ភ្នំពេញ៖ នៅត្រីមាសទី១ ឆ្នាំ២០២៣ នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិង កំពុងខិតខំជំរុញ ការ ងារជួសជុល ផ្លូវបានច្រើន ខ្សែពិសេសការលុបសំបុកមាន់បានស្ទើរគ្រប់ផ្លូវក្នុងក្រុង ធ្វើឱ្យរាជធានីភ្នំពេញ មានសោភ័ណភាពស្រស់បំព្រង មួយកំរិតទៀត ដើម្បីត្រៀម ចូលរួម អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងអបអរសាទរព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។
នេះជាការលើកឡើងរបស់លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើក
ទី៤៧របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ មេសា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ដោយ មានការចូលរួមពី លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងសមាជិក ជាច្រើនរូបទៀត។
លោកម៉ប់ សារិន បានសរសើរចំពោះ អាជ្ញាធរ រាជធានីភ្នំពេញនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដែលបាននិង កំពុង ខិតខំរៀបចំ កែលម្អហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដើម្បីបម្រើឱ្យស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនា ពេលខាងមុខ និងស្រស់បំព្រង។ សូមកោតសរសើរ ក្រុមរថយន្តសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គិភ័យបានឆាប់រហ័ស ទន្ទឹមនឹង នេះក៏បានជួយដោះស្រាយដឹកទឹក ផ្គត់ផ្គង់ប្រជាពលរដ្ឋដែលមានការខ្វះខាតទឹកប្រើប្រាស់បានល្អផងដែរ ។
លោក ម៉ប់ សារិន បានបញ្ជាក់ថា លទ្ធផលជាផ្លែផ្លែដែលរាជធានីភ្នំពេញសម្រេចបានក្នុងត្រីមាសទី១នេះ ពិតជាបានឆ្លុះបញ្ចាំង ឱ្យឃើញច្បាស់ពីការខិតខំបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួនរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធគ្រប់លំដាប់ថ្នាក់ដោយមានការចូលរួមផុសផុលពីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្រោមការ ដឹកនាំយ៉ាងសកម្ម និងយកចិត្តទុកដាក់របស់គណៈអភិបាលរាជធានីភ្នំពេញ។ ក្នុងព្រឹត្តិការណ៍សំខាន់ៗ ដូចជា បុណ្យចូលឆ្នាំសកល បុណ្យជាតិលើកទី៤៤ថ្ងៃជ័យជម្នះ៧មករា បុណ្យសាសនា មាឃ បូជា និងទិវានារីអន្តរជាតិ៨មីនា លើកទី១១២ ប្រជាពលរដ្ឋរាជធានីភ្នំពេញ បានចូលរួមដោយសប្បាយ រីករាយយ៉ាងសុខដុមរមនា មានបរិយាប័ន្ន ក្រោមម្លប់សន្តិភាព និងការ អភិវឌ្ឍក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន។
លោក ម៉ប់ សារិន ក៏បានសម្តែងនូវការកោតសរសើរផងដែរ ចំពោះការគ្រប់គ្រងសំណល់រឹង សំរាមបានល្អ មិនមានការកកស្ទះ ដោយនៅក្នុងត្រីមាសទី១នេះ គិតជាមធ្យម ក្នុងមួយថ្ងៃប្រមូលបាន ៣៥៣៤តោន ។ ជាមួយនេះ មន្ទីរបរិស្ថានរាជធានីភ្នំពេញក៏បានចូលរួមយ៉ាងសកម្មផងដែរក្នុងការចុះត្រួតពិនិត្យ និងណែនាំការទប់ស្កាត់ការ បំពុលបរិស្ថានតាមដងទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ នៅតាមបណ្តាភោជនីយដ្ឋានអាហារដ្ឋាន និងតាមប្រភពបង្កើតសំណល់។
លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ ការកោត សរ សើរ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ ជាការលើកទឹកចិត្តយ៉ាងខ្លាំង ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញបានបន្តសកម្មភាពការងារធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចំរើនបន្ថែមទៀត ៕ សំរិត