ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះថា៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានចុះស្រាវជ្រាវ បង្រ្កាបនិងចាប់ឃាត់ខ្លួនជនជាតិចិន៥នាក់ ជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នា នៅចំណុចផ្ទះជួលមួយកន្លែង ផ្លូវបេតុងក្រោយក្រុមហ៊ុនផ្ញើឥវ៉ាន់ ជេ.អេន.ធី អ៊ិចប្រេស (ឃ្លាំងលើ) ក្រុមទី៨ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខណៈជនរងគ្រោះម្នាក់ត្រូវបានរំដោះចេញដោយសុវត្ថិភាព។
លោកស្នងការខេត្ត បានបន្ថែមថា កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានព័ត៌មានកាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ថា មានករណី ចាប់ឃុំឃាំងបង្ខាំងមនុស្សខុសច្បាប់ជំរិតទារប្រាក់ មួយបានកើតឡើង។ ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលសង្កាត់លេខ១ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានទីតាំងដែលក្រុមជនសង្ស័យចាប់បង្ខាំងជនរងគ្រោះ។ ពេលចុះទៅដល់ទីតាំងកើតហេតុ បានឃើញជនរងគ្រោះជាបុរសជនជាតិចិនម្នាក់ ដៃជាប់ខ្នោះជាមួយបង្កាន់ដៃជណ្តើរផ្ទះ និងធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិន ចំនួន២នាក់ ដែលព្យាយាមរត់គេចខ្លួនពីកន្លែងកើតហេតុ។
ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ទើបធ្វើការចាប់ឃាត់ខ្លួនបានបក្ខពួកជនសង្ស័យចំនួន៣នាក់បន្ថែមទៀត នៅចំណុចខុនដូរមួយកន្លែង ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
ជាក់ស្ដែងកម្លាំងសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន៥នាក់ ក្នុងនោះ វត្ថុតាងចាប់យកបានរួមមាន អាវុធខ្លីចំនួន២ដើម, បង់អាវុធចំនួន២, គ្រាប់ចំនួន២៦គ្រាប់, លិខិតឆ្លងដែនចំនួន៣ក្បាល, ទូរស័ព្ទដៃចំនួន៧គ្រឿង, ខ្នោះដៃចំនួន២គូ, ដំបងដែកមូលភ្ជាប់កូនកាំបិត១ដើម, ថ្នាំគ្រាប់ និងម្សៅក្រាមសថ្លា (សង្ស័យជាសារធាតុញៀន) មួយចំនួន, សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន និងរថយន្ត១គ្រឿង ម៉ាក MERCEDES C300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BU-9876 (មធ្យោបាយជិះធ្វើសកម្មភាព)។
បច្ចុប្បន្នជនសង្ស័យជាជនជាតិចិនទាំង ០៥នាក់នេះ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីទៅតាមច្បាប់៕ដោយ៖សហការី