ភ្នំពេញ÷គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ក្រោមអធិបតីភាពលោក នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ច ប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការចុះបញ្ជីគណបក្សនយោ បាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ការប្តឹងតវ៉ា និងការដោះស្រាយពាក្យបណ្តឹង។
លោក នុត សុខុម អនុប្រធាន គ.ជ.ប បានបញ្ជាក់ជូនថា តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរ ឈ្មោះ មានរយៈពេល ១៥(ដប់ប្រាំ) ថ្ងៃចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។
លោកអនុប្រធានបានបន្តថា ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅ គ.ជ.ប។ ប្រធានគណ បក្សនយោបាយ ឬតំណាងដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ ត្រូវចុះហត្ថលេខា លើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេច។
លោក នុត សុខុម បានជម្រាបជូនដល់ភាគីពាក់ព័ន្ធអំពីនីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ អំពីភាពមានសិទ្ធិឈរឈ្មោះជាបេក្ខជន និងភាពគ្មានសិទ្ធិឈរ ឈ្មោះជាបេក្ខជន។ ការដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទ សម្រាប់មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរ-ភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបព្វជិតសាសនា ដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទ រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាស្ថាពរ។
លោកអនុប្រធានគ.ជ.ប.បន្តថា គ.ជ.ប ត្រូវពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះក្នុងរយៈពេល យ៉ាងយូរ ៧ (ប្រាំពីរ) ថ្ងៃ បន្ទាប់ពីទទួលបានពាក្យស្នើ សុំ។ ចំពោះការប្តឹងតវ៉ា និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោត លោកនុត សុខុម មានប្រសាសន៍ថា សាមីគណបក្សនយោបាយ ឬតំណាង អាចប្តឹងតវ៉ា ជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈ ពេលយ៉ាងយូរ ៥(ប្រាំ)ថ្ងៃ បន្ទាប់ពីថ្ងៃទទួលបានសេចក្តី សម្រេចបដិសេធដោយ គ.ជ.ប លើបញ្ជីបេក្ខជននៃគណបក្សនយោបាយរបស់ខ្លួន។ គណបក្សនយោបាយអាចប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញតាមនីតិវិធី។
លោក នុត សុខុម បានមានប្រសាសន៍ទៀតថា បន្ទាប់ពីបានបញ្ឈប់ការចុះបញ្ជី គណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ឬ/និងក្រោយពេលដែលពាក្យបណ្តឹងតវ៉ាត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ គ.ជ.ប ត្រូវបិទផ្សាយបញ្ជីរាយនាមគណបក្ស នយោបាយទាំងអស់ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះផ្លូវការតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្ត របស់គណបក្សនយោបាយទាំងនោះក្នុង រយៈពេលយ៉ាងតិច ៣០ (សាមសិប) ថ្ងៃ មុនថ្ងៃបោះឆ្នោត៕