ក្រសួងទេសចរណ៍ : ថ្ងៃទី១ នៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរដើរលេងកម្សាន្តប្រមាណជាង ០២លាននាក់

ចែករំលែក៖

ភ្នំពេញ : ក្រសួងទេសចរណ៍ នៅព្រឹកនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានអោយដឹងថា, តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា៖ សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេសសរុបចំនួន ២.០៩៨.៥០១ នាក់ ក្នុងនោះ៖

− ភ្ញៀវជាតិ ២.០៧៩.៦៧០ នាក់

− ភ្ញៀវបរទេសផ្ទៃក្នុង ១៨.៨៣១ នាក់

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

− ខេត្តសៀមរាប ៤៣៦.៦៧៩ នាក់

− ខេត្តបាត់ដំបង  ៣០៥.៦១៥ នាក់

− រាជធានីភ្នំពេញ ២៦៣.៥៤៩ នាក់

− ខេត្តស្វាយរៀង ១៤៤.៧៧៨ នាក់

− ខេត្តកណ្តាល ១២៨.៦៩១ នាក់

− ខេត្តបន្ទាយមានជ័យ ១០៨.៥១៤ នាក់

− ខេត្តកំពង់ឆ្នាំង ១០៣.៧៨៤ នាក់

− ខេត្តព្រះសីហនុ ១០២.០៩៦ នាក់

− ខេត្តកំពត ៩៥,៣៤៤ នាក់

ក្រសួងទេសចរណ៍បន្តថា, ជាការកត់សម្គាល់៖

− ចរន្តនៃការដើរកម្សាន្តនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី១ឆ្នាំ២០២៣នេះ មានសភាពផុសផុលខ្លាំងធៀបនឹងថ្ងៃចូលឆ្នាំទី១កាលពីឆ្នាំ២០២២។ ជាក់ស្តែង តួលេខខាងលើ មានការកើនឡើងប្រមាណ ១៤៣,១៩%  ធៀបនឹងថ្ងៃចូលឆ្នាំទី១ ឆ្នាំ២០២២ ដែលភ្ញៀវសរុបមានត្រឹមតែប្រមាណ ៨៦ ម៉ឺននាក់ប៉ុ​ណ្ណោះ។ 

− ដោយឡែក ស្ថិតិខាងលើ គឺរាប់តែចំនួនភ្ញៀវទេសចរដែលទៅកម្សាន្តនៅរមណីយដ្ឋាន នីងគោលដៅទេសចរណ៍ និងចំនួនភ្ញៀវ និងបងប្អូនប្រជាពលរដ្ឋដែលទៅកម្សាន្តនៅតាមកន្លែងសំខាន់ៗប្រារព្វសង្រ្កាន្តតែប៉ុណ្ណោះ ដោយមិនបានគិតដល់ចំនួនបងប្អូនប្រជាពលរដ្ឋជាច្រើនផ្សេងទៀតដែលលេងកម្សាន្តនៅតាមភូមិស្រុក ឬកម្មវិធីសង្រ្កាន្តជាលក្ខណៈឯកជន ឬក្នុងទ្រង់ទ្រាយតូច។

− ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាបឆ្នាំ២០២៣ ដែលជាខួប១០ឆ្នាំនៃព្រឹត្តិការណ៍នេះ ដែលបានប្រារព្វពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត នាថ្ងៃទី១៤ ខែមេសានេះ បានទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលមានសកម្មភាពកម្សាន្តសប្បាយជាច្រើន ដែលបង្ហាញពីវប្បធម៌ ប្រពៃណី ពិសេសទិដ្ឋភាពនៃការបំបែកឯតទគ្គកម្មបេះដូងច្រើនជាងគេនៅលើពិភពលោកនៅប្រាសាទអង្គរវត្ត។

− បណ្តារាជធានីខេត្តផ្សេងៗ សុទ្ធតែមានការរៀបចំកម្មវិធីសង្រ្កាន្តនៅតាមទីប្រជុំជន ទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា។

− ចរាចរក្នុងរាជធានីភ្នំពេញ ចាប់ផ្តើមមានសភាពស្ងប់ស្ងាត់ខ្លាំងនាថ្ងៃចូលឆ្នាំទី១នេះ។ ប៉ុន្តែ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋភ្នំពេញជាច្រើន បានចេញទៅកម្សាន្តនៅសង្រ្កាន្តវត្តភ្នំ តាមផ្សារទំនើប រួមជាមួយគោលដៅទេសចរណ៍ និងកម្មវិធីសង្រ្កាន្តនៅជុំវិញភ្នំពេញ។ ដោយឡែក បងប្អូនអ្នកភ្នំពេញមួយចំនួន នឹងចាប់ផ្តើមចេញដំណើរកម្សាន្តទៅតាមគោលដៅនានានៅតាមខេត្ត ពិសេសខេត្តសៀមរាប ចាប់ពីថ្ងៃទី២ នេះ។

− ក្រៅតែពីការដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍ និងកម្មវិធីសង្រ្កាន្ត យើងក៏សង្កេតឃើញបងប្អូនប្រជាពលរដ្ឋនៅតាមភូមិស្រុកនានា ទាំងក្មេងៗ យុវជន និងពុកម៉ែមាមីង បាននាំគ្នាជួបជុំលេងល្បែងកម្សាន្ត ច្រៀងរាំសប្បាយ និងលេងល្បែងប្រជាប្រិយនានា។ ខ្លះជិះម៉ូតូ ខ្លះជិះតាមរថយន្តដោយមានដាក់ធុងទឹក និង លេងកំាភ្លើងបាញ់ទឹក ប៉ាតផ្សៅ ធ្វើដំណើរចេញពីភូមិស្រុកមួយទៅមួយដោយក្តីរីករាយ។

− កំលាំងមានសមត្ថកិច្ច ទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្តក្រោមការដឹកនាំរបស់អភិបាលរាជធានីខេត្ត បានចាត់តាំងកំលាំងប្រចំាការ និងសម្រួលចរាចរទាំងនៅតាមដងផ្លូវជាតិ ទីកន្លែងប្រារព្វកម្មវិធីសង្រ្កាន្ត និងគោលដៅសំខាន់ៗ។ 

ជារួម សភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា មិនមានបញ្ហាធំដុំណាមួយកើតឡើងទេនៅថ្ងៃចូលឆ្នាំទី១នេះ ហើយចរន្តភ្ញៀវត្រូវបានរំពឹងថានឹងមានសភាពកាន់តែផុសផុសនាថ្ងៃទី២នេះ ដោយសារបងប្អូនប្រជាពលរដ្ឋមួយចំនួននៅចាំទទួលទេវតាកាលពីរសៀលថ្ងៃម្សិលមុិញ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print