ភ្នំពេញ :ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត, ថ្ងៃទី៣ ជាថ្ងៃឡើងស័ក ។ រីឯការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្តត ។
តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើងត្រូវលើខែណា ? ថ្ងៃណា ? ចាប់ពីសម័យក្រុងនគរធំមក ប្រទេសខ្មែរប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួន ចន្ទគតិ (lunar calendar) (វិធីដើរនៃព្រះចន្ទ) ទើបខ្មែរកំណត់យកខែ មិគសិរ ជាខែចូលឆ្នាំ ហើយជាខែទី ១ ខែកក្តិក ជាខែទី ១២ ។ សម័យក្រោយមក ប្រទេសខ្មែរប្តូរទៅប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួន សុរិយគតិ (solar calendar) (វិធីដើរនៃព្រះអាទិត្យ) ។ ពេលនោះហើយដែលខ្មែរកំណត់ចូលឆ្នាំក្នុងខែ ចេត្រ (ខែទី ៥) ព្រោះក្នុងខែនេះ ព្រះអាទិត្យធ្វើដំណើរចេញពី មីនរាសី ចូលកាន់ មេសរាសី ។ ថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី ១៣ នៃខែ មេសា (ចេត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី ១៤ ក៏មានខ្លះដែរ ។ មហាសសង្ក្រាន្តត ដែលប្រើរបៀបគន់គូរតាម សុរិយគតិ មានឈ្មោះថា «សាមញ្ញសសង្ក្រាន្តត» (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជា សង្ក្រាន្តត) ។ មហាសង្ក្រាន្តត ដែលប្រើរបៀបគន់គូរតាម ចន្ទគតិ ហៅថា «អាយន្តសង្ក្រាន្តត» (ពេលដែល ព្រះអាទិត្យ ដើរបញ្ឈៀង មិនត្រង់ពីលើ) ។ គេនៅប្រើ ចន្ទគតិ ដោយយោងទៅ សុរិយគតិ ព្រោះ ចន្ទគតិ មានទំនាក់ទំនងនឹង ពុទ្ធប្បញ្ញត្តិ ច្រើន ។ ចំណែកឯ ថ្ងៃចូលឆ្នាំតាម ចន្ទគតិ មិនទៀងទាត់ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលក្នុងវេលារនោច ។ ប៉ុន្តែ នៅក្នុងរវាង ១ ខែ គឺមិនមុនថ្ងៃ ៤កើត ខែ ចេត្រ និង មិនហួសថ្ងៃ ៤ កើត ខែ ពិសាខ ទេ ។ ដូចនេះ សង្ក្រាន្តត ខ្លះធ្លាក់ទៅក្នុងខែ ពិសាខ ។
ចំពោះពិធីផ្សេងៗខ្មែរយើងមានរៀបចំតាមប្រពៃណីដូចតទៅ ៖ ពេលមុនចូលឆ្នាំ គេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារ, សំអាតផ្ទះសម្បែង, រែកទឹកដាក់ពាង, រកអុសទុក, និង កាត់សំលៀកបំពាក់ថ្មីៗ ជាដើម ។ ថ្ងៃចូលឆ្នាំមកដល់ គេរៀបគ្រឿងសក្ការៈបូជា សំរាប់ទទួលទេវតាថ្មីមាន ៖ បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ ។ ចំណែកផ្ទះសម្បែង គេតុបតែងរំលេចដោយអំពូល អគ្គិសនីខ្សែតូចៗ ចម្រុះពណ៌ ឬចង្កៀងគោម គ្រប់ពណ៌ សំរាប់ទទួលទេព្តាថ្មី ។ លុះដល់វេលាកំណត់ ទេព្តាថ្មីយាងមក គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់ បន់ស្រន់ សុំសេចក្តីសុខចម្រើន គ្រប់ប្រការ ពីទេព្តាថ្មី ។ ចំពោះគ្រឿងសក្ការៈ និង ក្រយាស្ងើយ ដាក់ថ្វាយទេព្តោនាះ គេនិយមតម្រូវតាមចិត្តទេវតាដែលនឹងចុះក្នុងឆ្នាំនីមួយៗ ។ ឧទាហរណ៍ ៖ បើទេវតាដែលត្រូវចុះមកនោះសោយល្ង សណ្តែក គេដាក់សណ្តែក ល្ង ថ្វាយ ថ្វាយ ។ រីឯពិធី ៣ ថ្ងៃ នៃថ្ងៃចូលឆ្នាំនោះគឺ ៖
