ភ្នំពេញ : ព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ញើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដើម្បីផ្តល់ជូនភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋសារជាថ្មី បន្ទាប់ពីត្រូវបានខកខានប៉ុន្មានឆ្នាំចុងក្រោយ។ នេះជាការបញ្ជាក់ពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។
លោក ហ៊ុនម៉ានី បន្តថា, ក្នុងនាមគណៈកម្មការរៀបចំព្រឹត្តិការណ៍ និងក្នុងនាមក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានអារម្មណ៍សប្បាយរីករាយក្រៃលែង ដែលមហាគ្រួសារខ្មែរទូទាំងប្រទេសបានចូលរួមសារជាថ្មីម្តងទៀតដោយស្មារតីឯកភាព សាមគ្គីភាព សុភមង្គល ភាពសុខដុម សេចក្តីអំណរជាមួយមោទកភាពជាតិ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ឈានចូលព.ស. ២៥៦៧ នៅរមណីយដ្ឋានអង្គរដ៏បវររបស់យើងទាំងអស់គ្នា។ អង្គរសង្ក្រាន្តមិនត្រឹមតែជាឱកាសនៃការជួបជុំរៀបចំ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៃជាតិខ្មែរយើងប៉ុណ្ណោះទេ តែជាឱកាសដើម្បីផ្ដល់ស្នាមញញឹមដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បង្ហាញដល់មិត្តភក្តិបរទេសអំពីភាពរុងរឿង និងភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនាខ្មែរ តាំងពីសម័យមហានគរ រហូតមកដល់ពេលបច្ចុប្បន្ន។
ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេច តែងតែគាំទ្រ ផ្តល់ភាពកក់ក្តៅ និងបានផ្តល់ឱកាសដល់ក្រុមគ្រួសារ ស.ស.យ.ក. ចូលរួមក្នុងកិច្ចការសង្គម និងការងារមនុស្សធម៌ ជាពិសេសការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីផ្តល់ស្នាមញញឹម និងភាពសប្បាយរីករាយជូនប្រជាជនក្នុងភាពជាមហាគ្រួសារខ្មែរ នានាឆ្នាំកន្លងៗមក ដោយជោគជ័យ ក្រោមម្លប់នៃសុខសន្តិភាព។ ជាងនេះទៀតនោះ ខ្ញុំក៏សូមថ្លែងអរគុណចំពោះការរួមចំណែកដល់ការគាំទ្ររបស់ក្រសួង ស្ថាប័នទាំងរដ្ឋ និងមិនមែនរដ្ឋ លោកយាយ លោកតា លោកអ៊ំ មា ពូ មីង និងបងប្អូនជនរួមជាតិគ្រប់រូប ព្រមទាំងមិត្តភក្តិបរទេសទាំងអស់ ជាពិសេស ពុកម៉ែ មា ពូ មីង បងប្អូន ក្មួយៗ ជាអ្នកខេត្តសៀមរាបដែលបានផ្ដល់ស្នាមញញឹម និងភាពកក់ក្ដៅដល់យើងទាំងអស់គ្នា ក្នុងអំឡុងពេលព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
ប្រសិនបើគ្មានការចូលរួមរបស់បងប្អូនទាំងអស់គ្នា និងប្រសិនបើគ្មានស្នាមញញឹមរបស់បងប្អូនទាំងអស់គ្នាទេ នោះអង្គរសង្ក្រាន្តក៏មិនអាចមានរូបរាង និងមានសេក្តីក្អាកក្អាយឡើយ។ ទន្ទឹមនឹងនោះ ការស្វាគមន៍ដ៏កក់ក្ដៅប្រកបដោយការយោគយល់របស់ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តសៀមរាប ក៏ជាកត្តាចាំបាច់ក្នុងការធានាលើកទឹកចិត្តក្រុមការងារអង្គរសង្ក្រាន្តឱ្យសម្រេចទិសដៅខ្លួនប្រកបដោយជោគជ័យ។
ជាមួយគ្នានេះ ខ្ញុំសូមអញ្ជើញលោកតា លោកយាយ លោកអ៊ំ លោកមា ពូ មីង បងប្អូន និងភ្ញៀវទេសចរទាំងអស់ចូលរួមសប្បាយរីករាយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តចាប់ពីពេលនេះតទៅ តាមទីតាំងទាំង៦ និងកម្មវិធីទាំង៤៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ៕
ដោយ : សិលា