ភ្នំពេញ : នៅព្រលប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា, កាលពីម្សិលមិញ កម្ពុជាបានបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» ដែលជាកំណត់ត្រាថ្មីនៃការចូលរួមពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម រួមគ្នាបត់បេះដូងចំនួន ៣ ៩១៧ ៨០៥ បេះដូង។ ចំនួននេះ ជាតួលេខដែលលើសពីការរំពឹងទុក ចំពោះការចូលរួមក្នុងការរៃអង្គាសថវិកាជូនអត្តពលិកជាពិសេសអ្នកដែលមានពិការភាព។
លោកថ្លែងថា, ជាមួយលទ្ធផលដ៏គាប់ប្រសើរគួរជាទីមោទនៈនេះ យើងខ្ញុំពិតជាសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបដែលបានចូលរួមបត់បេះដូងចែករំលែកក្តីស្រឡាញ់ ក្នុងនោះមានចាប់តាំងពីអាយុ៤ឆ្នាំ រហូតដល់ អាយុ៨៤ឆ្នាំ ចូលរួមក្នុងកម្មវិធីនេះ។ លើសពីនេះទៅទៀតនោះ យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់ស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន អង្គការសមាគម ក្រុមហ៊ុន ភោជនីយដ្ឋាន ហាងកាហ្វេ នានា ទាំង១៧៧ ស្ថាប័ន ដែលបានអនុញ្ញាត និងចូលរួម សម្របសម្រួល ក៏ដូចជាបង្កើតកម្មវិធីផ្ទាល់ដោយខ្លួនឯង ក្នុងគោលបំណងដើម្បីប្រមូលបេះដូងឲ្យបានច្រើន និងជាពិសេសអគុណដល់ដៃគូសប្បុរសទាំង៥ ស្ថាប័ន ដែលជាអ្នកបរិច្ចាគ ជូនអត្តពលិក តាមរយៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាជំនួសប្រជាជនកម្ពុជា។ ជាងនេះទៅទៀត ភាគីដែលសំខាន់មួយក្នុងការបំផុសការចូលរួម ឲ្យកាន់តែពុះកញ្ជ្រោលបន្ថែមទៀតនោះគឺ ដៃគូផ្សព្វផ្សាយរបស់យើងទាំងអស់ រួមទាំងបុគ្គលដែលមានប្រជាប្រិយភាពក្នុងសង្គម (KOLs) ជាច្រើនរូបទូទាំងប្រទេស ដែលបានមិនត្រឹមតែចូលរួមផ្សព្វផ្សាយតែប៉ុណ្ណោះទេ ថែមទាំងយកកម្មវិធីនេះជាយន្តការ បណ្តុះស្មារតីនៃភាសាបេះដូង ជូនដល់សាធារណៈជននៃមជ្ឈដ្ឋានរៀងៗខ្លួន។
បន្ទាប់ពីបេះដូងត្រូវបានប្រមូល យើងមានភាគីមួយក្រុមទៀតដែលមិនអាចបំភ្លេចបាន ដែលពួកគាត់ពុះពារ លះបង់ទាំងកណ្តាលថ្ងៃក្តៅ និងទាំងយប់ ដើម្បីរៀបចំតុបតែងបេះដូងនៅប្រាសាទអង្គរវត្តចេញជារូបរាងបេះដូងខ្មែរដ៏ស្រស់ស្អាត។ គាត់ទាំងអស់នេះជាផ្នែកមួយនៃគំរូ ចំពោះស្មារតីលះបង់របស់យុវជនសម្រាប់ប្រទេសជាតិ និងប្រជាជន។ យើងខ្ញុំសូមយកឱកាសនេះ អរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ក្នុងខេត្តសៀមរាប កងម្លាំងការពារ រៀបចំសណ្តាប់ធ្នាប់ អាជ្ញាធរតំបន់ប្រាសាទអង្គរវត្ត និងឆ្មាំអង្គរគ្រប់ៗរូប ដែលបានអនុញ្ញាត និងសហការជាមួយក្រុមការងារប្រកបដោយភាតរភាព។
ជាថ្មីម្តងទៀត សមិទ្ធផលដែលយើងបានសាងរួមគ្នានេះ កើតចេញពីការចូលរួមរបស់ភាគីពាក់ព័ន្ធគ្រប់ៗរូបទាំងអស់ ក្នុងស្មារតីចែករំលែកភាសាបេះដូងរបស់យើងសម្រាប់កម្ពុជា។ ទឹកចិត្តនៃការចូលរួមទាំងអស់ពិតជាមានតម្លៃខ្ពស់ និងមិនអាចកាត់ថ្លៃបាន។ អបអរសាទរកម្ពុជា!!! ៕
ដោយ : សិលា