ថ្ងៃទី ១ ៖ គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និង សំដែងធម្មទេសនា ។
ថ្ងៃទី ២ ៖ កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតា ជាដើម ។ ជួនកាលគេធ្វើទាន ដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង ។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានស្លាប់ទៅ ។
ថ្ងៃទី ៣ ៖ ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ ។ ពេលល្ងាច និមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ) ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និង មានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់ តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ ។ អ្នកខ្លះនិយមនាំគ្នាដើរកំសាន្ដបន្ត អ្នកខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម ។
-វាលុកចេតិយ
ពាក្យសាមញ្ញហៅថា «ពូនភ្នំខ្សាច់» ។ ការពូនភ្នំនេះគឺគេយកខ្សាច់សុទ្ធមកចាក់នៅកន្ដាលទីធ្លាដែលគេបានកំនត់ រួចពូនអោយចេញជារាងចេតិយបែរមុខទៅទិសខាងកើត ហើយគេសន្មត់ហៅថា «វាលុកចេតិយ» គឺតំនាងអោយព្រះចូលាមនីចេតិយដែលសាងសំរាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ។ ការពូនភ្នំនេះ បច្ចុប្បន្នតំបន់ខ្លះ គេនិយមពូនភ្នំអង្ករនៅសាលាឆាន់ រឺក្នុងព្រះវិហារផងដែរ។ ភ្នំខ្សាច់ដែលគេពូនមិនមានកំនត់ថា ត្រូវមានខ្នាតតូចខ្ពស់ទាបប៉ុណ្ណាទេ គឺប្រព្រឹត្តទៅតាមការពេញចិត្តរបស់អ្នកស្អាង។ ប៉ុន្តែចាំបាច់ត្រូវមានភ្នំមួយនៅកន្ដាល ហើយត្រូវមានភ្នំតូចៗ ៤ ព័ទ្ធជុំវិញគ្រប់ទិសតូចទាំង ៤ ។ នៅជុំវិញភ្នំគេមានធ្វើរាជវត័ តុបតែងលំអស្លឹកដូង ស្លឹករំសែជាបួនជ្រុងមានទ្វារ ចេញចូលតាមទិសធំទាំង ៤ ។ នៅជុំវិញរាជវ័តគេមានរៀបរានទេវតាគ្រប់ទិសទាំង ៨។ នៅលើរានទេវតានិមួយៗគេរៀបស្លាធម៌មួយគូបាយសីមួយថ្នាក់ មួយគូ ទៀន៥ ធូប៥ ផ្កាភ្ញី និងអុជទៀនធូបថ្វាយ ។ នៅពីមុខភ្នំខ្សាច់ក្រៅរាជវត័ គេរៀបរានធំៗបីទៀត សំរាប់ថ្វាយព្រះយមរាជ ស្ថិតនៅកន្ដាលខាងឆ្វេងរានព្រះយមរាជ គឺរានព្រះពុទ្ធគុណ និងខាងស្តាំគឺរានព្រះពិស្នុការរានធំទាំងបីនេះ គឺគេរៀបគ្រឿងសក្ការៈបូជាដូចរានទេវតាដែរ តែបាយសីខ្ពស់រហូតដល់ ៩ថ្នាក់ និងមានដាក់សំលៀកបំពាក់ឆ្វេងស្តាំ ហើយមានដាក់ក្រយាថ្វាយសោយទៀតផង។ ការសាងវាលុកចេតិយនេះ ដោយគេសំគាល់ថា នឹងបានជាផល្លានិសង្សវិសេសវិសាលណាស់ ដូចមានសំដែងក្នុងរឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រ ។
-រួមអានិសង្ស
