ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ ជាជនជាតិចិន៥ នាក់ ពាក់ពន្ធករណីចាប់ជម្រិតទារប្រាក់ពីជនជាតិចិនដូចគ្នាប្រមាណ១០លានដុល្លារអាមេរិក ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
ការសម្រេចឃុំខ្លួនជនត្រូវចោទទាំង៥ នាក់ ខាងលើនេះបន្ទាប់ពីតំណាងអយ្យការ បានធ្វើការចោទប្រកាន់ពួកគេពីបទ.បង្ខាំងមនុស្សដោយខុសច្បាប់ បទ. ធ្វើទារុណកម្មដើម្បីជម្រិតទារប្រាក់ និងបទ.កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ។
សំណុំរឿងបទឧក្រឹដ្ឋខាងលើនេះត្រូវបានលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរលើជនសង្ស័យជាជនជាតិចិនទាំង៥ នាក់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ពាក់ពន្ធករណីចាប់ជនជាតិចិនដូចគ្នាជម្រិតទារ ប្រាក់ប្រមាណ១០លានដុល្លារអាមេរិកនោះ ។ ក្រោយពីសាកសួរត្រូវបានបញ្ចប់តំណាងអយ្យការសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការ រួចបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំបើកសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់ ។
សូមជម្រាបថា មុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ២ ថ្ងៃ មានករណីចាប់បង្ខាំងជនជាតិចិនម្នាក់ ដើម្បីជំរិតទារប្រាក់ប្រមាណ១លានដុល្លារអាមេរិក នៅចំណុចចំណតរថយន្តនៃអគារស្នាក់នៅស្កាយវីឡា ដែលមានអាសយដ្ឋានអាគារលេខ១៩២ ផ្លូវ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយត្រូវកម្លាំងនគរបាលស្រាវ ជ្រាវបង្ក្រាបបានឧក្រិដ្ឋជនជនជាតិចិនដូចគ្នាចំនួន៧ នាក់ នៅពីរគោលដៅផ្សេងគ្នា ក្នុងខណ្ឌដង្កោ ខណៈក្រុមគ្រួសារជនរង គ្រោះ សូមស្នើឲ្យតុលាការផ្តន្ទាទោសជនសង្ស័យតាមច្បាប់ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចឲ្យបណ្ដាញព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នេះ ឲ្យដឹងថា ករណីចាប់បង្ខាំងដើម្បីជំរិតទារប្រាក់១០លានដុល្លាអាមេរិករនេះ បានកើតឡើងនៅម៉ោង២យប់រំលងអាធាត្រ ចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ។
ពេលនោះក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ បានប្រើប្រាស់រថយន្តម៉ាក Vellfire ពាក់ផ្លាកលេខភ្នំពេញ 2BQ-0560 (ផ្លាកលេខក្លែងក្លាយ) និងផ្លាកលេខភ្នំពេញ 2BT-1768 ប្រដាប់ដោយអាវុធគ្រប់ដៃ។
បន្ទាប់ពីបានទទួលបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានចារកម្ម និងនាយកដ្ឋានកណ្ដាលសន្តិ សុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថ កិច្ចពាក់ព័ន្ធ បានប្រតិបត្តិការបង្ក្រាបករណីនេះនៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចពីគោលដៅផ្សេងពីរគ្នា រួមមាន ៖
គោលដៅទី១.បុរីមួយកន្លែង នៅផ្លូវ៦០ម៉ែត្រ ផ្លូវសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
គោលដៅទី២.បុរីមួយកន្លែង នៅផ្លូវ៥០ម៉ែត្រ ផ្ទះលេខ១៨ ផ្លូវលេខM26 សង្កាត់ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅក្នុងប្រតិបតិ្តការនេះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់ វត្ថុតាងដកហូត ៖
គោលដៅទី១.រថយន្ដម៉ាក Alphard ពណ៌ស ផ្លាកលេខភ្នំពេញ 2BZ-9995 ចំនួន១គ្រឿង.រថយន្ដម៉ាក Alphard ពណ៌ខ្មៅ ផ្លាកលេខតាកែវ 2D-8888 ចំនួន១គ្រឿង. ផ្លាកលេខរថយន្ដ (មុខក្រោយ) ១គូលេខ ភ្នំពេញ 2BQ-0560. កាំភ្លើងវែង១ដើម មានបង់២. កាំភ្លើងខ្លី ១ដើម មានបំពាក់ឧបករណ៍ខ្ទប់សំលេង, បង់ចំនួន១. គ្រាប់កាំភ្លើងវែងខ្លីមួយចំនួន គ្រាប់បែក១ (ប្រគល់ជូនCMAC). កូនកាំបិត២.ខ្នោះដៃ៣គូ, វិទ្យុទាក់ទងចំនួន៣គ្រឿង.ទូរដែកចំនួន១.ទូរស័ព្ទដៃ២គ្រឿង. កាតសម្គាល់ខ្លួន២. អាវការពារគ្រាប់ចំនួន១ និងឯកសារមួយចំនួនទៀត ។
តាមការបញ្ជាក់ពីមន្ត្រីនគរបាល បានប្រាប់អោយដឹងថា ក្នុងចំណោមជនសង្ស័យទាំង៧នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ ខណៈ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានចារកម្ម និងនាយកដ្ឋានកណ្ដាលសន្តិ សុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស៊ើបអង្កេត និងសួរចម្លើយ មានជនសង្ស័យ២នាក់ដែលមិនពាក់ព័ន្ធបទល្មើសខាងលើនេះទេ គ្រាន់តែជាអ្នកស្គាល់គ្នាជាមួយក្រុមជនត្រូវចោទដែលត្រូវបានចៅក្រមសម្រេចឃុំខ្លួន លក្ខណៈមិត្តភក្តិ ហើយពួកគេទាំង២នាក់កំពុងស្ថិតនៅជាមួយក្រុមជនល្មើស ខណៈសមត្ថកិច្ចកំពុងចុះបង្រ្កាប៕ ដោយ រ៉ារ៉ា