ខេត្តសៀមរាប ៖ បើតាមរបាយការណ៍វាយតម្លៃរបស់លេខាធិការដ្ឋាន គណៈបញ្ជាការការពារព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ដែលក្រុមការងារគេហទំព័រ និងព័ត៌មានអគ្គការដ្ឋាននគរបាលជាតិ ទទួលបាននៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា, បរិយាកាសសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតែត្រូវបានធានាយ៉ាងល្អប្រសើរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។
របាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «បរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ គឺនៅតែរក្សាបានស្ថានភាពល្អប្រសើរ ដោយក្នុងនោះ សមត្ថកិច្ចជំនាញមកពីគ្រប់សមាសភាពពាក់ព័ន្ធនៅក្នុងផែនការ បានសហការគ្នាយ៉ាងជិតស្និទ្ធ ធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្សាន្ដយ៉ាងច្រើនកុះករ»។
ដោយឡែកពាក់ព័ន្ធសភាពការណ៍ចរាចរណ៍ពិនិត្យឃើញថា កាន់តែមានភាពមមាញឹក និងមានការកកស្ទះដោយកន្លែង ជាពិសេសគឺកន្លែងប្រារព្ធពិធីក្នុងតំបន់អង្គរតូច ប្រាសាទបាយ័ន និងផ្លូវចូលទៅកាន់តំបន់អង្គរ។ ជាដំណោះស្រាយចំពោះបញ្ហានេះ សមត្ថកិច្ចពាក់ព័ន្ធប្រចាំការនៅតាមគោលដៅ បានសហការគ្នាធ្វើការសម្រួលចរាចរណ៍តាមជំនាញ និងស្ថានភាពជាក់ស្តែងនៅពេលមានការកកស្ទះ។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រចាំការជាប់ជាប្រចាំ នៅបន្ទប់ត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពដែលបានបំពាក់នៅតាមទីតាំងសំខាន់ៗ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដនេះ ជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីតាមដានសភាពការណ៍ សន្ដិសុខ សណ្ដាប់ធ្នាប់ និងដឹកនាំបញ្ជាឲ្យផ្ទាល់។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតិឲ្យរៀបចំកម្មវិធីអង្គរសង្ក្រាន្ដឡើងវិញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ ដោយឡែក សម្រាប់តាមបណ្ដារាជធានី-ខេត្តផ្សេងៗទៀត ក៏បានរៀបចំសង្ក្រាន្ដរបស់ខ្លួនផងដែរ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕
ដោយ : សហការី