ព្រះបរមសាស្តាទ្រង់បានសំដែងអំពី អានិសង្សដែលបានកសាងបុណ្យកុសល ក្នុងឱកាសដាច់ ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្តារ អ្នកដែលបាន ផ្ងូតទឹកឲ្យមាតា បិតា គ្រូឧបជ្ឈាយ៍ អាចារ្យ ឬព្រះសង្ឃក្នុងឱកាសសង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដី មានឫទ្ធិដ៏មហិមា សំបូរដោយរតនៈ ៧ ប្រការ ដេរដាសដោយពពួកនាងនារីដែលមានរូបឆោមល្អ និង សំបូរដោយចតុរង្គសេនា ជាអ្នកបានសេចក្តីសុខគ្រប់យ៉ាង ។ អ្នកដែលបានលែងសត្វតិរច្ឆាន ដូចជា មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយអំណាចដែលបានលេងសត្វអំបាលនោះ អ្នកនោះរមែងជាអ្នកមានអាយុយឺនយូរ ជាអ្នកមានសុខច្រើន ឥតមានរោគភ័យមកបៀតបៀនក្នុងកាលទាំងពួងប្រកបតែសេចក្តីសុខ ។ ដោយផល្លានិសង្សដែលបានស្រង់ព្រះសង្ឃ អ្នកនោះទោះទៅកើតក្នុងភពណាៗរមែងមានរូបឆោមល្អជាទីជ្រះថ្លាដល់អ្នកបានឃើញ ជាអ្នកមានសំបុរកាយផូរផង់ ជាទីគាប់ចិត្តជាទីគួរឲ្យមើល ជាអ្នកមានប្រាជ្ញាស្រួច ជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះសូត្រ និងព្រះវិន័យ ជាអ្នកទ្រទ្រង់ និង ចេះចប់នូវព្រះបិដក ជាអ្នកមានអាយុយឺនយូររាល់ៗជាតិ ជាអ្នកមានបុត្រ ភរិយានូវគណញាតិ សុទ្ធតែជាអ្នកឧត្តមថ្លៃថ្លា។ ទាំងនេះជាអានិសង្សផ្ងូតទឹកក្នុងពេលចូលឆ្នាំ ។ ដោយប្រការដូច្នេះហើយ បានជានៅឱកាសចូលឆ្នាំមនុស្សទាំងឡាយតែងនាំគ្នាដោះលែង សត្វផ្សេងៗ តែងនាំគ្នាធ្វើបុណ្យផ្សេងៗ ដើម្បីបានទទួលនូវអានិសង្សទាំងនោះ ។
-អានិសង្សវាលុកចេតិយ
ក្រៅពី មហាសំការសូត្រ នៅមាននិទានមួយទៀតហៅថា «អានិសង្សវាលុកចេតិយ» ជារឿងដែលគេតាក់តែងជាភាសាខ្មែរយូរលង់ណាស់មកហើយ មានចំនួន ១ ខ្សែ សំដែងអំពីការសាងវាលុកចេតិយថា មានផល្លានិសង្សជាអនេកប្បការ វេលាឆ្លង វាលុកចេតិយ គេច្រើនយករឿងនេះទេសន៍ ។ ក្នុងរឿងអានិសង្សវាលុកចេតិយនោះ និទានមួយក្នុងចំណោមនិទានទាំង ៣ នោះត្រូវបានលើកយកមកធ្វើជាឧទាហរណ៍ គឺ ៖
និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកៈ ជាអ្នកឈ្មួញសំពៅ ។ នាសម័យមួយ បារិកៈ បើកសំពៅទៅជួញបានប្រទះឃើញផ្នូកខ្សាច់សល្អនៅតាមឆ្នេរសមុទ្រ ក៏បបួលពួក ពាណិជ ដែលទៅជួញជាមួយគ្នា បើកសំពៅឆៀងចូលចតនៅទៀបផ្នូកខ្សាច់នោះ ហើយនាំគ្នាកជាវាលុកចេតិយ ឧទ្ទិសជាតំណាង ចូលាមុណីចេតិយ ដែលបញ្ចុះព្រះចង្កូមកែវរបស់ព្រះពុទ្ធ នៅឋានត្រៃត្រឹង្ស ។ ស្រេចហើយពួកពាណិជទាំងនោះក៏បេះយកផ្កាឈើមកបូជា ដើរប្រទក្សិណ ៣ ជុំ ហើយនាំគ្នាចុះសំពៅបើកចេញទៅជួញបន្តទៀត ។ បារិកពោធិសត្វ និង ពួកឈ្មួញអម្បាលនោះ លុះរំលាយខន្ធទៅ ហើយបានទៅកើតជាទេវបុត្រនៅឋានសួគ៌ជាច្រើនជាតិ លុះច្យុតពីសួគ៌ បានកើតក្នុងមនុស្សលោកបានជាស្តេចឯករាជ្យជាច្រើនជាតិ និង ត្រារាប់ពុំបានឡើយ ។ ក្នុងទីបំផុត បារិកពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយអំណាចផល្លានិសង្ស ដែលបានសាង វាលុកចេតិយ ។
– វិភាគ និងកំណត់សម្គាល់៖
