ខេត្តបាត់ដំបង៖ បុរសម្នាក់បានធ្វេីសកម្មភាពយកកាំបិតកាប់ប្រពន្ធឱ្យរងរបួសធ្ងន់ហើយយកប្រពន្ធដាក់លើផ្ទះ រួចចាក់គន្លឹះពីក្នុងដេកទល់ភ្លឺ ចុងក្រោយប្រពន្ធទ្រាំមិនបានក៏ប្ដឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួនយកទៅសាកសួរដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមការបញ្ជាក់ពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។
ករណីហិង្សាខាងលើនេះបានកេីតឡេីងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០១និង៣០នាទីរំលងអធ្រាត្រ នៅក្នុងក្រុមទី០៤ ភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា ករណីបទហិង្សាក្នុងគ្រួសារដោយចេតនាមានស្ថានទម្ងន់ទោស (យកកាំបិតកាប់)មួយបានកើតឡើងបង្កដោយជនសង្ស័យជាប្តីឈ្មោះ ឃីង សុខែម ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកកាំបិតចុងស្រួចប្រវែង៤១សម ទំហំ៥,៥១សម កាប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ រ៉ាប់ សុបិន អាយុ២៧ឆ្នាំ រស់នៅភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួសត្រង់ក្បាល (ធ្ងន់)។
បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យជាប្តីបានយកប្រពន្ធដាក់លើផ្ទះ ហើយចាក់គន្លឹះពីក្នុងរួចដេកទល់ភ្លឺដោយមិនបានយកប្រពន្ធទៅមន្ទីរពេទ្យទេ។ បន្ទាប់ពីពេលកើតហេតុ ជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុកបវេល និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចយោបល់របស់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្ម
ទណ្ឌ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋានស្រុកបវេល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេលបានចុះដល់កន្លែងកើតហេតុធ្វើការបង្រ្កាបនិងឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ឃីង សុខែម រួមនឹងវត្ថុតាងដូចជា កាំបិតចំនួន០១។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ចំណែកជនសង្ស័យខាងលើត្រូវបាននគរបាលស្រុកកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖សហការី