្ចរបស់ស្ថានីយទូរទស្សន៍ ដែលត្រូវផ្សាយផ្ទាល់ការប្រកួតកីឡានីមួយៗ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។
យ៉ាងណាក៏ដោយ ចំពោះការកំណត់ច្បាស់លាស់ថា ទូរទស្សន៍ណាផ្សាយកីឡាអ្វី និងពេលវេលានៃការផ្សព្វផ្សាយ នឹងត្រូវដឹងច្បាស់ ក្រោយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយក អគ្គនាយកសោតទស្សន៍នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃគណៈកម្មាធិការជាតិ CAMSOC នៅក្នុងកិច្ចប្រជុំបន្ទាន់ជាមួយតំណាងស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកទាំងអស់ នៅសណ្ឋាគារ សុខាភ្នំពេញ នាល្ងាចថ្ងៃទី១១ ខែមេសានេះ។
លោក ផុស សុវណ្ណ បានគូសបញ្ជាក់ថា៖ «នេះជាកិច្ចប្រជុំពិភាក្សាអំពីការបែងចែកស្ថានីយទូរទស្សន៍ សម្រាប់ការផ្សព្វផ្សាយប្រភេទកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣។ ជារួម កិច្ចប្រជុំនេះ មានគោលបំណងជំរុញឱ្យការបែងចែកថា ទូរទស្សន៍ណា ត្រូវផ្សាយប្រភេទកីឡាអីខ្លះ ដើម្បីជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្ររបស់កម្ពុជា ស្របតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន»។
បន្ថែមពីលើនេះ លោក បានសង្កត់ធ្ងន់ថា ៖«យើងបានជជែកគ្នាអំពី១៦ប្រភេទកីឡា ដែលត្រូវបានផលិតដោយ CSTV-SGTV ថាត្រូវយកទៅផ្សាយនៅទូរទស្សន៍ណាខ្លះ និងម៉ោងប៉ុន្មាន។ ចំណែក២០ ឬ២១ប្រភេទកីឡាទៀត ថាតើស្ថានីយទូរទស្សន៍ប៉ុន្មាន អាចមានលទ្ធភាពផលិតបាន ហើយប្រភេទកីឡាណាខ្លះ ដែលផលិតមិនបាន មានមូលហេតុអ្វី ដោយសារបញ្ហាអ្វីខ្លះ ឬស្ថិតលើបញ្ហាថវិកា សមត្ថភាព ឬបច្ចេកទេស? ការលើកឡើងបញ្ហាទាំងនេះ ដើម្បីយើងមានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការរាយការណ៍ជូន និងស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខដឹកនាំរដ្ឋាភិបាល»។
«ខ្ញុំគិតថា កិច្ចប្រជុំថ្ងៃនេះ ទទួលបានផ្លែផ្កាច្រើន ដោយយើងប្រមូលធាតុចូល និងលើកបញ្ហានានាមកដោះស្រាយពិភាក្សាជាមួយគ្នា។ ស្ថានីយទូរទស្សន៍ក្នុងស្រុកនានា បានចូលរួមយ៉ាងផុសផុល ក្នុងកិច្ចការងារនេះ ហើយខ្ញុំជឿជាក់ថា ការងារផ្សព្វផ្សាយនេះ យើងបានត្រៀមខ្លួនរួចរាល់ហើយ។
ដោយសារតែមានក្តីបារម្ភច្រើនហើយ ទើបមានកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃនេះបន្ថែមទៀត ហើយនៅពេលដែលយើងទទួលបានកម្មវិធីច្បាស់លាស់នៃការប្រកួតកីឡានីមួយៗ ពីគណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធកីឡាជាតិនានា នោះយើងនឹងអាចបែងចែកភារកិច្ច ដល់ទូរទស្សន៍ណាផ្សព្វផ្សាយកីឡាណាខ្លះ ពោលគឺយើងបានត្រៀមខ្លួនរួចរាល់ហើយ។ នៅក្រោយបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ១ថ្ងៃ ឬ២ថ្ងៃ យើងនឹងដឹងច្បាស់ជាក់លាក់ថា ស្ថានីយទូរទស្សន៍ណាខ្លះផ្សាយកីឡាណាខ្លះ និងពេលវេលាច្បាស់លាស់ផងដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក ផុស សុវណ្ណ។
បើយោងតាមសេចក្តីសម្រេចថ្មីៗនេះ របស់គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានឱ្យដឹងថា សិទ្ធិ និងភារកិច្ចគ្រប់គ្រងដឹកនាំការផ្សាយផ្ទាល់ និងព័ត៌មាន ដោយគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយដឹកនាំដោយឯកឧត្តម ផុស សុវណ្ណ ជាប្រធាន។ CSTV ជួយរៀបចំមជ្ឈមណ្ឌលផ្សាយផ្ទាល់អន្តរជាតិ IBC និងផលិតការផ្សាយផ្ទាល់១១ប្រភេទកីឡា និង SGTV ផលិត ៥ប្រភេទកីឡា និង៣ប្រភេទកីឡាប៉ារ៉ាហ្គេមជនពិការ។ ប្រភេទកីឡា ២១ទៀត ផ្តល់សិទ្ធិជូនគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយបែងចែកជូនទូរទស្សន៍ ក្នុងប្រទេសផលិតការផ្សាយបន្តផ្ទាល់ ដោយផ្តល់សិទ្ធិជូនដោយសេរី ទោះបីជាក្រុមហ៊ុន Competitors ជាមួយក្រុមហ៊ុនឧបត្ថម្ភផ្លូវការរបស់ SEA Games-ASEAN Para Games ក៏ដោយ។
ចំណែកកីឡាចំនួន១៦ប្រភេទទៀត ផលិតដោយ CSTV-SGTV ទទួលបានការផ្សាយបន្តផ្ទាល់ដោយសេរី ហើយទូរទស្សន៍ក្នុងស្រុកអាចរក Sponsors ដាក់ផ្សាយពេលម៉ោងសម្រាកការប្រកួតបានគ្រប់ពេលវេលា។ ការផ្សាយបន្តផ្ទាល់ដឹកនាំដោយគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយត្រូវសហការគ្នា សម្របសម្រួលបច្ចេកទេស និងការងារជាមួយ CSTV-SGTV ក្រុមប្រព័ន្ធ GMS ក្រុមហ៊ុន Pathmazing និងភាគីចិនរៀបចំពិធីបើក-បិទ។ ចំពោះពិធីបើក-បិទ ថតផលិតផ្សាយផ្ទាល់បញ្ចូលទៅក្នុង IBC ដោយភាគីចិនទាំងស្រុង៕
ប្រភព : CAMSOC