បើអ្នកអានវិភាគបន្តិចលើសាច់រឿងនិទាននេះ គេអាចរកឃើញថា វាប្រហែលជារឿងនិទានដែលប្រឌិតឡើងដោយពួកអ្នកកាន់លទ្ធិព្រាហ្មណ៍ ឬពួកអ្នកកាន់ពុទ្ធសាសនានិកាយមហាយាន ដែលប្រជាជននៅប្រទេសឥណ្ឌា, ណេប៉ាល់, ទីបេ, ភូតាន (Bhutan), ចិន, ម៉ុងហ្គោល, ទូវ៉ា (Tuva), កាល់មីគា (Kalmykia), ជប៉ុន, កូរ៉េ, តៃវ៉ាន់, វៀតណាម ។ល។ គោរពរាប់ទុកថាជាពុទ្ធសាសនារបស់ខ្លួន ។ ពុទ្ធសាសនានិកាយមហាយានមានទស្សនវិជ្ជានិងកិច្ចបូជាស្រដៀងគ្នានឹងលទ្ធិព្រាហ្មណ៍ ដោយលាយចម្រុះជាមួយនឹងកិច្ចខាងសាសនារបស់ជនជាតិដើមរបស់អ្នកស្រុកនៃប្រទេសទាំងនោះផង ។ ក្នុងពុទ្ធសាសនានិកាយមហាយាន គេសង្កេតឃើញមានភាពខុសគ្នាច្រើនទាំងខាងទ្រឹស្តី និង ការអនុវត្ត ពីប្រទេសមួយទៅប្រទេសមួយ ដែលមានវប្បធម៌ និង សាសនាដើមរបស់មនុស្សម្ចាស់ស្រុកផ្សេងៗគ្នា ។ ដូច្នេះហើយទើបគេឃើញមានការបែកខ្ញែកជាច្រើននិកាយបន្តទៅទៀតនៅក្នុងពុទ្ធសាសនាមហាយាន សូម្បីនៅទីបេក៏មាននិកាយធំៗចំនួន ៤ និងនិកាយតូចៗច្រើនទៀត ។ ពួកគេឲ្យតម្លៃខ្លាំងទៅលើពោធិសត្វច្រើនរាប់មិនអស់ ដែលទុកដូចជាកប៉ាល់ (យានធំ) កំពុងរង់ចាំជួយស្រោចស្រង់ចម្លងមនុស្សយកទៅដាក់នៅស្ថាន សុខាវតី (Sukhavati or Pure Land) ដែលគេជឿថាជាស្ថានស្ថិតនៅចម្ងាយមួយលានគីឡូម៉ែត្រភាគខាងលិចផែនដី ដែលនៅទីនោះមានព្រះពុទ្ធមួយអង្គព្រះនាម អមីតាភៈ (Buddha Amitabha)។ ពួកគេបង្រៀនថា ព្រះពុទ្ធ អមិតាភៈ បានសន្សំកុសលរាប់ម៉ឺនជាតិទើបបានត្រាស់ជាព្រះពុទ្ធដែលកំពុងគង់មានជីវិតនៅឯស្ថាន សុខាវតី ។ ពួកអ្នកកាន់ពុទ្ធសាសនានិកាយមហាយានជឿថា បើមនុស្សណាម្នាក់បានសូត្រឈ្មោះព្រះពុទ្ធ អមិតាភៈ ឲ្យបានដប់ដងមុនពេលស្លាប់ ពេលនោះគេនឹងបានទៅកើតនៅស្ថាន សុខាវតី ។ អ្នកបួសនៅក្នុងពុទ្ធសាសនានិកាយមហាយាន ជាពិសេសនៅទីបេ ត្រូវស្បថ (ទាំងអស់មានចំនួន ៤៨) ថាបើខ្លួនបានក្លាយជាព្រះពោធិសត្វពេលណា គេមិនត្រូវចូលទៅស្ថាន សុខាវតីចោលមនុស្សលោកទេ ពោលគឺនៅរង់ចាំចម្លងមនុស្សលោកឲ្យអស់ពីផែនដីទៅដាក់ទីនោះសិន ទើបខ្លួនអាចចូលទៅតាមក្រោយ ។ ក្នុងរាល់អំពើ និង ការបង្រៀនទាំងអស់ ពួកគេសង្កត់ធ្ងន់ទៅលើពាក្យ ករុណា (compassion) ពោលគឺការផ្សាយមេត្តាចំពោះគ្រប់សត្វទាំងអស់ ជាពិសេសមនុស្ស ។ សង្ឃក្នុងនិកាយនេះមិនឆាន់សាច់សត្វទេ ព្រោះពួកលោកយល់ថាវាគឺជាទង្វើដែលលើកទឹកចិត្តដល់ការសម្លាប់សត្វមានជីវិតបន្តទៀត ។ ហេតុអ្វីបានជាយើងត្រូវសិក្សាឲ្យដឹងខ្លះៗនូវទ្រឹស្តី, ជំនឿ និង កិច្ចនានានៃពុទ្ធសាសនាមហាយាន ? យើងត្រូវតែសិក្សាឲ្យយល់ខ្លះ ព្រោះខ្មែរក៏ធ្លាប់កាន់ពុទ្ធសាសនានិកាយមហាយានដែរ ហេតុនេះហើយទើបយើងឃើញមាននិទានឬជាតកច្រើនរាប់សឹងមិនអស់ដែលពោលសរសើរពីអានិសង្សអស្ចារ្យនៃទាននេះឬទាននោះ សូម្បីតែវត្ថុទានតែបន្តិចក៏អាចបានទៅកើតនៅស្ថានសួគ៌ រស់នៅក្នុងវិមានស្កឹមស្កៃ បើកើតនៅលើផែនដីក៏បានជាមនុស្សមានអំណាចផុតគេប្រកបដោយអ្នកបម្រើ ឬប្រពន្ធរាប់មិនអស់ ។ ការបង្រៀនបែបនោះគឺឲ្យតម្លៃតែទៅលើការឲ្យវត្ថុទាន និងមិនឲ្យតម្លៃទៅលើការសិក្សា និងប្រតិបត្តិតាមធម៌ពិតរបស់ព្រះពុទ្ធទេ ។ វាជាការបង្រៀនដែលនាំឲ្យមនុស្សច្រើននាក់យល់ច្រឡំថាជាពាក្យរបស់ព្រះពុទ្ធ ។
