ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ មានពលរដ្ឋប្រមាណជាង ៤០ ០០០នាក់ បានទទួលសេវាការធ្វើដំណើរ តាមរថយន្តក្រុងរបស់ សាលារាជធានីភ្នំពេញដោយឥតគិតថ្លៃ ដើម្បីដើរកម្សាន្ត និងទៅលេងស្រុកកំណើតតាមបណ្តាខេត្ត នៅក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ។ នេះបេីយោងតាមរបាយការណ៍បឋមពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងរាជធានីភ្នំពេញ។
ជាក់ស្ដែងប្រជាពលរដ្ឋមកពីបណ្ដាខេត្តជាច្រេីន បាននិយាយថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះ ពួកគាត់បានសូមថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្តល់រថយន្តក្រុងធ្វើដំណើរទាំងទៅទាំងមកដោយឥតគិតថ្លៃ ដែលបានជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋម្នាក់ៗបានប្រមាណពី៣០០០០រៀល ទៅ៨០០០០រៀល។
តាមរយៈរថយន្តក្រុងនេះ ក៏បានរួមចំណែកទប់ស្កាត់រថយន្តឈ្នួលឯកជន ដែលតែងតែយកឱកាសនេះដំឡើងថ្លៃខ្ពស់ហួសហេតុពីការធ្វើដំណើរនេះផងដែរ។
បើតាមការបញ្ជាក់ពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងរាជធានីភ្នំពេញ បានឱ្យដឹងថា ឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះ រដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តក្រុងCity Bus ចំនួន៣៤៥គ្រឿង ក្នុងនោះក្នុងរាជធានីភ្នំពេញ៧០គ្រឿង និងដឹកអ្នកដំណើរទៅមកតាមបណ្តាខេត្តចំនួន ២៧៥គ្រឿង។
សូមបញ្ជាក់ថា ការដឹកក្នុងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសានេះ គឺមានអ្នកដំណើរទៅទទួលសេវាជិះពេញៗ ហើយគ្រប់អ្នកធ្វើដំណើរមានទឹកមុខសប្បាយរីករាយ ជាមួយនឹងខិតខំផ្តល់សេវាល្អ ការធ្វើបដិសណ្ឋារកិច្ចល្អពីតៃកុងឡាន និងមន្ត្រីបំរើការក្នុងរថយន្តក្រុង៕ដោយ៖សហការី