“មានយានយន្តជាង ១៥០ពាន់គ្រឿង មិនទាន់បានឆៀក និងបណ្ណបើកបរជាង ៣០០ពាន់បណ្ណ ហួសសុពលភាព”

ចែករំលែក៖

ភ្នំពេញ : “មានយានយន្តជាង ១៥០ពាន់គ្រឿង មិនទាន់បានឆៀក និងបណ្ណបើកបរជាង ៣០០ពាន់បណ្ណ ហួសសុពលភាព” ប្រសាសន៍ លោកទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន ក្នុងពិធីសម្ពោធមណ្ឌលឆៀកថ្មី តាមបណ្តោយផ្លូវហាណូយ

សូមបញ្ជាក់ថា ៖ ថ្ងៃសុក្រ ២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) របស់ក្រុមហ៊ុន ខេមបូឌា ម៉ូធ័រវីហ៊ីឃល អ៊ិនស្អេកសិន ខមភេនី (CMVIC) សាខាសំរោងអណ្តែត មានទីតាំងស្ថិតនៅលើផ្លូវហាណូយ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលក្នុងពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន CMVIC ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។

មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តថ្មី របស់ក្រុមហ៊ុន CMVIC សាខាសំរោងអណ្ដែត សាងសង់លើផ្ទៃដីទំហំ ៥ ៥៦២ ម៉ែត្រក្រឡា មានគន្លងសម្រាប់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំនួន ២ខ្សែ ដោយបានតភ្ជាប់ជាមួយកម្មវិធីឆៀកជំនាន់ទី២ ដែលមានសមត្ថភាពអាចឆៀករថយន្តបានគ្រប់ប្រភេទ។ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តថ្មីនេះ មានរៀបចំបន្ទប់រដ្ឋបាលសម្រាប់មន្ត្រីជំនាញ បន្ទប់ការិយាល័យសម្រាប់បុគ្គលិកក្រុមហ៊ុន និងបន្ទប់រងចាំសម្រាប់ម្ចាស់យានជំនិះ ដែលមកទទួលសេវាឆៀកផងដែរ។

លើកឡើងក្នុងពិធីសម្ពោធ លោកទេសរដ្ឋមន្ត្រី បានធ្វើការអំពាវនាវសារជាថ្មីទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមយកយានយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទៀងទាត់ និងទាន់ពេលវេលា ដើម្បីឱ្យយានយន្តមានសុវត្ថិភាពក្នុងពេលធ្វើដំណើរនៅតាមដងផ្លូវ ដែលបច្ចុប្បន្នមានយានយន្តជាង ១៥៣ពាន់គ្រឿង មិនទាន់បានឆៀក។ ជាមួយគ្នានេះ ចំពោះបងប្អូនអ្នកបើកបរ ដែលមានបណ្ណបើកបរផុតសុពលភាព ដែលបច្ចុប្បន្នមានចំនួនប្រមាណជាង ៣៤៦ពាន់បណ្ណ ត្រូវមកប្ដូរបណ្ណបើកបររបស់ខ្លួនឱ្យស្របតាមច្បាប់កំណត់ ដើម្បីចៀសវាងការផាកពិន័យ។ ចំពោះការទទួលសេវាទាំងនោះ បងប្អូនអាចអញ្ជើញមកមណ្ឌលផ្ដល់សេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានទីតាំងក្នុងទីស្តីការក្រសួង និងតាមផ្សារទំនើបមួយចំនួនក្នុងរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងក្រុងសៀមរាប ដើម្បីទទួលសេវាដោយផ្ទាល់ ជៀសវាងការចំណាយក្រៅផ្លូវការ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ ជាពិសេសលើវិស័យសាធារណការ និងដឹកជញ្ជូន ក្នុងនោះផ្លូវជាតិ ផ្លូវខេត្តសំខាន់ៗ ត្រូវបានលើកកម្រិតជាបន្តបន្ទាប់ ឱ្យកាន់តែមានភាពប្រសើរឡើង បម្រើឱ្យប្រយោជន៍ប្រជាពលរដ្ឋទាំងមូល។ ជាមួយគ្នានេះដែរ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលនឹងក្លាយជាផ្លូវល្បឿនលឿនខ្សែទី២ នៃព្រះរាជាណាចក្រកម្ពុជា នឹងប្រារព្ធពិធីបើកការដ្ឋាននៅថ្ងៃទី០៧ មិថុនា ២០២៣ ក្រោមអធិបតីភាព សម្តេចតេជោ នាយករដ្ឋមន្ត្រី។

 

សូមជម្រាបជូនថា៖ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៥ ដែលបានទទួលអាជ្ញាបណ្ណអនុញ្ញាតឱ្យធ្វើអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនោះរួមមាន៖ (១)ក្រុមហ៊ុន CMVIC មានចំនួន ១៩ទីតាំង (២) ក្រុមហ៊ុន HK Car Inspection មានចំនួន ១ទីតាំង (៣) ក្រុមហ៊ុន Future Automobile Inspection (FAI) មានចំនួន ១ទីតាំង (៤) ក្រុមហ៊ុន So Brothers Co.,Ltd មានចំនួន ១ទីតាំង និង (៥) ក្រុមហ៊ុន Auto Checks Expert មានចំនួន ១ទីតាំង ស្ថិតនៅទីរួមខេត្តតាកែវ គ្រោងនឹងបើកដំណើរការនៅពេលឆាប់ៗ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print