និទានទី ២ ដំណាលពីនាយនេសាទម្នាក់ (មិនប្រាកដឈ្មោះ)។ នាយនេសាទនោះធ្វើតែបាប សំលាប់សត្វបរិភោគតាំងពីតូចរហូតដល់ចាស់ មិនដែលបានធ្វើបុណ្យម្តងសោះ ។ នាថ្ងៃមួយ មានភិក្ខុសង្ឃ ១រូប នឹកអាណិតនាយនេសាទខ្លាំងណាស់ ក៏គិតរកឧបាយឲ្យគាត់បានសាងបុណ្យកុសលខ្លះ ។ លុះគិតរួចហើយ ភិក្ខុអង្គនោះក៏គ្រងចីវរកាន់យកនូវ បាត្រដើរទៅរង់ចាំផ្លូវនាយនេសាទ ។ ថ្ងៃនោះវេលាព្រឹកនាយនេសាទលីលំពែង ១ និង ពុនបាយ ១កញ្ចប់ចេញទៅព្រៃដើម្បីស្វែងរកសត្វមកចិញ្ចឹមជីវិតដូចកាលសព្វដង ។ ដំបូងនាយនេសាទប្រកែកដាច់ថា មិនព្រមប្រគេន តែភិក្ខុនោះចេះតែទទូចសុំ ។ អត់មិនបានក៏រំលែកបាយ ១ ពំនូតប្រគេន ។ ក្រោយមក កាលនាយនេសាទរំលាយខន្ធស្លាប់ទៅត្រូវពួកយមបាល ឬ យមភូបាលយកខ្លួនទៅសួរយកចម្លើយ អំពីរឿងកាលនៅមនុស្សលោកនោះបានធ្វើបុណ្យខ្លះទេ ? នាយនេសាទតបថា ៖ មិនបានធ្វើបុណ្យទេ ធ្វើតែបាបតាំងពីតូចមក ។ ពួកយមបាលក៏នាំគ្នាចាប់បោះទៅក្នុងរណ្តៅភ្លើងនរក តែមិនឆេះ ត្រលប់ជាខ្ទាតចេញមកវិញ យមបាលនឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ។ ទទួលនាយនេសាទក្រលេកទៅឃើញអណ្តាតភ្លើងមានពណ៌ដូចចីវរលោកសង្ឃ ក៏នឹកឃើញដល់ទានដែលខ្លួនបានធ្វើ ទើបឆ្លើយថា កាលនៅមនុស្សលោកបានធ្វើទានបាយមួយពំនូតដល់ភិក្ខុ
១រូបដែរ ។ ពួកយមបាលប្រាប់ថា បើដូច្នេះអ្នកឯងត្រូវទៅកើតឯឋានសួគ៌មួយអាទិត្យ លុះដល់ថ្ងៃទី ៨ យើងនឹងយកខ្លួនមកទទួលទោសនៅឋាននរកនេះវិញ ។ ក្នុងមួយរំពេចនោះវិញ្ញាណរបស់នាយនេសាទ ក៏បានទៅកើតនៅឋានសួគ៌ ឈ្មោះថា អន្នំលោកង្សិន៍ទេវបុត្រ មានទំហំ ១២ យោជន៍បរិបូណ៌ទៅដោយសម្បត្តិ និង ស្រីទេពកញ្ញាបំរើត្រៀបត្រា មាននាងសុវណ្ណឱរ៉ៃ ជាទេពី ។ អន្នំលោកង្សិន៍ទេវបុត្រសោយសម្បត្តិបាន ៦ ថ្ងៃ នឹកឃើញដល់ពាក្យរបស់យមបាល ក៏កើតសេចក្តីទុក្ខទោមនស្សពន់ពេក ហើយចូលទៅដេកទួញយំ នាងសុវណ្ណឱរ៉ៃ ឃើញដូច្នេះ ក៏ចូលទៅសួរអន្នំលោកង្សិន៍ទេវបុត្រក៏រ៉ាយរឿងប្រាប់តាំងពីដើមរហូតដល់ចប់ ។ នាងសុវណ្ណឱរ៉ៃលួងលោមថា បើដូច្នោះសូមព្រះអង្គកុំជាទុក្ខទោមនស្សឡើយ ត្បិតព្រះពុទ្ធសំដែងថា «ទោះអ្នកណាធ្វើបាបអម្បាលម៉ានក្តី បើចង់ឲ្យរួចអំពីកម្មពៀរដែលខ្លួនធ្វើហើយ គប្បីសាងវាលុកចេតិយធ្វើបុណ្យឆ្លង ហើយនិងងរួចអំពីកម្មពៀរនោះហោង» ហេតុនេះសូមព្រះអង្គធ្វើតាមព្រះពុទ្ធបន្ទូលនេះចុះ ទៀងជាដោះរួចចាកកម្មពៀរជាមិនខាន ។ អន្នំលោកង្សិន៍ទេវបុត្របានឮដូច្នោះក៏សោមនស្សទើបចាត់ការសាងវាលុកចេតិយ និង ធ្វើបុណ្យឆ្លងហើយស្រេចក្នុងរវាង ៧ ថ្ងៃនោះ ។ លុះដល់ថ្ងៃទី ៨ វេលាព្រឹកព្រហាម ពួកយមបាលក៏ទៅដល់ស្រែកហៅរកអន្នំលោកង្សិន៍ទេវបុត្រឲ្យចេញមក គ្រានោះអន្នំលោកង្សិន៍ទេវបុត្រគេចមុខចេញ ទុកឲ្យនាងសុវណ្ណឱរ៉ៃចេញមកទទួល ។ នាងបដិសេធយមបាល ដោយមិនព្រមបើកយកស្វាមីរបស់នាងទៅឡើយ ។ នាងអះអាងថា៖ ស្វាមីរបស់យើងបានសាងវាលុកចេតិយ និង ធ្វើបុណ្យឆ្លងរួចហើយ ។ បាបកម្មទាំងពួងក៏ជ្រះអស់អំពីខ្លួនហើយ តែបើនៅតែត្រូវការយកខ្លួនគាត់ទៅធ្វើទោស