ព្រៃវែង៖ កម្លាំងនគរបាលខេត្តព្រៃវែង បានបន្តចុះល្បាត និងឈរជើងតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋដែលលេងកម្សាន្ត នៅតាមទីតាំងមួយចំនួន ដែលត្រៀមប្រារព្ធពិធីបុណ្យ “ឆ្នាំថ្មីព្រៃវែង” កាលពីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តព្រៃវែងនឹងរៀបចំព្រឹត្តិការណ៍ “ឆ្នាំថ្មីព្រៃវែង” ដែលនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមប្រកាសដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវវ័យ ដែលនឹងអញ្ជើញមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍ «ឆ្នាំថ្មីព្រៃវែង» សូមជៀសឱ្យឆ្ងាយពីការប្រើប្រាស់ហិង្សា ឬប្រព្រឹត្តបទល្មើសផ្សេងៗ ។ ករណីមានអំពើហិង្សា ឬបទល្មើសណាមួយកើតឡើង ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដាច់ខាតមិនមានការលើកលែង ឬមានវិធានការអប់រំឡើយ កម្លាំងនគរបាលនឹងចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ៕ដោយ៖សហការី