កាលពីថ្ងៃទី១៩ ខែមិថុនា ពលរដ្ឋជប៉ុនរាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនឹងវត្តមានយោធាអាមរិក
សារព័ត៌មាន AP បានផ្សាយថា ក្រុមបាតុករបានអំពាវនាវឲ្យរដ្ឋាភិបាលត្រួតពិនិត្យឡើងវិញនៅកិច្ចព្រមព្រៀងសន្តិសុខអាមេរិកនិងជប៉ុន ដែលបានប្រែក្លាយកោះអូគីណាវ៉ាទៅជាទីតាំងស្នាក់នៅរបស់ទាហ៊ានអាមេរិក។ កោះអូគីណាវ៉ាធ្លាប់ជាសមរភូមបង្ហូឈាមក្នុងសង្គ្រាមលោកលើកទី២ ។
កាលពីឆ្នាំ១៩៩៥ និស្សិតស្រីអាយុ១២ឆ្នាំត្រូវបានកម្លាំងទាហ៊ានអាមេរិក៣នាក់ចាប់រំលោភនៅអូគីណាវ៉ានោះដែរបង្ករឲ្យមានមហាបាតុកម្មកើតឡើង។
កោះអូគីណាវ៉ា ដែលមានដាក់តាំងមូលដ្ឋានទ័ពអាមេរិកប្រមាណជា ៧៥ភាគរយ និងមានវត្តមានទ័ពអាមេរិកចំនួន ២៥,០០០នាក់ក្នុងចំណោមវត្តមានទ័ពអាមេរិកសរុបទាំង ៤៧,០០០នាក់នៅក្នុងទឹកដីជប៉ុនគឺមានតាំងពីក្រោយការបិទបញ្ចប់សង្រ្គាមលោកលើកទី២ ក្នុងឆ្នាំ១៩៤៥ មកម្ល៉េះ ចុះហេតុអ្វីបានជាទើបកើតមានភាពចម្រូងចម្រាសជាង ១០ឆ្នាំកន្លងទៅនេះទៅវិញ ពិសេសហេតុអ្វីបានជាប្រជាជនកោះអូគីណាវ៉ាបញ្ចេញកំហឹងប្រឆាំងនឹងវត្តមានទ័ពអាមេរិកកាន់តែខ្លាំងឡើងៗនាពេលនេះ?
មានហេតុផលសំខាន់ចំនួន២គឺទី១-មកពីមានបន្ទាយទាហ៊ានខ្លះស្ថិតក្បែរទីប្រជុំជនខ្លាំងពេក ពិសេសបន្ទាយទាហ៊ានទ័ពអាកាសដែលសម្លេងឡើងចុះរបស់យន្តហោះបានធ្វើឲ្យរំខានការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកោះអូគីណាវ៉ា និងទី២-មកពីមានការកើតឡើងនូវទង្វើ និងអកប្បកិរិយាខុសឆ្គងកាន់តែច្រើនរបស់ទាហ៊ានអាមេរិកនៅកោះ អូគីណាវ៉ា ពិសេសគឺការចាប់រំលោភ និងសម្លាប់។ រឿងរ៉ាវរំលោភ និងសម្លាប់បានផ្ទុះដំបូងក្នុងឆ្នាំ១៩៩៥ ដែលមានទាហ៊ានអាមេរិក៣នាក់បានចាប់ជំរិតរួចរំលោភលើក្មេងស្រីជប៉ុនអាយុ១២ឆ្នាំម្នាក់។ នៅដំណាច់ខែមេសាកន្លងទៅថ្មីៗនេះ មានស្រ្តីកោះអូគីណាវ៉ាម្នាក់អាយុ២០ឆ្នាំត្រូវបានទាហ៊ានអាមេរិកចាប់រំលោភរួចសម្លាប់ចោល។
នេះគឺទង្វើដ៏ព្រៃផ្សៃច្រំដែលរបស់ទាហ៊ានអាមេរិក របៀបនេះហើយដែលបានធ្វើឲ្យប្រជាជនកោះអូគីណាវ៉ា ធុញទ្រាន់និងពិបាកទ្រាំមើលវត្តមានទ័ពអាមេរិកក្នុងទឹកដីរបស់ខ្លួនជាបន្តទៀត។ នៅក្នុងបាតុកម្មជាថ្មីថ្ងៃនេះប្រជាជនកោះអូគីណាវ៉ា បានទាមទារឲ្យបិទបន្ទាយនិងដកទ័ពអាមេរិកចេញពីកោះអូគីណាវ៉ា៕
ប្រែសម្រួល៖ សាធី