ចូររាប់ខ្សាច់ ១ពែងនេះឲ្យអស់ ទើបអាចយកទៅបាន ។ យមបាលតបថា ៖ មិនសល់ក្រអ្វីទេ ការរាប់ខ្សាច់ ១ ពែង ប៉ុណ្ណោះ ។ រួចនាំគ្នារាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ ។ គ្រាប់ខ្សាច់ដែលយកចេញពីពែងរាប់ដាក់ទៅខាងក្រៅទៅជាគំនរយ៉ាងធំកំពស់ស្មើចុងត្នោត តែខ្សាច់ក្នុងពែងនៅដដែល គ្មានស្រកស្រុតទៅណាសោះ ។ ពួកយមបាលទាល់ចំណេះនឹងរាប់តទៅទៀត ក៏នាំគ្នាត្រលប់ទៅយមលោកវិញ ។ រីឯអន្នំលោកង្សិន៍ទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោកអស់កាលអង្វែងតមកទៀត ។ គាត់មិនបានទៅសោយទុក្ខក្នុងនរកដូចដែលយមបាលកំនត់ទុកនោះទេ ។ ទាំងនេះក៏ដោយអំណាចផល្លានិសង្សដែលបានសាងវាលុកចេតិយ និង ធ្វើបុណ្យឆ្លងដូចពោលហើយ ។
– និទានទី៣ ដំណាលអំពៅចៅកំជិលខ្សាច់ ។ មានក្មេង ១ នាក់ចេះតែទៅភ្នំខ្សាច់នោះរាល់ៗថ្ងៃ ប្រលាក់ទៅដោយដីខ្សាច់រាល់ថ្ងៃ ទាល់តែគេហៅថា «ចៅកំជិលខ្សាច់» ។ ថ្ងៃមួយ ព្រះឥន្ទ្របើកទិព្វចក្ខុមើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់អោយនាងទេពធីតា ១ អង្គចុះមកធ្វើជាប្រពន្ធចៅកំជិលខ្សាច់ ។ ដំបូងចៅកំជិលខ្សាច់ប្រកែកមិនព្រមយក ដោយថ្លែងថា ខ្លួននៅក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹមនាងទេពធីតាទេ ។ ទើបព្រះនាងទៅរកម្តាយឪពុកចៅកំជិលខ្សាច់ ដោយបានថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះឥន្ទ្រប្រើឲ្យចុះមកធ្វើជាប្រពន្ធចៅកំជិលខ្សាច់ ។ មាតាបិតាឃើញនាងទេពធីតា ក៏ពេញចិត្តដោយនាងមានរូបឆោមល្អ ទើបលួងលោមចៅកំជិលខ្សាច់ទាល់តែព្រមយក ។ ចៅកំជិលខ្សាច់ តាំងពីបាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាតបាត ផូរផង់ ល្អជាងពីមុនមកឆ្ងាយណាស់ដោយនាងទេពធីតាជួយថែសំអាត ទាំងសមរម្យគ្នានឹងប្រពន្ធនោះណាស់ ។ ទាល់តែល្បីកេរ្តិ៍ឈ្មោះទៅថា ចៅកំជិលខ្សាច់បាននាងទេពធីតាជាភរិយាល្អសមគ្នាណាស់ ។ គ្រានោះពួកមន្ត្រីសេនាបតីជាដើម ក៏បានទទួលបានសេចក្ដីសុខពេញមួយឆ្នាំ ។
– នៅពេលចូលថ្ងៃទី ២ នៃបុណ្យចូលឆ្នាំខ្មែរ គេហៅថ្ងៃនោះ ថាជា វារៈវ៍នបត ប្រជាជននាំគ្នាទៅវត្ដអារាមដើម្បីយក ចង្ហាន់ នំចំណី ផ្លែឈើ ទៅប្រគេនព្រះសង្ឃ ។ លើសពីនេះទៅទៀត ក៏មានការរៀបចំលេងល្បែងប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង និងមានការច្រៀងរាំបទចម្រៀងប្រពៃណី ផងដែរ នៅតាមវត្ដអារាម និង តាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា។
– ថ្ងៃទី ៣ ជាថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំ គេហៅថា វារៈឡើងស័ក ឬ ថ្ងៃឆ្លង ។ នៅថ្ងៃនោះ គេតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធ នៅតាមវត្ដអារាម ដើម្បីសុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរដែរ ៕
អត្ដន័យនៃបុណ្យចូលឆ្នាំខ្មែរ
តើជនជាតិខ្មែរនិយមចូលឆ្មាំថ្មី នៅថ្ងៃ ខែឆ្នាំណា ?
រាល់ឆ្នាំ ជនជាតិខ្មែរនិយមរៀបចំពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅថ្ងៃទី ១៣ ខែមេសា (យូរៗម្ដង ថ្ងៃទី ១៤ ខែ មេសា) ត្រូវនឹងខែ ចេត្រ នៃចន្ទគតិ ។ ដោយសារប្រទេសខ្មែរបានទទួលឥទ្ធិពលសាសនាព្រាហ្មណ៍ (លទ្ធិហ៊ីនឌូ) ទើបជនជាតិខ្មែរនៅតែបន្តប្រើប្រាស់ក្បួនគម្ពីរ សាស្ត្រាបុរាណរបស់លទ្ធិព្រាហ្មណ៍ក្នុងការគិតគូររៀបចំធ្វើកិច្ចនានាខាងសាសនា ។ តាមក្បួនតារាសាស្ត្រ ឬហោរាសាស្ត្របុរាណនៃលទ្ធិព្រាហ្មណ៍ គេយល់ថាផ្ទៃមេឃមានរាងដូចជារង្វង់មូល និង នៅស្ងៀមមួយកន្លែងដូចជាផែនដីដែរ ។ គេយល់ថាព្រះអាទិត្យដើរជុំវិញផែនដីតាមគន្លងគោចរដែលមានរូបសណ្ឋានដូចជារង្វង់ ទើបពួកគេហៅថា រាសីចក្រ ឬ ចក្ររាសី (រង្វង់រាសី) ដែលត្រូវនឹងមួយឆ្នាំ ។ ដោយសារតែពួកគេមើលឃើញនៅលើលំហមេឃមានផ្កាយ (តារា) ជាច្រើននៅក្បែរៗគ្នាហើយមានសណ្ឋានដូចជារូបផ្សេងៗ ដូចជារូបចៀមឬពពែឈ្មោល, គោឈ្មោល, រូបមនុស្សប្រុសស្រីពីរនាក់, ក្តាម, សិង្ហ, ស្រីក្រមុំ, ជញ្ជីង, ខ្ទួយ, ធ្នូ, ត្រីមករ (ត្រីថ្ករ ឬ ត្រីឆ្លាមមករ), ក្អម, និង ត្រី ដូច្នេះហើយទើបពួកគេដាក់ឈ្មោះបណ្តុំផ្កាយ (នក្ខត្តឫក្ស ឬ នក្សត្រ) ទាំងនោះតាមរូបភាពស្រដៀងទាំងនោះ ។ ពួកគេចែកផ្ទៃមេឃជា ១២ ចំណែក ឬ ល្វែង(រាសី) ដោយដាក់ឈ្មោះចំណែកនីមួយៗស្របតាមរូបរាងនៃបណ្តុំផ្កាយ ដូចជា មេសៈ ឬមេសរាសី, ឧសភៈ ឬឧសភរាសី, មិថុនៈ ឬមិថុនរាសី, កក្កដៈ ឬកក្កដរាសី, សីហៈ ឬសីហរាសី, កញ្ញា ឬកញ្ញារាសី, តុលា ឬតុលារាសី, វិច្ឆិកៈ ឬវិច្ឆិករាសី, ធនុ ឬធនុរាសី, មករៈ ឬមកររាសី, កុម្ភៈ ឬកុម្ភរាសី និង មីនៈ ឬមីនរាសី ។ ដោយសារតែពួកគេកំណត់យកមេសរាសី (ខែ មេសា) ជារាសីទីមួយ ទើបជនជាតិខ្មែរចាប់គិតថាខែ ចេត្រ ជាខែទីមួយនៃឆ្នាំថ្មី ហើយក៏ប្រារព្ធធ្វើកិច្ចចូលឆ្នាំថ្មីនៅខែ ចេត្រ តាមលំអានរៀងមក ។ នេះគឺដោយសារខ្មែរប្រើក្បួនគិតថ្ងៃតាមសុរិយគតិ ។ បើតាមក្បួនចន្ទគតិ ខែ មិគសិរ គឺជាខែទីមួយនៃឆ្នាំថ្មី ។ តាមក្បួនសុរិយគតិរបស់លទ្ធិព្រាហ្មណ៍ គេគិតថានៅខែ មេសា ព្រះអាទិត្យចរចេញពីមីនរាសី (Mina Rashi បណ្តុំផ្កាយរាងដូចត្រី) ចូលទៅកាន់ មេសរាសី (Mesa Rashi បណ្តុំផ្កាយរាងដូចចៀមឬពពែឈ្មោល) ។ ការចរចេញរបស់ព្រះអាទិត្យពីរាសីមួយទៅកាន់រាសីមួយហៅថា សង្ក្រាន្ត ឬ សង្ក្រាន្តិ (sankranti) ។ ក្នុងមួយឆ្នាំមាន ១២ សង្ក្រាន្ត ។ ដោយសារតែពួកព្រាហ្មណ៍កំណត់យក មេសរាសី ជារាសីទីមួយ (រាសីតំបូង, រាសីក្បាល, រាសីធំ ឬ មហារាសី)ទើបគេហៅសង្ក្រាន្តនៅខែ មេសា ថា មហាសង្ក្រាន្ត គឺដំណើរឆ្លងកាត់របស់ព្រះអាទិត្យ ពីចក្ររាសីនៃឆ្នាំចាស់ ទៅកាន់ចក្ររាសីនៃឆ្នាំថ្មី ។ សព្វថ្ងៃ ខ្មែរនៅបន្តប្រើប្រាស់ក្បួនគិតថ្ងៃខែតាមវិធីចន្ទគតិ និង សុរិយគតិ សម្រាប់ការរៀបចំកិច្ចខាងសាសនា ប៉ុន្តែសម្រាប់កិច្ចការរាជការ ខ្មែរបែរមកប្រើក្បួនគិតថ្ងៃខែឆ្នាំតាមគ្រិស្តសាសនា ដូចបណ្តាប្រទេសទាំងឡាយនៅលើសាកលលោកដែរ ដែលយើងនាំគ្នាហៅថា ឆ្នាំសាកល ឬ គ្រិស្តសករាជ ។
តាមទម្លាប់ ជនជាតិខ្មែរនិយមរៀបចំចូលឆ្នាំចំនួន ៣ ថ្ងៃគឺ ៖ ថ្ងៃទី១ ជាថ្ងៃចូលឆ្នាំ, ថ្ងៃទី ២ ជាថ្ងៃ (វារៈ) វនបត, ថ្ងៃទី ៣ ជាថ្ងៃឡើងស័ក ។ ជនជាតិណាក៏ប្រារព្ឋធ្វើបុណ្យ ចូលឆ្នាំថ្មីរបស់ គេដែរ ។ ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ ព្រោះយើងយល់ថាបុណ្យចូលឆ្នាំថ្មី មានអត្ថន័យជ្រាលជ្រៅ ។ ខ្មែរមានជំនឿថា ក្នុងមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល ឧបទ្រព្យចង្រៃផ្សេងៗ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ន ជួនកាលមានជំងឺរូបរឹតរាងកាយ ជូនកាលទៀត បានប្រព្រឹត្ដអំពើសៅហ្មង មិនគប្បី ។ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ដ ដើម្បីឲ្យអស់កង្វល់ ហើយឲ្យមានសិរីសួស្ដី មានសិរីសូស្ដីមានសុភមង្គលនៅក្នុងឆ្នាំថ្មី ។
ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ពួកគេបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ទៅប្រករបរចិញ្ចឹមជិវិតនៅទីឆ្ងាយ ៗ ។ លុះដល់ឆ្នាំថ្មី គេបានវិលមកជូបជុំគ្នា សូរសុខទុក្ខគ្នា ដើម្បីបន្ឋូរការនឹករឭក និងបំបាត់ការនឿយហត់ពីការងារផង ។ រួចទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកបរបរដោយជោគជ័យ និង អាយុយឺនយូរ ។ ម្យ៉ាងទៀត ពិធីបុណ្យចូលឆ្នាំថ្មីគឺជាប្រពៃណីអាចបណ្ដុះស្មារតីស្រឡាញ់រាប់អានគ្នារវាងអ្នកភូមិស្រុកជិតខាងគ្នា ជាកត្ដាបង្កើតសាមគ្គីភាពជាតិ ។ ហេតុនេះហើយ ទើបនៅពេលនោះ គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុណ្ណោះទេ តែគេនាំគ្នាទៅធ្វើបុណ្យនៅវត្ដអារាម ដែលជាមជ្ឈមណ្ឌលអប់រំឲ្យមានការមនុស្សធម៌ និង សាមគ្គីភាព ។ ដោយសារពីធីបុណ្យចួលឆ្នាំថ្មី មានអត្ថន័យធំធេងយ៉ាងនេះ ទើបខែ្មរយើងនិយមរាប់អានទុកជាប្រពៃណីជាតិតាំងពីដើមរហូតមក៕
ដោយ : សិលា